(កំពង់ឆ្នាំង)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២នេះ បានផ្តល់អំណោយមនុស្សធម៌ជូនដល់ ចាស់ឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រេីន និងកុមារកំព្រា ចំនួន ៣០៥គ្រួសារ រស់នៅក្នុងភូមិចំនួន២០ ឃុំចំនួន៤ នៃស្រុកកំពង់លែង និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ការអញ្ជើញចុះដល់ទីតាំងដោយផ្ទាល់នេះ ដេីម្បីកុំឱ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វេីដំណេីរឆ្ងាយមកប្រមូលផ្តុំ គ្នា, ពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌នេះ បានរៀបចំនៅទីតាំងចំនួន ៣កន្លែងផ្សេងគ្នា និងបានចុះដល់ខ្នងផ្ទះមួយចំនួនទៀតផង។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បាន សម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសផ្ញេីនូវក្តីនឹករលឹកចំពោះលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ដែលរស់នៅតំបន់នេះ ព្រោះថាតំបន់នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្លាប់បានអញ្ជេីញចុះមកសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់កាលពីពេលកន្លងទៅ។

លោកស្រីបានថ្លែងថា « ថ្វីបេីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានធុរៈ និងកិច្ចការងារជាច្រេីន ដែលមិនអាចអញ្ជេីញមកជួបលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ក៏ដោយ ក៏សម្តេចតែងតែផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទចុះពិនិត្យស្ថានភាពជាក់ស្តែង ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដេីម្បីដោះស្រាយជួយសម្រាលការលំបាកជូនដល់អ្នកដែលត្រូវការឱ្យជួយជាចាំបាច់ទាំងនោះ ឱ្យបានទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលឡេីយ»។

ក្នុងឱកាសនោះ លោកស្រីបានលេីកឡេីងថា «យុទ្ធសាស្ត្រផ្ការីកចាក់ស្រោចវ៉ាក់សាំង ដេីម្បីបង្កេីនភាពស៊ាំ ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស បានធ្វេីឱ្យប្រទេសកម្ពុជាយេីងទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ យេីងមិនមានការឆ្លងមេរោគកូវីដ-១៩ថ្មីឡេីយ ហេីយដែលនេះជាសញ្ញាបង្ហាញឱ្យឃេីញពីឱកាសក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការបេីកវិស័យទេសចរណ៍ និងទាក់ទាញការវិនិយោគទុនក្នុងប្រទេសជាដេីម។ បេីទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែអំពាវនាវសូមប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដោយត្រូវចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នាផងដែរ»

ជាមួយគ្នានេះ លោកស្រីក៏បានគូសបញ្ជាក់ពី វិនាសកម្មនៃសង្គ្រាមដែលធ្វើឱ្យបាត់បង់អ្វីៗគ្រប់បែបយ៉ាង និងសូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានប្តេជ្ញាចិត្តក្នុងការចូលរួមពង្រឹង ថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយើង ដើម្បីការអភិវឌ្ឍបន្តទៅមុខទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការ រងទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លា ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ជាពិសេសព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលេីត្បូង និង ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានប្រោសប្រទានព្រះរាជទ្រព្យជារៀងរាល់ខែ រៀលរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ដេីម្បីឱ្យកាកបាទក្រហមកម្ពុជា អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បាន ដូចជា ការផ្តល់ថវិកា ១លានដុល្លារអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផាជារៀងរាល់ឆ្នាំ ការសាងសង់ផ្ទះជូនប្រជាពលរដ្ឋ និងគ្រួសារអតីតយុទ្ធជន ការផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ដេីម្បីលេីកស្ទួយជីវភាពប្រជាពលរដ្ឋ ដែលរងគ្រោះថ្នាក់ដោយសារមីន ក៏ដូចជាការផ្តល់អំណោយជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋ ដូចនាពេលនេះជាដេីម។

បន្ថែមពីនេះ លោកស្រីក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងសូមប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យកើនឡើងកំដៅខ្លាំង ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង ជាពិសេសសុខភាពមនុស្សចាស់ ដែលងាយនឹងរងគ្រោះថ្នាក់ដោយការស្ទះសរសៃឈាមបេះដូង ហើយការប្រែប្រួលអាកាសធាតុនេះក៏បង្កឡើងជាគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើមផងដែរ។

ជាមួយគ្នានេះ សូមអំពាវដល់ស្ត្រីជាមាតា ស្ត្រីផ្ទៃពោះទាំងអស់ អញ្ជេីញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ យ៉ាងតិចឱ្យបាន៤ដង ដេីម្បីដឹងពីស្ថានភាពសុខភាពទាំងម្តាយនិងទារក និងទប់ស្កាត់ការចម្លងជំងឺនានាពីម្តាយទៅទារកផងដែរ។

ទន្ទឹមនឹងការអភិវឌ្ឍផ្លូវថ្នល់បានស្អាតល្អស្ទេីរគ្រប់ទីកន្លែងនោះ លោកស្រីក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្ន គិតគូរពីសុវត្ថិភាពចរាចរណ៍គ្រប់ពេលវេលា ហេីយក៏សូមចូលរួមអនុវត្តភូមិឃុំមានសុវត្ថិភាព ជៀសវាងគ្រឿងញៀន គ្រឿងស្រវឹង អំពេីហិង្សា និងចេះស្រឡាញ់ សាមគ្គីគ្នា ជួយយកអាសាគ្នាទៅវិញទៅមក ដេីម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ជាតិសាសន៍ ជំនឿសាសនា ក្រោមម្លប់នៃសន្តិភាព។

ជំនួសមុខឱ្យប្រជាពលរដ្ឋទទួលផលទាំងអស់ និងក្នុងនាម សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ ចំពោះប្រជាពលរដ្ឋទាំងអស់ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡេីយ។

ជាមួយគ្នានោះប្រជាពលរដ្ឋងាយរងគ្រោះខាងលើ ក៏បានបង្ហាញនូវភាពកក់ក្តៅ និងត្រេកអរ ពេលបន្តទទួលបានការយកចិត្តទុកដាក់ពីកាកបាទក្រហមកម្ពុជា។

សូមបញ្ជាក់ថា អំណោយ ដែល កាកបាទក្រហមកម្ពុជា បានទទួលពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ត្រូវបានផ្តល់ ជូនដល់ គ្រួសារ នីមួយៗនូវ ៖ អង្ករ ២៥គីឡូក្រាម , មី ១កេស, ត្រីខ ១០កំប៉ុង , ទឹកស៊ីអ៊ីវ ១យួរ, ជែលលាងដៃ ១ដប , ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់, នំប៉័ង ១ដេីម និងទឹកសុទ្ធ ១ដប។ ដោយឡែក ចំពោះចាស់ឥតទីពឹង ស្ត្រីមេម៉ាយ មានកូនច្រេីន និងជនមានពិការភាព ទទួលបានថវិកាបន្ថែម ២ម៉ឺនរៀល៕