(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានណែនាំឲ្យសិក្សាធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស ពិសេសអាមេរិក និងកាណាដាជាដើម ដើម្បីផ្ដល់ភាពងាយស្រួលដល់ពួកគាត់ ដែលចង់ទិញអចលនទ្រព្យនៅពេលត្រឡប់មកប្រទេសកំណើតវិញ នៅថ្ងៃណាមួយ ខណៈពួកគាត់មិនមានឈ្មោះក្នុងបញ្ជីនៅកម្ពុជាឡើយ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា នាទីក្រុងវ៉ាស៉ីនតោន សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ត្រូវធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ពិសេសផ្នែកអត្តសញ្ញាណកម្ម ដើម្បីសម្រួលការងារនេះ ក្រោយពីសម្ដេចបានលឺពីការលំបាករបស់ប្រជាពលរដ្ឋខ្មែរអាមេរិក។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បងប្អូនមកនេះ អត់មានសញ្ជាតិខ្មែរទេ ព្រោះមកតាំងពីតូច ឬមកអត់មានឈ្មោះបញ្ជីក្នុងស្រុកទេ។ អញ្ចឹងត្រូវធ្វើមិចឲ្យបងប្អូនអាចមានអត្តសញ្ញាណបណ្ណខ្មែរបាន ព្រោះមួយចំនួនមាន តែមួយចំនួនអត់មានទេ។ ចឹងយើងត្រូវរកនីតិវិធីសម្រួលឲ្យបងប្អូនយើងដែលនៅក្រៅប្រទេស មានលទ្ធភាព ព្រោះខ្លះទៅស្រុកទិញដីទិញធ្លី ធ្វើផ្ទះ»

ភ្ជាប់ជាមួយរឿងអត្តសញ្ញាណបណ្ណនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំដល់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស នៅពេលទទួលបានអត្តសញ្ញាណសញ្ជាតិខ្មែរហើយនោះ ត្រូវទៅចុះឈ្មោះបោះឆ្នោត ហើយការបោះឆ្នោតនេះទៀតសោត ត្រូវទាមទារសិទ្ធិបោះឆ្នោតដោយផ្ទាល់ មិនអាចបោះឆ្នោតតាមប្រៃសណីយនោះទេ ព្រោះជាច្បាប់បោះឆ្នោតរបស់កម្ពុជា គឺត្រូវបោះឆ្នោតផ្ទាល់។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានលើកជាឧទាហរណ៍ជាក់ស្ដែងថា ការបោះឆ្នោតតាមប្រៃសណីយ៍មិនស្រួលនោះទេ សូម្បីតែអាមេរិកផ្ទាល់នេះ ក៏ជួបបញ្ហារួចមកហើយរហូតមានទំនាស់រវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ របស់លោក ដូណាត្រាំ និងលោក ចូបៃ ឌិន។

សម្ដេចបន្ដថា កាលនោះបើរាប់សន្លឹកឆ្នោតដែលបោះដោយផ្ទាល់ គឺលោក ដូណាត្រាំ ជាអ្នកឈ្នះ ប៉ុន្ដែបើបូកបញ្ចូលការបោះឆ្នោតតាមប្រៃសណីយ គឺលោក ចូបៃ ឌិន ជាអ្នកដែលទទួលបានជ័យជម្នះ។ សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា អាមេរិក ដែលបិតាប្រជាធិបតេយ្យហើយ នៅតែមានការចោទប្រកាន់បែបនេះ រហូតមានជម្លោះឈានដល់ការធ្វើបាតុកម្មជាដើម។

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ការបោះឆ្នោតដោយផ្ទាល់នៅកម្ពុជា នៅមានគេចោទប្រកាន់ថា លួចបន្លំសន្លឹកឆ្នោត ចុះទម្រាំបោះតាមប្រៃសណីយ៍ទៀតនោះ តើការចោទប្រកាន់នេះដល់កម្រិតណាទៅ។ ក្នុងន័យនេះហើយ បានសម្ដេចណែនាំឲ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ពេលមានអត្តសញ្ញាណបណ្ណហើយ ត្រូវចុះឈ្មោះ និងចូលរួមបោះឆ្នោតដោយផ្ទាល់៕