(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ដល់សាធារណជន និងអ្នកជាប់ពន្ធជ្រៀសវាងការចាញ់បោកមនុស្សមួយក្រុម ដែលប្រើប្រាស់ឯកសណ្ឋានជាមន្ត្រីពន្ធដារដោយខុសច្បាប់។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីជូនដំណឹងបានឲ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារ បានទទួលដំណឹងថា មានមនុស្សមួយក្រុម ដែលក្នុងនោះបានប្រើប្រាស់ និងជាប់ពាក់ព័ន្ធនឹងគណនី ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលមានឈ្មោះថា Thyrith Sochantha, Thirith Kong, ហម ផល្គុន និង Princess Small បានបង្ហោះក្នុងបណ្តាញសង្គមរបស់ខ្លួន ដោយមានសកម្មភាពដូចជា៖ ស្លៀកពាក់ឯកសណ្ឋានដែលមានទម្រង់ជាមន្ត្រីរាជការពន្ធដារ, បង្ហោះរូបភាពក្នុងឯកសណ្ឋាន ឬមានពាក់កាតសម្គាល់អង្គភាពនៅមុខរដ្ឋបាលខេត្តមួយចំនួន ហើយគណនី Thyrith Sochantha និង Princess Small ក៏បានបង្ហាញក្នុងគណនីរបស់ខ្លួនថា កំពុងបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើ អគ្គនាយកដ្ឋានពន្ធដារសូមធ្វើការជូនដំណឹងដល់សាធារណជនទាំងអស់ និងអ្នកជាប់ពន្ធ មេត្តាជ្រាបថា មនុស្សមួយក្រុមនេះ មិនមែនជាមន្ត្រីរាជការពន្ធដារ ឬជាមន្ត្រីជាប់កិច្ចសន្យានៃអង្គភាពក្រោមឱវាទ នៃអគ្គនាយកដ្ឋានពន្ធដារណាមួយឡើយ។

ករណីនេះ គឺជាករណីប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ ឯកសណ្ឋានសម្រាប់អាជ្ញាធរសាធារណៈ ដែលអគ្គនាយកដ្ឋានពន្ធដារសង្ស័យថា ជាការប្រើប្រាស់ សម្លៀកបំពាក់ និងឯកសណ្ឋានក្នុងគោលដៅទុច្ចរិតណាមួយ ដូចជាការក្លែងបន្លំ ឬឆបោក សាធារណជន ឬអ្នកជាប់ពន្ធ តាមរូបភាពណាមួយជាយថាហេតុ និងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងនូវកិត្តិយស សេចក្តីថ្លៃថ្នូរ និងការបំពេញការងារស្របច្បាប់របស់អគ្គនាយកដ្ឋានពន្ធដារ។ បច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកជូនសាធារណជន និងអ្នកជាប់ពន្ធ សូមចៀសវាងការពាក់ព័ន្ធជាមួយមនុស្សមួយក្រុមនេះ ដើម្បីកុំឱ្យមានការឆបោកក្លែងបន្លំ ឬកេងប្រវ័ញ្ច ក្នុងរូបភាពណាមួយជាយថាហេតុ និងសូមលើកទឹកចិត្តដល់សាធារណជន និងអ្នកជាប់ពន្ធ ដែលទទួលបានព័ត៌មានពីការក្លែងបន្លំខាងលើ សូមរាយការណ៍មកអគ្គនាយកដ្ឋានពន្ធដារ តាមរយៈលេខទូរស័ព្ទ ១២៧៧៕