(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានវេទិកាសន្តិភាពកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំកម្ពុជាទី១ ដែលអង្គុយស្មើមុខស្មើឋានៈជាមួយប្រធានាធិបតីអាមេរិក។

លោក សួន សេរីរដ្ឋា បានលើកឡើងដូច្នេះថា «ថ្ងៃនេះមេដឹកនាំកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ដែលគេធ្លាប់មើលងាយ ដែលគេធ្លាប់ជេរប្រមាថ ដែលគេធ្លាប់សង្កត់ដាក់សម្ពាធ និងទណ្ឌកម្មគ្រប់យ៉ាងនោះ លោកបានដឹកនាំប្រតិភូកម្ពុជា អង្គុយស្មើមុខស្មើឋានៈជាមួយមេដឹកនាំនៃប្រទេសមហាអំណាចមួយ សម្រាប់ប្រធានបទតំបន់ និងអន្តរជាតិ ដែលនេះបង្ហាញច្បាស់ថា៖ កម្ពុជានៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំឱ្យប្រជាជនកម្ពុជា មានមោទនភាព និងប្រទេសជាតិខ្ពស់មុខខ្ពស់មាត់នៅលើឆាកអន្តរជាតិ»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូទៅដល់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ដើម្បីទៅចូលរួមធ្វើជាសហប្រធានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ។

លោក សួន សេរីរដ្ឋា បានលើកឡើងថា ការសិក្សាពីប្រវត្តិទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិកកន្លងមក គឺប្រទេសអាមេរិកបញ្ជូនត្រឹមតែរដ្ឋមន្ត្រីការបរទេស និងស្ត្រីទីមួយ (ភរិយាប្រធានាធិបតី) ប៉ុណ្ណោះមកធ្វើទស្សនកិច្ចនៅកម្ពុជា និងមិនដែលអញ្ជើញមេដឹកនាំកម្ពុជាណាម្នាក់ចូល សេតវិមាន អង្គុយស្មើគ្នាជាមួយនឹងប្រធានាធិបតីនោះទេ។ តែក្នុងយុគសម័យសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសកម្ពុជា មានប្រធានាធិបតីអាមេរិក (បារ៉ាក់ អូបាម៉ា) បានមកចូលរួមប្រជុំ និងទស្សនកិច្ចកម្ពុជា ហើយក្រៅពីនោះមានរដ្ឋមន្ត្រីការបរទេសអាមេរិក និងឧបការី ក៏បានមកកម្ពុជាជាញឹកញាប់ផងដែរ។

លោកបានគូសបញ្ជាក់ថា៖ «ពិសេសបំផុតនោះគឺក្នុងឆ្នាំ២០២២នេះ ក្នុងឋានៈជាប្រធានប្តូរវេនរបស់សមាគមអន្តររដ្ឋាភិបាលអាស៊ាន សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជាត្រូវបានប្រធានាធិបតីអាមេរិក លោក ចូ បាយដិន អញ្ជើញឱ្យធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលរៀបចំធ្វើនៅសេតវិមានប្រធានាធិបតី ក្នុងទីក្រុងវ៉ាស៊ីងតុនឌីស៊ី តែម្តង»

លោក សួន សេរីរដ្ឋា បានចាត់ទុកថា នេះជាមហាជោគជ័យនៃប្រវត្តិសាស្ត្ររបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលលោកចំណាយពេលពេញមួយជីវិតតាំងពីយុវវ័យដោយយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះអាយុជីវិតប្រជាជនខ្មែររាប់លាននាក់ពីរបបខ្មែរក្រហម កសាងប្រទេសពីបាតដៃទទេ ស្វែងរកសន្តិភាព កសាងសន្តិភាព យកសន្តិភាពពិតប្រាកដជូនប្រជាជនកម្ពុុជា ដឹកនាំអភិឌ្ឍន៍សេដ្ឋកិច្ចជាតិកម្ពុជាឱ្យរីកចម្រើនរហូតមកទល់ថ្ងៃនេះ និងទប់ទល់គ្រប់សភាពការណ៍នៃចរន្តពួកអ្នកចង់បំផ្លាញកម្ពុជា៕