(សៀមរាប)៖ អង្គការសុខុមាលភាពសត្វពិភពលោក FOUR PAWS ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាអង្គការគាំពារលើសុខភាពសត្វ បានរៀបចំសិក្ខាសាលាដ៏មាន សារៈសំខាន់មួយស្តីពី «ការយល់ដឹងអំពីការជួញដូរសាច់សុនខ» ដើម្បីធ្វើការពិភាក្សាអំពីផលប៉ះពាល់នៃការជួញដូរសាច់សុនខនៅប្រទេសកម្ពុជា និងនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ផលប៉ះពាល់មកលើសក្តានុពលនៃវិស័យទេសចរណ៍ និងសុខភាពមនុស្ស និងសត្វ។

សិក្ខាសាលានេះបានរៀបចំឡើងក្នុងពេលថ្មីៗកន្លងមកនេះនៅខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប និងរាជធានីភ្នំពេញ ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល វិស័យឯកជនផងដែរ។

លោក Matt Backhouse ប្រធានផ្នែកការថែទាំសត្វអនាថាក្នុងតំបន់អាស៊ីអាគ្នេយ៍នៃអង្គការ ហ្វរផរ បានឱ្យថា សិក្ខាសាលាមួយនេះ គឺជាសិក្ខាសាលាដ៏ពិសេសមួយ បន្ទាប់ពីប្រឈមនូវបញ្ហាជុំវិញជំងឺកូវីដ-១៩ និងផលប៉ះពាល់មកកាន់ពិភពលោក លោកក៏បានបង្ហាញសេចក្តីសោមនស្សរីករាយដែលបានឃើញពីការតតាំងយ៉ាងរឹងមាំ ឆ្ពោះទៅរកការបញ្ចប់អាជីវកម្មសាច់សុនខ និងឆ្មានៅកម្ពុជា។ លោកអះអាងថា ការលក់សាច់សត្វចិញ្ចឹមបានជះឥទ្ធិពលនៃផលប៉ះពាល់មកកាន់មនុស្ស និងសត្វផ្ទាល់ ម៉្យាងដើម្បីផលប្រយោជន៍របស់ប្រទេសជាតិទាំងមូល និងសង្ឃឹមថាទាំងអស់គ្នាអាចសហការគ្នាដើម្បីបញ្ចប់អាជីវកម្មមួយនេះឱ្យបានល្អ។

លោក Matt Backhouse ក៏បានថ្លែង អំណរគុណ ដល់អាជ្ញាធរខេត្តសៀមរាប ព្រមទាំងអបអរសាទរចំពោះការខិតខំប្រឹងប្រែងក្នុងការហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ ពិឃាតសត្វសុនខនៅ ក្នុងខេត្តសៀមរាប។ ក្នុងពេលអនាគត អង្គការ ហ្វរផរ គ្រោងនឹងសហការបន្ថែមទៀតជាមួយអាជ្ញាធរ ដោយមានគោលបំណងលុបបំបាត់ការជួញដូរ សាច់សុនខ និងឆ្មាទូទាំងប្រទេសកម្ពុជា។

លោក ប៉ែន ប៊ុនធឿន មកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងដែរថា យើងមានមោទនភាព ដែលបានក្លាយជាខេត្តដំបូងគេក្នុងប្រទេសកម្ពុជា ដែលចេញសេចក្តីជូនដំណឹងហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ ពិឃាតសត្វសុនខ (ឆ្កែ) ហើយនឹងសង្ឃឹមខ្ពស់ក្នុងការសហការគ្នាជាមួយអង្គការ ហ្វរផរ និងដៃគូរនា ពេលអនាគត ដើម្បីអនុវត្តសេចក្តីហាមឃាត់មួយនេះ និងសូមលើកទឹកចិត្តឱ្យខេត្តផ្សេងទៀត និងប្រជាជាតិទាំងមូលរួមរួបគ្នាក្នុងការប្រឆាំងអាជីវកម្មសាច់សត្វចិញ្ចឹមនេះ។

លោក ប្រាក់ សុម៉ាធី នាយកជាន់ខ្ពស់នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឱ្យដឹងដែរថា សត្វសុនខ ជាចំណែកមួយដ៏សំខាន់នៃសង្គមវាបានជួយ សង្រ្គោះជីវិត ការពារមនុស្ស ហើយពួកវាក៏ជាចំណែកមួយក្នុងជីវិតរបស់យើងផ្ទាល់ផងដែរ។ សត្វសុនខ គួរណាស់ត្រូវទទួលបានតម្លៃខ្ពស់ពីមនុស្សផងដែរ ពួកវាមិនសក្តិសមនឹងត្រូវ បានគេសម្លាប់សម្រាប់យកសាច់មកជួញដូរនោះទេ ហើយពួកវាក៏សក្តិសមនឹងទទួលបានសេចក្តីស្រលាញ់ និងការអាណិតអាសូរពីមនុស្សផ្ទាល់៕