(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់មិនទទួលស្គាល់ប័ណ្ណ ឬវិញ្ញាបនត្រចាក់វ៉ាក់សាំងកូវីដ១៩ ដែលចេញដោយក្រុមហ៊ុនឯកជន ឬបុគ្គលណាក្រៅពីក្រសួងសុខាភិបាល ឬក្រសួងការពារជាតិនោះទេ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស។

ការចេញមកបដិសេធរបស់គណៈកម្មការចំពោះកិច្ចបែបនេះ បន្ទាប់ពីកន្លងមកមានការប្រកាសផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គមរបស់ក្រុមហ៊ុនឯកជន និងបុគ្គលមួយចំនួនថា ខ្លួនគាត់មានការសហការជាមួយក្រសួងសុខាភិបាលក្នុងការធ្វើប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ថ្មី ឬអាចចេញវិញ្ញាបនបត្រ ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ទៅក្រៅប្រទេស។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមបដិសេធចោលទាំងស្រុងនូវការប្រកាសរបស់ក្រុមហ៊ុន និងបុគ្គលទាំងនោះ និងសុំបញ្ឈប់សកម្មភាពឃោសនាទាំងអស់នេះជាបន្ទាន់។ ជាមួយគ្នានេះ គ.វ.ក-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវឈប់ជឿលើការឃោសនាបោកប្រាស់ទាំងនោះ ដើម្បីជៀសវាងនូវការខាតបង់ប្រាក់ និងបង្កឲ្យមានភាពអនាធិបតេយ្យ ក្នុងសង្គមដែលធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយ របស់រាជរដ្ឋាភិបាល។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) មិនទទួលស្គាល់ប័ណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលចេញដោយក្រុមហ៊ុនឯកជន ឬបុគ្គលណាក្រៅពីក្រសួងសុខាភិបាល ឬក្រសួងការពារជាតិទេ។ ការស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងតាមប្រព័ន្ធអនឡាញ (ដោយខ្លួនឯង ឬអ្នកស្នើសុំជំនួស) តាមរយៈតំណភ្ជាប់ http://search.vaccine.gov.kh និងមិនមានបង់កម្រៃទេ៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖