(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានប្រាប់ទៅបាតុករមីយ៉ាន់ម៉ាថា ការប្រឆាំងដំណោះស្រាយប្រធានអាស៊ានបច្ចុប្បន្ន គឺស្មើនឹងការសម្លាប់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាទាំងមូល។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង ២ពាន់នាក់។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ទាក់ទងនឹងបញ្ហាមីយ៉ាន់ម៉ា កម្ពុជាបានខិតខំបំពេញតួនាទីក្នុងឋានៈជាសមាជិករបស់អាស៊ាន ដោយការទទួលខុសត្រូវផង និងជាប្រធានអាស៊ានដែលមានការទទួលខុសត្រូវផង។ សម្តេចតេជោ បានរំលឹកថា សម្តេចធ្លាប់ទៅធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅខែមករា ឆ្នាំ២០២២ ហើយជួបលោក មីន អោងឡាំង មេដឹកនាំមីយ៉ាន់ម៉ា នៅខែឧសភាម្តងទៀត ដើម្បីបើកច្រកឲ្យប្រេសិតពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកមីយ៉ាន់ម៉ា គឺលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ហើយក៏មានការបើកផ្លូវសន្ទនា សម្រាប់ការបើកផ្លូវជំនួយមនុស្សធម៌សម្រាប់ប្រជាជនមីយ៉ាន់ម៉ា ដែលមានតម្រូវការផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា អ្វីដែលប្រធានអាស៊ាន ចង់បាននៅពេលនោះ គឺនៅក្នុងគំនិតស្តីអំពីកុងសង់ស៉ីស ៥ចំណុច ដែលថ្នាក់ដឹកនាំអាស៊ានបានសម្រេចនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៉ី បានសម្រេចកាលពីខែមេសា ឆ្នាំ២០២១។ ប៉ុន្តែ ចំណុចដែលចង់បានបំផុត គឺមាន៣ រួមមាន៖ ទីមួយទាក់ទងនឹងការបំបាត់អំពើហិង្សា ជាពិសេសជំរុញឲ្យមានបទឈប់បាញ់, ទីពីរ ជំរុញឲ្យមានការបើកផ្លូវជំនួយមនុស្សធម៌ ទៅកាន់ទីកន្លែងចាំបាច់ កុំឲ្យប្រជាជនស្លាប់ ដោយសារដាច់ពោះ ឬអត់ថ្នាំពេទ្យ, និងទី៣ បង្កើតឲ្យមានបរិយាកាសអនុគ្រោះសម្រាប់ការសន្ទនាខាងនយោបាយ ជាមួយភាគីពាក់ព័ន្ធទាំងអស់ រាប់ទាំងកម្លាំងប្រដាប់អាវុធច្រើនក្រុម។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា «ថ្ងៃជួបនោះ លោក មីន អោងឡាំង ដែលជាមេដឹកនាំមីយ៉ាន់ម៉ា បានសំណូមពរឲ្យប្រធានអាស៊ាន ជួយនិយាយដល់ក្រុមប្រដាប់អាវុធដទៃទៀត ឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀង បទឈប់បាញ់។ អញ្ចឹងខ្ញុំសូមអំពាវនាវចំពោះបាតុករមីយ៉ាន់ម៉ា ដែលមានគម្រោងធ្វើបាតុកម្មប្រឆាំងខ្ញុំ សូមធ្វើក៏ធ្វើទៅ អ្នកអាចភាន់ច្រឡំធំហើយ។ អ្នកធ្វើបាតុកម្មប្រឆាំង មានតម្លៃនឹងបំផ្លាញប្រទេសរបស់អ្នក។ មិនមែនគ្រាន់តែផ្តាំបងប្អូនមីយ៉ាន់ម៉ា នៅប្រទេសអាម៉េរិកទេ ផ្តាំទៅបងប្អូនមីយ៉ាន់ម៉ា គ្រប់ទីកន្លែងទាំងអស់។ អ្នកដែលប្រឆាំងនឹងប្រធានអាស៊ាន ដែលកំពុងធ្វើសកម្មភាពនៅពេលនេះ មានតម្លៃស្មើនឹងកំពុងតែសម្លាប់ប្រជាជនខ្លួនឯង»

លោក ប្រាក់ សុខុន នឹងទៅបំពេញបេសកកម្មជាលើកទី២ នៅប្រទេសមីយ៉ាន់ម៉ាម្តងទៀត នាពេលឆាប់ៗខាងមុខនេះ។ ប៉ុន្ដែទោះជាយ៉ាណា លោកមិនទាន់បានបញ្ជាក់អំពីពេលវេលាច្បាស់លាស់ នៃដំណើរបេសកកម្មជាលើកទី២នោះទេ តែលោកគ្រាន់តែបង្ហើបថា នឹងធ្វើឡើងនៅប៉ុន្មានសប្ដាហ៍ក្រោយនេះ ពិសេសក្រោយបញ្ចប់កិច្ចប្រជុំអាស៊ាន-អាមេរិក។

ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន លោកបានទៅបំពេញទស្សនកិច្ចការងារលើកដំបូង នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដែលធ្វើឡើងតបតាមការអញ្ជើញរបស់ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បន្ទាប់ពីមេដឹកនាំប្រទេសនេះ គឺលោក មីន អោងឡាំង បានយល់ព្រមឲ្យមានការសម្របសម្រួលមួយចំនួន។

គោលបំណងចម្បង នៃទស្សនកិច្ចនេះគឺដើម្បី៖

* ទី១៖ តាមដាននូវលទ្ធផលនៃដំណើរទស្សន-កិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧-៨ ខែមករា ឆ្នាំ២០២២
* ទី២៖ សម្របសម្រួលដល់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១
* និងទី៣៖ ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការក្នុងប្រទេសមីយ៉ាន់ម៉ា។

នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ តាមរយៈការផ្តួចផ្តើមឡើងដោយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដោយមានកិច្ចសហប្រតិបត្តិការជាមួយអគ្គលេខាធិការអាស៊ាន លោក ប្រាក់ សុខុន និងលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងតួនាទីជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា តាមទម្រង់ផ្ទាល់នៅរាជធានីភ្នំពេញនិងតាមប្រព័ន្ធវីដេអូ។

លទ្ធផលអង្គប្រជុំ មានចំនួន ០៣ រួមមាន៖ ១៖ ក្របខ័ណ្ឌការរៀបចំការផ្តល់ជំនួយមនុស្សធម៌អាស៊ាន, ២៖ ការដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធនឹងប្រតិបត្តិការនៃការផ្តល់ជំនួយមនុស្សធម៌ និង ៣៖ ក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា។

សូមរំលឹកដែរថា កិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុច ស្តីពីដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា ត្រូវបានដាក់ចេញដោយ កិច្ចប្រជុំកំពូលអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងនោះរួមមាន៖

ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។
ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។
ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។
ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាហារ (AHA)។
ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕