(ភ្នំពេញ)៖ លោក ម៉ុក ម៉ារ៉េត សមាជិករដ្ឋសភា បានផ្ញើលិខិតថ្លែងអំណរគុណជូន សម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាពភរិយារបស់លោក គឺលោកស្រី ឈា ឡាង។ នេះបើតាមលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

ក្នុងលិខិតថ្លែងអំណរគុណនោះ លោក ម៉ុក ម៉ារ៉េត បានផ្ញើជូន៖

* សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង
* ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
* ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
* ឯកឧត្តម កិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា
* ឯកឧត្តម ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍
* ឯកឧត្តម ជាម យៀប អនុប្រធានទី១ រដ្ឋសភា
* លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី១ រដ្ឋសភា។

សូមជម្រាបថា លោកស្រី ឈា ឡាង ត្រូវជាភរិយារបស់លោក ម៉ុក ម៉ារ៉េត បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នៅប្រទេសបារាំង ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ៕