(វ៉ាស៉ីនតោន-អាមេរិក)៖ ថ្លែងចេញពីរដ្ឋធានីវ៉ាស៉ីនតោន សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ (ម៉ោងនៅកម្ពុជា) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា នៅថ្ងៃនេះ ជាថ្ងៃទី៥ហើយ ដែលកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ។

ការប្រកាសបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាដាណា ប្រមាណជាង២ពាន់នាក់ គ្រាដែលសម្ដេចអញ្ជើញទៅបំពេញបេសកកម្មនៅទីនោះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «ថ្ងៃនេះកម្ពុជាទទួលបានលទ្ធផលសូន្យកូវីដ១៩ ដែលជាថ្ងៃទី៥ហើយ»

សូមជម្រាបថា រយៈពេល៥ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងជំងឹកូវីដ១៩នោះទេ ប៉ុន្ដែពីឆ្លងកាត់នូវព្យុះភ្លើងអស់ប្រមាណ២ឆ្នាំ ដោយសារការវាយប្រហារពីជំងឺដ៏កាចសាហាវមួយនេះ។

លទ្ធផល ដ៏ត្រចេះត្រចង់នៃការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា គឺបានមកពីការប្រើប្រាស់នូវយុទ្ធសាស្ដ្រស្រោចវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,២៦២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,១៨៤នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕