(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការសរសេរលិខិតសុំទោសរបស់ លោក យង់ ណុយ ហៅ ប្រែឌី (Brady Nuy Young) អតីតសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិ នាពេលនេះ គឺជាការបង្ហាញភាពស្អាតស្អំដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង លោក ហ៊ុន ម៉ាណែត ដែលកន្លងទៅរងនូវការបំភ្លៃពីក្រុមប្រឆាំងថាជា «ប្រពន្ធ និងកូនរបស់មេដឹកនាំវៀតណាម ឡេ ដឹកថូ»។

លោក Brady Young ដែលជាពលរដ្ឋខ្មែរសញ្ជាតិអាមេរិចកាំង កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ បានសរសេរលិខិតមួយស្នើសុំ សម្តេចតេជោ ហ៊ុន សែន អភ័យទោស រាល់កំហុសខុសឆ្គងរបស់លោកកន្លងមក ក្នុងការប្រមាថ និងប្រើប្រាស់ភាសាមិនសមរម្យចំពោះសម្តេចតេជោ និងក្រុមគ្រួសារ។ លោកធ្លាប់បានសរសេរបំភ្លៃថា កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត គឺជាកូនប្រុសរបស់អតីតមេដឹកនាំវៀតណាម ឈ្មោះ ឡេ ឌឹក ថូ ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

លោក Brady Young បានអះអាងថា មូលហេតុដែលលោកធ្លាក់ខ្លួនក្លាយទៅជាជនបំភ្លៃព័ត៌មាននេះ ដោយសារតែលោកជឿតាមការញុះញង់ លាបពណ៌របស់មេក្រុមបក្សប្រឆាំង ប្រឌិត ព័ត៌មានក្លែងក្លាយ ព្រមទាំងផ្សព្វផ្សាយរឿងរ៉ាវមិនពិត ធ្វើទៅតាមអារម្មណ៍ជនអគតិចង់បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស របស់ សម្ដេច និងក្រុមគ្រួសារ ក៏ដូចជាធ្វើឱ្យអាប់ឱនដល់កិត្តិស័ព្ទសង្គមជាតិខ្មែរទាំងមូល។

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរនៅកាណាដា នៅរដ្ឋធានីវ៉ាស៊ីនតោន នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានហៅ លោក Brady Nuy Young ដែលទើបសរសេរលិខិតសុំទោស ឱ្យបង្ហាញខ្លួននៅក្នុងវេទិកា។

សម្តេចបានលើកឡើងថា៖ «ហ្នឹងហើយអ្នកថា ប្រពន្ធខ្ញុំជាប្រពន្ធ ឡេ ដឹកថូ និងថា ម៉ា ណែត ជាកូនឡេដឹកថ ឥឡូវចេញមក ឱ្យបង្ហាញមុខ»។ សម្តេចបានលើកឡើងថា៖ «ខ្ញុំអត់មាន (យកទោសពៃ) អីទេ កូនឯង (Brady Young) បានបង្ហាញការពិតមួយ ហើយបានមកទទួលទានអាហារជាមួយនឹងពុកថែមទៀត»

សម្តេចបានបន្តថា «រឿងរ៉ាវអតីតកាលកូនបានធ្វើកំហុស កូនបានទទួលស្គាល់កំហុស មិញហ្នឹងខ្ញុំក៏និយាយខុសមាត់(រឿងឧបត្ថម្ភដល់ការព្យាបាលជំងឺ លោកព្រហ្ម ម៉ាញ) ពេលព្រហ្ម ម៉ាញ តវ៉ាខ្ញុំក៏សុំទោសដែរ Brady Young បង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ ប្រពន្ធខ្ញុំ បង្ខូចកូនខ្ញុំអស់រយៈកាល៧ឆ្នាំ ឥឡូវទៅជាអ្នករួមរស់ជាមួយគ្នា»

សម្តេចបានអះអាងថា រឿងនេះ លោក Brady Young បាននិយាយហើយអំពីអ្នកនៅពីក្រោយខ្នង ដោយសម្តេចថា «ភាពស្អាតស្អំរបស់ប្រពន្ធខ្ញុំ របស់កូនខ្ញុំ ត្រូវតែមានដាច់ខាត ព្រោះបើសម្តេចមិនរកយុត្តិធម៌ឱ្យប្រពន្ធខ្លួនឯង និងកូនខ្លួនឯង តើខ្ញុំជាមនុស្សទេ ជាតិរច្ឆាន បើត្រឹមតែប្រពន្ធ និងកូនខ្លួនឯងការពារមិនបាន តើយើងមានសមត្ថភាពការពារប្រជាជនទេ?»

លោក Brady Nuy Young ជាអតីតអនុប្រធានសាខា នៃអតីតគណបក្សសង្រ្គោះជាតិ នៅទីក្រុង ឡុង ប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ទោះជាយ៉ាងនេះក្តី ក្នុងពេលគណបក្សសង្រ្គោះជាតិ ដឹកនាំដោយ លោក កឹម សុខា កាលពីឆ្នាំ២០១៦ ក៏បានសម្រេចបណ្តេញ លោក Brady Nuy Young ចេញពីបក្សប្រឆាំងនេះផងដែរ៕