(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំដំរិល ដែលជាសប្បុរជនចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ពិធីនេះមានការចូលរួមពីសំណាក់ លោក លោកស្រី ដែលជាសមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំដំរិលផងដែរ។

ក្នុងឱកាសសំណេះសំណាលនេះ លោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណជាអនេកកប្បកាចំពោះប្រជាពលរដ្ឋ ក៏ដូចជាក្រុមការងារដែលចំណាយកម្លាំងកាយ ចិត្ត ធនធានថវិកា ចូលរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍មូលដ្ឋានឃុំដំរិល ដែលនេះសបញ្ជាក់អំពីស្មារតីសាមគ្គីភាព និងវប្បធម៌ចែករំលែកដែលជាគុណតម្លៃមួយ របស់ប្រជាជាតិខ្មែរមិនអាចកាត់ថ្លៃបាន។

លើសពីនេះទៀត ប្រធានក្រុមការងារ ក៏លើកចិត្តបងប្អូនបន្តសកម្មភាពនេះ និងធ្វើជាគំរូដល់ប្រជាពលរដ្ឋយើងដទៃទៀត ចូលរួមសាមគ្គីគ្នា ធ្វើអំពើល្អ និងប្រកាន់ភ្ជាប់នូវគុណធម៌ សីលធម៌ ជាពិសេសចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ មនុស្ស ផ្លូវ ទឹក ភ្លើង ឱ្យសម្រចបានជោគជ័យ៕