(វ៉ាស៊ីនតោន, អាមេរិក)៖ នៅវេលាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅវ៉ាស៊ីនតោន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់កិត្តិយសពិសារអាហារពេលព្រឹកជាមួយ លោក ម៉ក់ ហឺន និងអ្នកវិភាគលើបណ្តាញសង្គមមួយចំនួនទៀត ដែលកំពុងរស់នៅសហរដ្ឋអាមេរិក។

លោក ម៉ក់ ហឺន ក៏ដូចជាអ្នកវិភាគតាមបណ្តាញសង្គមដទៃទៀត បានបង្ហាញនូវក្តីរីករាយជាខ្លាំង ចំពោះការទទួលនូវកិត្តិយសដ៏ធំធេងពីសម្តេចតេជោ ទទួលទានអាហារពេលព្រឹកជាមួយ។ លោក ម៉ក់ ហឺន បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏សាមញ្ញមួយរូប ហើយផ្តល់តម្លៃទស្សនៈមតិរបស់ខ្មែរគ្រប់រូប ក្នុងការរួមចំណែកដល់ការកសាងសង្គមកម្ពុជា។

សូមបញ្ជាក់កាលពីយប់ថ្ងៃទី១០ ខែឧសភា (ម៉ោងនៅវ៉ាស៊ីនតោន) ពេលអញ្ជើញដល់ក្រុងវ៉ាស៊ីនតោនភ្លាម សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឱ្យលោក ម៉ក់ ហឺន និងអ្នកវិភាគលើបណ្តាញសង្គមមួយចំនួនទៀត បានចូលជួបជជែកសួរសុខទុក្ខ និងពិភាក្សាការងារមួយចំនួនផងដែរ។

ក្នុងជំនួបគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវសេចក្តីនឹករលឹកជាពន់ពេក ចំពោះលោកពូម៉ក់ ហឺន និងភរិយា ដ៏ដូចជាក្រុមវិភាគសង្គមទាំងអស់ ដែលរស់នៅសហរដ្ឋអាមេរិក បានតាមដានជាប់ជាប្រចាំចំពោះសភាពការនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ពីសម័យកាលមួយទៅកាន់សម័យកាលមួយ ពិសេសក្រោយពេលដែលកម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុង ក្រោមការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ នយោបាយឈ្នះ ឈ្នះ បាននាំកម្ពុជាខ្ពស់មុខ ខ្ពស់មាត់ ស្មើសិទ្ធស្មើភាព ជាមួយនិងបណ្តាប្រទេសទាំងអស់លើសកលលោក មិនថាប្រទេសតូច ប្រទេសធំ មានរឺក្រនោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា បើទោះបីជាមិនដែលបានជួបមុខគ្នា ក៏ពិតមែន ប៉ុន្តែសម្តេចបានស្តាប់នូវរាល់សម្លេងអ្នកវិភាគទាំងអស់ ដើម្បីរូបសម្តេចបានដឹកពីអ្វីដែលជាការចង់បាន ការតិៈទានលើការដឹកនាំរបស់បុគ្គលនយោបាយ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាមន្រ្តីរាជរដ្ឋាភិបាល អ្នកណាធ្វើខុស អ្នកណាល្អ អ្នកណាអាក្រក់ ព្រោះយើងមិនមែនសុទ្ធល្អបានយើងទទួល អាក្រក់ទម្លាក់កំហុសទៅអ្នកដទៃ នោះប្រទេសជាតិមិនមានការរីកចំរើននោះទេ។

នៅចំពោះមុខសម្តេចតេជោនាយករដ្ឋមន្រ្តី លោក ម៉ក់ ហឺន និងភរិយា បានសំដែងនូវភាពក្តុកក្តួល ដោយបានជួបសម្តេចតេជោនាយករដ្ឋមន្រ្តីដោយផ្ទាល់ បើទោះបីជារូបសម្តេចមានកម្មវិធីមមាញឹកបែបណាក៏ដោយ។ លោក ក៏បានវាយតម្លៃខ្ពស់ពីកម្មវិធីនោយោបាយ និងការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានដឹកនាំជោគវាសនាអនាគតប្រទេសកម្ពុជា ឆ្លងកាត់ពីភ្នក់ភ្លើងសង្រ្គាម របបប្រល័យពូជសាសន៍ សង្រ្គាមផ្ទៃក្នុងរហូត កម្ពុជាទទួលបានសុខសន្តិភាពយ៉ាងពេញលេញ ក្រោយការប្រកាសដាក់ចេញនយោបាយឈ្នះ ឈ្នះ ពិសេសការដឹកនាំ និងកសាងប្រទេសកម្ពុជាមានការរីកចំរើន ក្នុងល្បឿនមួយយ៉ាងឆាប់រហ័សបំផុត មិនធ្លាប់មានពីមុនមក ចាប់តាំងពីរូបលោកដឹងក្តី រហូតដល់វ័យចំណាស់ក្នុងពេលបច្ចុប្បន្ននេះ៕