(វ៉ាស៊ីនតោន)៖ នៅវេលាម៉ោងប្រមាណ៤ព្រឹកថ្ងៃទី១២ ខែឧសភា ម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោង១៧៖០០នាទីថ្ងៃទី១១ ខែឧសភា ម៉ោងនៅក្រុងវ៉ាស៊ីនតោន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជាង ២ពាន់នាក់។

ក្នុងឱកាសជួបសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជាង៣ម៉ោង ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា។ ខាងក្រោមសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មានវ៉ាស៊ីនតោន មានចម្ងាយជាង ១ម៉ឺនគីឡូ តែសម្តេចនៅតែអាចជួបជាមួយខ្មែរនៅអាមេរិក។ មិនស្ថិតនៅលើចម្ងាយទេ អាស្រ័យលើការចង់ជួប ឬអត់?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្កាយព្រឹក និងផ្កាយចោរ មិនដែលជួបគ្នានោះទេ។ ផ្កាយព្រឹករះ ផ្កាយចោររត់។

* សម្តេចតេជោ ហ៊ុន សែន បាននាំយកព្រះរាជបណ្តាំព្រះមហាក្សត្រ និងសម្តេចម៉ែ សាកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដាជិត២ពាន់នាក់ ដែលបានអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចតេជោ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងល្អដែលបច្ចេកវិទ្យាឌីជីថល កើតមុនកូវីដ១៩ បើកូវីដ១៩ កើតមុនវិញ ពិភពលោកនឹងជួបការលំបាក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា បានចំណាយពេលវេលា និងលុយ ដើម្បីជួបសំណេះសំណាលជាមួយសម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើលោកនេះមិនមាននរណាម្នាក់ អាចទាញទឹកចិត្តមនុស្សគ្រប់រូបបាននោះឡើយ សូម្បីតែសាសនានីមួយៗក៏មិនអាចទាញទឹកចិត្តមនុស្សគ្រប់រូបនោះដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនចម្លែកចិត្តនោះឡើយ ក្នុងដំណើរប្រជាធិបតេយ្យតែងតែមានអ្នកគាំទ្រ និងមិនគាំទ្រ។

* សម្តេចជោ ហ៊ុន សែន បានថ្លែងថា ជាអគុណធម៌សម្រាប់មនុស្សដែលយកកម្មយកពារជាមួយមនុស្សទទួលមរណភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៤ខែឆ្នាំ២០២២ ទំហំពាណិជ្ជកម្មជាមួយវៀតណាម សម្រេចបាន ៤ពាន់ ២០០លានដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកំណត់ព្រំដែនជាមួយវៀតណាម សម្រេចបានដល់ ៩០ភាគរយហើយ។

* សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា បើគង់តែឱ្យដីខ្មែរទៅវៀតណាម ដូចការចោទរបស់ខ្មែរប្រឆាំងមួយចំនួននោះ ហេតុអ្វីត្រូវចំណាយពេលវេលាចរចាជាមួយវៀតណាមយូរម្ល៉េះ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រំដែនកម្ពុជា និងវៀតណាម ១០ភាគរយដែលមិនទាន់សម្រេច រួមមានព្រំដែននៅដាក់ដាំ និងដាក់ហូត នៅក្នុងខេត្តមណ្ឌលគិរីផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាម ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ការនាំចេញទំនិញរបស់កម្ពុជាទៅវៀតណាម ច្រើនជាងវៀតណាម នាំមកកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ទទួលបានលទ្ធផលសូន្យកូវីដ១៩ ថ្ងៃទី៥ហើយ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណ ព្រះសង្ឃ និងអរគុណដល់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការអនុវត្តន៍តាមវិធានការ និងទទួលយកវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងធ្លាក់ក្នុងមហន្តរាយកូវីដ១៩ បើមិនមានវិធានការត្រឹមត្រូវ ហើយប្រជាពលរដ្ឋមិនចូលរួមទេនោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយវ៉ាក់សាំងនៅកម្ពុជា ទទួលបានជោគជ័យ ដោយសារវ៉ាក់សាំង មិនមានបែងចែកនិន្នាការនយោបាយ ពណ៌សម្បុរ ជាតិសាសន៍ និងសាសនានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពសាំជំងឺកូវីដ១៩ នៅកម្ពុជាមានភាពរឺងមាំខ្លាំង ដោយសារការអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ឱ្យចប់តាមតំបន់នីមួយៗឱ្យរួចរាល់ ទើបបន្តទៅតំបន់ផ្សេង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាក្រទ្រព្យ តែមិនក្រចិត្តនោះទេ ដោយបានទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សម្តេចតេជោ បានថ្លែងថា សម្តេចហ៊ានលេងក្នុងការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះកង្វល់របស់កម្ពុជា គឺចាក់វ៉ាក់សាំងមិនទាន់អស់ពីឃ្លាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះវ៉ាក់សាំងនៅក្នុងឃ្លាំងមានរហូតដល់ប្រមាណ ១២លានដូស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពទទួលជំនួយវ៉ាក់សាំងពីប្រទេសជាមិត្តរបស់កម្ពុជា កំពុងឈានចូលដំណាក់កាល «អ្នកសុំទានមានលុយអាប់»។ ប្រៀបធៀបបែបនេះ ដោយសារវ៉ាក់សាំងកម្ពុជាសល់ច្រើន ដូច្នេះកម្ពុជាស្នើប្រទេសផ្តល់ជំនួយពន្យារពេលបញ្ជូនវ៉ាក់សាំងទៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសចំនួន១០ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ តិចជាងគេនៅលើពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ធ្វើឱ្យកម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពី ៥.៦ភាគរយ មកនៅត្រឹម ៥.២ភាគរយ សម្រាប់ឆ្នាំ២០២២។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២ ការប្រមូលពន្ធដារសម្រេចបានប្រមាណ ៥៣ភាគរយ គិតជាសាច់ប្រាក់ជាង ២ពាន់លានដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អត្រាប្រជាជនស្ថិតក្រោមបន្ទាត់ភាពក្រីក្រនៅកម្ពុជា មានប្រមាណ ៨ភាគរយប៉ុណ្ណោះ គិតត្រឹមឆ្នាំ២០១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណើននាំចេញក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២២ កើនឡើងប្រមាណ ៣២ភាគរយ។ ក្នុងនោះការនាំចេញទៅអាមេរិក កើនឡើងដល់ ៣៤ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារវិបត្តិនៃការផ្គត់ផ្គង់ មានក្រុមហ៊ុនជាច្រើនបានបង្វែរកការផ្គត់ផ្គង់ពីកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាសល់ស្រូវប្រមាណ៦លានតោន ហើយសល់អង្ករ ៤លានតោន។

* សម្តេចតេជោ ហ៊ុន សែន បានចោទសួរអ្នកថា តម្លៃប្រេងនៅខ្មែរថ្លៃនោះ តើនៅអាមេរិកតម្លៃប៉ុន្មាន?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាផលិតមាសបានជាង ២តោន សម្រាប់តែរណ្តៅមួយនៅខេត្តមណ្ឌលគិរី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា និងវៀតណាម ព្រមព្រៀងបើកទេសចរណ៍ទាំងផ្លូវគោក និងអាកាសឡើងវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ទទួលបានប្រយោជន៍ទេសចរណ៍ផ្ទៃក្នុងយ៉ាងច្រើន។ ក្នុងនោះចុងសប្តាហ៍មានអ្នកទេសចរណ៍ផ្ទៃក្នុងប្រមាណ ៣០ម៉ឺននាក់។

* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការសូមទោសរបស់អតីតសកម្មជនសង្គ្រោះជាតិនៅអាមេរិក ប្រេដឌី យ៉ាំង ជាការផ្តល់ភាពស្អាតស្អំជូនភរិយា និងកូនសម្តេច។ សម្តេចតេជោ បានថ្លែងថា បើត្រឹមភាពស្អាតស្អំរបស់ប្រពន្ធ និងកូន មិនអាចការពារបានផង តើសម្តេចមានតម្លៃក្នុងការដឹកនាំជាតិ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រាស្រ័យទាក់ទងក្នុងភាពសាមញ្ញរវាងសម្តេច និងប្រជាពលរដ្ឋ ជាសារធាតុពីកំណើតរបស់សម្តេច មិនអាចកែទម្លាប់នេះបានឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនជ្រើសរើសចិន ប្រឆាំងអាមេរិក ឬជ្រើសអាមេរិក ប្រឆាំងចិននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅអ្នកដែលថា សម្តេចគេយកទៅធ្វើទីងមោងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក គួរទៅសិក្សាពីអាស៊ានឡើងវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយរបស់កម្ពុជា គឺប្រកាន់សន្តិភាព មិនប្រឆាំងប្រទេសដទៃ និងដើរតាមមជ្ឈភាពរបស់អាស៊ាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនគាំទ្រការបំបែកតំបន់ដុនបាស ពីអ៊ុយក្រែនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅបាតុករមីយ៉ាន់ម៉ាថា ការប្រឆាំងដំណោះស្រាយប្រធានអាស៊ានបច្ចុប្បន្ន គឺស្មើនឹងប្រឆាំងក្តីសុខរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាទាំងមូល។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកផ្សព្វផ្សាយប្រឆាំងរាជរដ្ឋាភិបាល បែងចែកឱ្យច្បាស់រវាងបាតុករជាតិមីយ៉ាន់ម៉ា និងប្រជាពលរដ្ឋខ្មែរ កុំបូកចូលគ្នា។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅខ្មែរអ្នកគាំទ្ររាជរដ្ឋាភិបាល កុំតបតទៅអ្នកប្រឆាំងសម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីតាំងស្ថានទូតអាមេរិក គឺជាទីតាំងល្អបំផុត។ បើមិនមែនអាមេរិក សម្តេចមិនផ្តល់ឱ្យនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិក មានទំហំធំបំផុត។ ក្នុងនោះការនាំចេញមកអាមេរិក មានរហូតដល់ជាង ៩ពាន់លានដុល្លារអាមេរិក។

* សម្តេចតេជោ ហ៊ុន សែន ចោទសួរថា តើកម្ពុជា ត្រូវការកងទ័ពបរទេសមកធ្វើអ្វី? អ្វីដែលកម្ពុជាត្រូវការនោះ គឺសេដ្ឋកិច្ច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា គ្រាន់តែធ្វើជាមិត្តជាមួយអាមេរិក ហេតុអ្វីក៏លំបាកម្ល៉េះ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនបានទាញភ្ជាប់ ឬចោទអាមេរិក ជាមួយសំណុំរឿងលោក កឹម សុខា នោះឡើយ។ អ្វីដែលកើតមាននោះ គឺលោក កឹម សុខា ជាអ្នកនិយាយដោយខ្លួនឯង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាមេរិកគួរទៅនិយាយរឿងនេះជាមួយលោក កឹម សុខា ព្រោះលោក កឹម សុខា ជាអ្នកលើកឡើង។

* សម្តេចតេជោ ហ៊ុន សែន ទម្លាយថា ក្នុងជំនួបជាមួយសម្តេច លោក កឹម សុខា បានសុំសម្តេចចេញក្រៅប្រទេស។ សម្តេចបញ្ជាក់ថា ការចេញក្រៅប្រទេស ជាសិទ្ធិសម្រេចរបស់តុលាការ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងចេញចង់ចេញទៅក្រៅប្រទេសរបស់លោក កឹម សុខា មិនគួរជាចំណោទបញ្ហានោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដល់ពេលដែលខ្មែរនៅអាមេរិក ក្រោកឈរ ដើម្បីការពារសិទ្ធិសេរីភាពរបស់ខ្លួន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលសម្តេចទាមទារអាមេរិក មិនឱ្យបញ្ជូនពលរដ្ឋខ្មែរប្រព្រឹត្តទោសទៅខ្មែរវិញ គឺដើម្បីការពារប្រយោជន៍របស់ខ្មែរនៅអាមេរិក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្មែរនៅក្រៅប្រទេសត្រូវទាមទារសិទ្ធិបោះឆ្នោតនៅកម្ពុជា តែត្រូវបោះដោយផ្ទាល់ មិនអាចបោះតាមប្រៃសនីយ៍នោះទេ ព្រោះជាច្បាប់បោះឆ្នោតរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតតាមប្រៃសនីយ៍ សូម្បីនៅអាមេរិក ក៏មានបញ្ហាដែរ រហូតមានទំនាស់រវាងបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បោះឆ្នោតផ្ទាល់ រាប់ផ្ទាល់ គេនៅចោទថាលួចបន្លំសន្លឹក ចុះទម្រាំបោះតាមប្រៃសនីយ៍?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលសម្តេចមានទុក្ខក្រៀមក្រំដោយសារបងប្រុសទទួលមរណភាព គួរជាឱកាសសម្រាប់អ្នកនយោបាយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមានលិខិតណាមួយពីអ្នកនយោបាយប្រឆាំង ជូនសម្តេចនាពេលនេះ ស្មើនឹងរុញសម្តេចឱ្យផ្ទប់ជញ្ជាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក កឹម សុខា ជាអ្នកនយោបាយឆ្លាត ផ្ទុយពីអ្នកនយោបាយមួយចំនួន។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យខ្មែរនៅអាមេរិក គោរពច្បាប់របស់អាមេរិក រួមទាំងវិធានការការពារកូវីដ១៩ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកធ្វើចត្តាឡីស័កតាមព្រំដែន នៅសល់ ៩៩នាក់។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ថ្លែងសំណេះសំណាល នៅវេលាម៉ោង៨៖១៥នាទីយប់នៅអាមេរិកថ្ងៃទី១១ ខែឧសភា, ត្រូវនឹងម៉ោង៧៖១៥នាទីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២៕