(វ៉ាស៊ីនតោន)៖ នៅម៉ោង១៖០០រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ត្រូវនឹងម៉ោង១២៖០០អាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា) មានប្រជាពលរដ្ឋខ្មែរអាមេរិក និងខ្មែរកាណាដាយ៉ាងច្រើនកុះករ បានជួបសម្តែងមតិ និងអបអរសាទរចំពោះវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅខាង មុខសណ្ឋាគារ Willard InterContinental ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ហើយបានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Joint Base Andrews Airport រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅវេលាម៉ោង១៩៖៣៣នាទី (ថ្ងៃទី១០ ខែឧសភា) ដែលត្រូវនឹងម៉ោង៦៖៣៣ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅរាជធានីភ្នំពេញ ក្រោមកិច្ចស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅពីប្រជាពលរដ្ឋខ្មែរអាមេរិក និងខ្មែរកាណាដាយ៉ាងច្រើនកុះករ។

វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសហរដ្ឋអាមេរិកលើកនេះ គឺដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ។ ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន និងប្រធាននាធិបតីអាមេរិក លោក ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ដែលជាអាទិ៍រួមមាន ការឆ្លើយតបនឹងជំងឺកូវីដ១៩ សន្តិសុខសុខភាពសកល ការផ្លាស់ប្តូរអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាជន និង ប្រជាជន ក៏ដូចជាការតភ្ជាប់ និងទំនាក់ទំនងសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក ក៏នឹងធ្វើការផ្លាស់ប្តូយោបល់គ្នាផងដែរ អំពីបញ្ហាតំន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រនេះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នឹងដាក់ចេញនូវទិសដៅអានាគតនៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក ហើយនឹងលើកកម្ពស់ភាពជាដៃគូយុទ្ឋសាស្ត្រ សម្រាប់ផលប្រយោជន៍រួមទៅវិញទៅមក នៃប្រជាជនអាស៊ាន និងប្រជាជនសហរដ្ឋអាមេរិក។

កិច្ចប្រជុំកំពូលពិសេសនេះ ក៏នឹងបញ្ជាក់ឡើងវិញផងដែរនូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរក្សាមជ្ឈភាព និងឯកភាពអាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន ក៏ដូចជាដើម្បីបង្កើនជំនឿ និងទំនុកចិត្តគ្នាទៅវិញទៅមក ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។

ក្រៅតែពីរអ្វីដែលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នេះ នៅក្នុងលិខិតអញ្ជើញសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២០ ខែមេសាកន្លងទៅ លោក ចូ បៃដិន បានលើកឡើងថា កិច្ចប្រជុំនេះ ជាឱកាសមួយសម្រាប់អាស៊ាន និងអាមេរិក លើកឡើងអំពីមហិច្ឆតារួម សម្រាប់សករាជថ្មីនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក។

តបនឹងលិខិតអញ្ជើញរបស់លោក ចូ បៃដិន, សម្តេចតេជោ ហ៊ុន សែន បានហៅការប្តេជ្ញាចិត្តរបស់លោក ចូ បៃដិន ថា ជាជំហានឆ្ពោះទៅមុខ ឈានទៅរកការដំឡើងភាពជាដៃគូរវាងអាស៊ាន-អាមេរិក ឱ្យឡើងដល់កម្រិតខ្ពស់មួយថ្មីទៀត។ ក្នុងន័យនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើការកម្ពស់ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ក៏បានបញ្ជាក់ជាថ្មីអំពីបំណងប្រាថ្នា ដ៏មុតមាំរបស់កម្ពុជាក្នុងការខិតខំស្វែងរកកាលានុវត្តភាពបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក លើគ្រប់វិស័យ។ សម្តេចតេជោ បានបង្ហាញការជឿជាក់ថា កិច្ចប្រជុំកំពូលពិសេសនេះ ជាឱកាសដ៏ប្រសើរសម្រាប់អាស៊ាន-អាមេរិក ពិភាក្សាពីការជំរុញកិច្ចសហប្រតិបតិ្តការ ព្រមទាំងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហានានា ដែលជាក្តីបារម្ភ និងជាប្រយោជន៍រួមរបស់អាស៊ាន និងសហរដ្ឋអាមេរិក។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូល សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំអាស៊ានដទៃទៀត នឹងទទួលការស្វាគមន៍ និងអញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ជាមួយសមាជិកសភាអាមេរិកមកពីគណបក្សទាំងពីរ គឺគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ រៀបចំទទួលដោយលោកជំទាវ ណាន់ស៊ី ភេឡូស៊ី ប្រធានសភាអាមេរិក នៅវិមានរដ្ឋសភាអាមេរិក ហើយនឹងទទួលការស្វាគមន៍ និងអញ្ជើញចូលរួមកម្មវិធីអាហារពេលល្ងាចរៀបចំដោយ ឯកឧត្តម ចូ បៃដិន ប្រធាននាធិបតីសហរដ្ឋអាមេរិក នៅសេតវិមាន។

ថ្នាក់ដឹកនាំអាស៊ានក៏នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធុរកិច្ចសហរដ្ឋអាមេរិក អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ។ ថ្នាក់ដឹកនាំអាស៊ាននឹងទទួលការស្វាគមន៍ និងអញ្ជើញប្រជុំជាមួយលោកស្រីអនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស ដោយមានសម័យប្រជុំពេញអង្គជាមួយបណ្តារដ្ឋមន្រ្តីអាមេរិក ស្តីពីបញ្ហាវិធានការណ៍អាកាសធាតុ បរិវត្តថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ឋប្រកបដោយចីរភាព៕