(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា សម្តេចមិនបានចោទអាមេរិក ពាក់ព័ន្ធសំណុំរឿងសន្និដ្ឋិភាពជាមួយរដ្ឋបរទេស របស់លោក កឹម សុខា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែលោក កឹម សុខា ខ្លួនឯងទេជាអ្នកនិយាយ តាមរយៈវីដេអូយ៉ាងរឹងមាំដែលបានផ្សព្វផ្សាយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រឿងចោទអាមេរិកពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា គួរតែអាមេរិកដោះស្រាយជាមួយលោក កឹម សុខា ផ្ទាល់ ព្រោះគាត់ជាអ្នកនិយាយ។ សម្តេចបញ្ជាក់ថា ទាំងតុលាការ ទាំងរាជរដ្ឋាភិបាលកម្ពុជា មិនបានចោទអាមេរិកទេ។

ការលើកឡើងរបស់សម្តេចតេជោដូច្នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជា២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំអត់ចោទអាមេរិកទេ អ្វីដែលមាន [វីដេអូ] នោះគឺឯកឧត្តម កឹម សុខា គាត់និយាយខ្លួនឯង ដូច្នេះត្រូវការដោះស្រាយរវាងអាមេរិក និង កឹម សុខា អីចឹងអាមេរិកប្រកាសបដិសេធថា បានធ្វើអីចឹងដូច កឹម សុខា និយាយអត់? [...] ខ្ញុំសូមជម្រាបទាំងតុលាការ ទាំងរាជរដ្ឋាភិបាលអត់មានចោទអាមេរិក អ្វីដែលកើតមានគឺ កឹម សុខា និយាយពីអាមេរិកជួយ [...] អីចឹងរឿងនេះមិនមែនរឿងកម្ពុជាជាមួយអាមេរិកឯណា ជារឿងរបស់ កឹម សុខា»

សម្តេចតេជោបានបញ្ជាក់ឲ្យដឹងថា ចំពោះឃ្លីបវីដេអូជាភស្តុតាងពាក់ព័ន្ធការនិយាយរបស់លោក កឹម សុខា ដែលក្រុមមេធាវីរបស់លោក កឹម សុខា ដាក់ជូនតុលាការ គឺដូចគ្នានឹងវីដេអូភាគីដើមបណ្តឹងដាក់ជូនតុលាការដែរ ដូច្នេះមិនមែនជាការកាត់ត ដូចការលើកឡើងរបស់មនុស្សមួយចំនួននោះទេ។

សម្តេចតេជោបានបន្ថែមថា ចំពោះដំណើររឿងក្តីរបស់លោក កឹម សុខា ទុកឲ្យតុលាការជាអ្នកសម្រេច។ ដូចគ្នារឿងលោក កឹម សុខា សុំចេញមកក្រៅប្រទេស ក៏ជាការសម្រេចរបស់តុលាការផងដែរ។

សូមជម្រាបថា ភស្តុតាងជាវីដេអូយ៉ាងរឹងមាំ ដែលលោក កឹម សុខា ខ្លួនឯងបាននិយាយរៀបរាប់អំពីផែនការ ដែលគាត់បានរៀបចំជាសម្ងាត់យូរមកហើយ ជាមួយបរទេស ដោយរាប់តាំងពីការជ្រើសរើសយកគាត់ ទៅបណ្តុះបណ្តាលនៅបរទេស រហូតដល់ការដឹកនាំធ្វើសកម្មភាពក្នុងស្រុក ដោយមានការជួយ ឬចូលរួមពីបរទេស។ ផែនការដែលបានរៀបចំជាមួយបរទេសនោះ គឺផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមបែបបដិវត្តន៍ពណ៌ ដោយយកគំរូតាមស៊ែរប៊ី-យូហ្គូស្លាវី៕