(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងបញ្ជាក់ថា អតិរេកស្រូវនៅឆ្នាំនេះ កម្ពុជានៅសល់ស្រូវជាង ៦លានតោន បើគិតជាអង្ករមានជាង ៤លានតោន ខណៈដែលការផលិតមាសក្នុងរណ្តៅនៅក្នុងខេត្តមណ្ឌលគិរី បានជាង ២តោនរួចហើយ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង ២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «កម្ពុជាជាប្រទេសដែលមានការឆ្លងកូវីដតិចតួច ជាប្រទេសដែលគេបញ្ជារទិញច្រើន ក្នុងពេលដដែលនេះកសិកម្មរបស់យើង គឺមានកំណើន អតិរេកស្រូវឆ្នាំនេះយើងសល់ស្រូវជាង ៦លានតោន បើគិតជាអង្ករជាង ៤លានតោន»

សម្តេចតេជោ ក៏បានបញ្ជាក់ទៀតថា នៅពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងតែមានកង្វល់ ទៅលើវិបត្តិថាមពល និងវិបត្តិស្បៀង ដែលផ្តើមចេញពីសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ដោយសារប្រទេសទាំង២នេះជាប្រភពនាំការផ្គត់ផ្គង់ ដូចនេះហើយបើសង្គ្រាមនេះនៅតែអូសបន្លាយ ស្ថានភាពនៃការឡើងថ្លៃស្បៀងវានឹងកើនឡើង ខណៈដែលពេល បច្ចុប្បន្ននេះ តម្លៃប្រេងឥន្ធនះបានចាប់ផ្តើមកើនឡើងហើយដែរ សូម្បីតែសហរដ្ឋអាមេរិក ដែលជាប្រទេសសំបូរប្រេងជាងគេ ក៏តម្លៃប្រេងមានការកើនឡើង ហើយឡើងថ្លៃជាងស្រុកខ្មែរទៅទៀត។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «ទោះបីប្រទេសកម្ពុជាផលិតប្រេងមិនបាន តែអាចផលិតបានមាសទៅវិញ យើងប្រើពេលមកដល់ពេលនេះ រយៈពេល៨ខែ យើងផលិតបានមាសជាង ២តោនមាសដែរ ដែលនេះគិតតែលើរណ្តៅមួយកន្លែងប៉ុណ្ណោះក្នុងខេត្តមណ្ឌលគិរី ដោយមិនទាន់គិតនៅកន្លែងផ្សេង»

ជាមួយគ្នានោះសម្តេចតេជោ បញ្ជាក់ទៀតថា ចំពោះបញ្ហាសេដ្ឋកិច្ចសង្គម ជាបញ្ហាប្រឈមមួយដែលចាំបាច់ត្រូវតែចូលរួមដោះស្រាយ និងត្រូវមានការរៀបចំវិធានការ ជាច្រើនដើម្បីឱ្យដំណើរការសេដ្ឋកិច្ច ក្នុងរបៀបរស់នៅជាមួយកូវីដ ក្នុងនោះដែរក៏ត្រូវត្រៀមវិធានការជាច្រើនដើម្បីឆ្លើយតបជាមួយនឹងដំណាក់កាលក្រោយកូវីដ១៩ផងដែរ ជាមួយគ្នានេះបន្ទាប់ពីរាជរដ្ឋាភិបាលបានចាត់វិធានការជាបណ្តើរៗហើយនោះ ក៏បានធ្វើឱ្យប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ បានកើនឡើងជាបណ្តើរៗវិញផងដែរ៕