(វ៉ាស៊ីនតោន, អាមេរិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកត់សម្គាល់ថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ដែលមានរយៈពេល៧២ឆ្នាំមកហើយនោះ កំពុងឈានដល់កម្រិតល្អប្រសើរមិនធ្លាប់មាននោះឡើយនៅក្នុងប្រវត្តិសាស្ត្រ។ សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជា ពិតជាចង់ធ្វើជាមិត្តរបស់អាមេរិក តែមិនអាចកំណត់ឱ្យកម្ពុជាជ្រើសរើសរវាងអាមេរិក និងចិននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់បែបនេះ ក្នុងពេលទទួលជួបពិភាក្សាការងារជាមួយ លោក ដូណាល់ អេម បេនតុន (Donald M. Benton) អតីតសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ (ម៉ោងនៅក្រុងវ៉ាស៊ីនតោន)។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបនេះសម្តេចតេជោ និងអតីតសមាជិកព្រឹទ្ធសភា បានសម្តែងការស្វាគមន៍គ្នាទៅវិញទៅមកប្រកបដោយភាពរ៉ាក់ទាក់ និងភាតរៈ។ ក្រៅតែពីកិច្ចស្វាគមន៍គ្នាហើយនោះ អតីតសមាជិកព្រឹទ្ធសភាអាមេរិក លោក ដូណាល់ បេនតុន ក៏បានជម្រាបសួរសម្តេចតេជោ ពីគោលបំណងនៃដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកនាពេលនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញថា មានកិច្ចការសំខាន់ពីរដែលសម្តេចត្រូវធ្វើនៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅក្នុងក្រុងវ៉ាស៊ីនតោន។ កិច្ចការសំខាន់ទី១ គឺបញ្ហាអាស៊ាន-អាមេរិក និងទី២ បញ្ហាទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។

បើតាមបណ្ឌិត កៅ គឹមហួន បានឱ្យដឹងថា ពាក់ព័ន្ធទំនាក់ទំនងទ្វេភាគី សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចពីសារៈសំខាន់នៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិករយៈពេល៧២ឆ្នាំកន្លងមកនេះ។ សម្តេចតេជោ បានកត់សម្គាល់ឃើញថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិកកំពុងវិវឌ្ឍន៍ឈានឡើងក្នុងស្ថានភាពដ៏ល្អប្រសើរមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។

លោក កៅ គឹមហួន បានដកស្រង់ប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី មកបញ្ជាក់យ៉ាងដូច្នេះ «ទំនាក់ទំនង៧២ឆ្នាំនេះ គឺយើងឈានដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមករវាងប្រទេសទាំងពីរ។ កម្ពុជា ពិតជាចង់ធ្វើមិត្តរបស់អាមេរិក ហើយកម្ពុជាមិនអាចរើសរវាងអាមេរិក ឬចិននោះទេ។ កម្ពុជា មាននយោបាយអព្យាក្រឹត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ដូច្នេះកម្ពុជាចង់ធ្វើមិត្តគ្រប់បណ្តាប្រទេសទាំងអស់រួមទាំងអាមេរិកផងដែរ»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមរយៈទំនាក់ទំនងល្អប្រសើរនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអាមេរិក ក៏កំពុងមានកំណើនគួរឱ្យកត់សម្គាល់ផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាអាស៊ាន-អាមេរិកវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីតួនាទីដ៏សំខាន់រវាងអាស៊ាន និងអាមេរិក។ សម្តេចតេជោ ហ៊ុន សែន បានហៅកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនាពេលនេះ គឺជាឱកាសដ៏កម្រសម្រាប់អាស៊ាន-អាមេរិក ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង ការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន-អាមេរិក។

សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបអតីតសមាជិកសភាអាមេរិកដែរថា សម្តេចចង់ឃើញទំនាក់ទំនងរវាងអាស៊ាន និងអាមេរិក ឈានពីដៃគូយុទ្ធសាស្ត្រ ទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងកម្រិតកំពូលមួយ។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពលោក Douglas John Ericksen សមាជិកសភាអាមេរិកមួយរូប ដែលបានធ្វើមរណកាល កាលពីពេលថ្មីៗកន្លងទៅនេះ។

លោក ដូណាល់ បេនតុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ដែលបានផ្តល់ការអនុញ្ញាតឱ្យរូបលោក ជួបពិភាក្សាការងារ និងបានគូសបញ្ជាក់ពីគោលបំណងនៃដំណើរបំពេញទស្សនកិច្ចនៅរដ្ឋវ៉ាស៊ីនតោន៕