(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានទទួលជួបគណៈប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជាដឹកនាំដោយ លោក វ៉ាំងសង់ អេប្លេ (Vincent Eble) សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុម នៅវិមានព្រឹទ្ធសភា។

លោក វ៉ាំងសង់ អេប្លេ បានដឹកនាំគណៈប្រតិភូបានមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។

ទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ បានឆ្លុះបញ្ចាំងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យដែលមានស្រាប់ និងរួមចំណែកបន្តពង្រឹងពង្រីកឱ្យកាន់តែខ្លាំងក្លាថែមទៀតរវាងកម្ពុជា-បារាំង និងរវាងព្រឹទ្ធសភាទាំងពីរ ដើម្បីនាំមកនូវគុណប្រយោជន៍ដ៏ធំធេងទាំងពេលបច្ចុប្បន្ន និងពេលអនាគតសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕