(កំពង់ចាម)៖ យុវជនម្នាក់ត្រូវបានរថយន្តដឹកដំឡូងបុក ហើយកិនសំប៉ែតដូចចេកជៀន ហើយ២នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ មើលទៅគួរឲ្យរន្ធត់ នាយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅក្បែរគល់ស្ពានគីហ្សូណា សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា រថយន្តមួយគ្រឿងនេះ កំពុងដឹកដំឡូងចេញពីស្រុកចំការលើ ឆ្ពោះទៅវៀតណាម ស្រាប់តែជិតស្ពានគីហ្សូណា ខ្វះ៥០០ម៉ែត្រ ក៏បុកម៉ូតូមួយគ្រឿង មកពីផ្លូវម្ខាងពេញមួយទំហឹង បណ្តាលឲ្យកិនអូសជាច្រើនម៉ែត្រ ស្លាប់យុវជនម្នាក់ និងរបួសធ្ងន់ស្រាល២នាក់។

ក្រោយកើតហេតុ អ្នកបើករថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល ខណ:អ្នករងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

បើតាមលោកស្នងការ រថយន្តមួយគ្រឿងនេះ ធ្លាប់បង្កគ្រោះថ្នាក់ចរាចរណ៍ម្តងរួចមកហើយ តែត្រូវបានតុលាការដោះលែង​ កាលពីពេលថ្មីៗនេះផងដែរ។

នៅពេលនេះទាំងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ច បញ្ជូន និងរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមច្បាប់៕