(ភ្នំពេញ)៖ បច្ចុប្បន្ននេះការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងបណ្តាញទំនាក់សង្គមបានជំរុញឱ្យ មានការផលិតភាពយន្ត ឬវីដេអូខ្លីៗជាច្រើន ដើម្បីបម្រើដល់ការកម្សាន្តរបស់មនុស្សគ្រប់វ័យ។ ប៉ុន្តែទន្ទឹមនឹងការរីកចម្រើននេះ ក៏គេឃើញមានវីដេអូដែលផ្សព្វផ្សាយ នៅលើបណ្តាញទំនាក់ទំនងសង្គមមួយចំនួនតូចបាន ជះឥទ្ធិពលមិនល្អដល់សង្គមជាតិវិញ ផងដែរ។

តើក្នុងបរិបទនេះផលិតករ និងសិល្បៈករមានតួនាទីសំខាន់អ្វីខ្លះ ក្នុងការលើកកម្ពស់សីលធម៌សង្គមខ្មែរ និងទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងកុមារ? លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនក្នុងបទសម្ភាសន៍ នៅទីស្តីការក្រសួងកាលពីពេលថ្មីៗនេះថា ផលិតករ និងសិល្បករ សិល្បការិនី ត្រូវបានគេចាត់ទុកជាបុគ្គលសាធារណៈ ដ៏សំខាន់ក្នុងផ្សព្វផ្សាយអប់រំដល់សង្គមជាតិ ជាពិសេសយុវវ័យ។

លោកជំទាវបានបញ្ជាក់ថា «តួនាទីរបស់ផលិតករ អ្នកនិពន្ធ សិល្បករ សិល្បការិនី អ្នកផលិតមាតិកាកម្សាន្តលើបណ្ដាញសង្គម ត្រូវបញ្ជ្រាបខ្លឹមសារអប់រំក្នុងភាពយន្ត ឬវីដេអូ ដើម្បីចូលរួមទប់ស្កាត់ការប្រើប្រាស់អំពើហិង្សាលើស្ត្រីនិងកុមារ, ត្រូវប្រកាន់ភ្ជាប់នូវ សីលធម៌វិជ្ជាជីវៈរបស់ខ្លួន ក្នុងការផលិតស្នាដៃមុននឹងយកទៅ ផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម, ត្រូវបង្កប់ន័យអប់រំដល់ទស្សនិកជន អ្នកគាំទ្រ ជាពិសេសយុវជន និងកុមារ ត្រូវបញ្ឈប់រាល់ខ្លឹមសារ ឬរូបភាព ដែលបង្កឱ្យមានការប៉ះពាល់ដល់ សីលធម៌សង្គម ប្រពៃណី ទំនៀមទម្លាប់ និងតម្លៃស្ត្រី និងត្រូវបង្កើតស្នាដៃដែលមានផលវិជ្ជមាន ដល់បុគ្គលក្រុម សហគមន៍ និងសង្គមជាតិ»

ជាមួយគ្នានេះ ការស្លៀកពាក់ការតុបតែងខ្លួន របស់សិល្បករសិល្បការិនី ក៏ជារឿងសំខាន់ដែរ បើស្លៀកពាក់មិនស្រួលបង្កឱ្យមាន រូបភាពអាសអាភាសពេលផ្សព្វផ្សាយទៅលើបណ្តាញសង្គម វានឹងជះឥទ្ធិពលមិនល្អ។ លោកជំទាវរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ក្រសួងពាក់ព័ន្ធគាំទ្រលើកទឹកចិត្តដល់អ្នកផលិតវីដេអូ ដែលមានខ្លឹមសារអប់រំបម្រើដល់សង្គមជាតិ ហើយមិនគាំទ្រដាច់ខាត់ចំពោះផលិតករ សិល្បករ សិល្បការីនី ឬអ្នកលក់អនឡាញណា ដែលបំពុលសង្គម ប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ និងជំរុញឱ្យមានអំពើហិង្សាលើស្ត្រី និងកុមារ។

លោកជំទាវបញ្ជាក់ថា ការផ្សព្វផ្សាយផលិតផ្សេងៗ អ្នកនិពន្ធ អ្នកដឹកនាំរឿង ឬអ្នកលក់ផលិតផលតាមអនឡាញមានវិធីសាស្ត្រច្រើន ក្នុងការទាក់ទាញចំណាប់អារម្មណ៍ អ្នកមើលបង្កប់ជាមួយផលប្រយោជន៍សង្គម។

សំឡេង៖ «អ្វីដែលត្រូវផ្សព្វផ្សាយ ត្រូវតែជាការពិត មិនមែនចង់ឱ្យតែលក់ដាច់មិនគិតពីផលប៉ះពាល់សង្គមទេ! សិល្ប៍វិធីមានច្រើនណាស់ មិនគួរយកអត្តសញ្ញាណ វប្បធម៌ ប្រពៃណី តម្លៃរបស់ជាតិ យកទៅលេងសើចបម្រើ ផលប្រយោជន៍ខ្លួននោះទេ គួរតែរៀនសូត្រនូវអ្វីដែលអាចផ្សព្វផ្សាយបាន មិនធ្វើឱ្យធ្លាក់ចុះនូវតម្លៃសីលធម៌ និងអត្តសញ្ញាណជាតិ»

លោកជំទាវបញ្ជាក់ថា សិល្បករ សិល្បការិនីមានតួនាទីសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយដំណឹងអ្វីមួយ ព្រោះពួកគេម្នាក់ៗមានអ្នកគាំទ្រនៅលើ បណ្តាញសង្គមរាប់លាននាក់ ដូច្នេះបើពួកគាត់ធ្វើជាអ្នកនាំសារ ផ្សព្វផ្សាយពីតម្លៃជាតិ វប្បធម៌របស់ខ្មែរ នឹងធ្វើឱ្យមានការជះឥទ្ធិពលល្អមកលើសង្គមជាតិ។

លោកសុវណ្ណ ឫទ្ធី ហៅលោកតា វ៉ិចទ័រ ជាផលិតករម្នាក់បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា ផលិតករ សិល្បករ សិល្បការីនី ពិតជាមានតួនាទីសំខាន់ក្នុងការលើកកម្ពស់សីលធម៌សង្គមខ្មែរ។ លោកបញ្ជាក់ថា ផលិតករ សិល្បករ សិល្បការីនី មុននឹងផលិតរឿង ឬវីដេអូអ្វីមួយ ត្រូវគិតពីក្រមសីលធម៌ ច្បាប់សង្គម តម្លៃអប់រំ លើកតម្លៃសង្គម ស្ត្រីនិងកុមារ។

សំឡេង៖ «ការបញ្ចូលនូវក្រមសីលធម៌គឺវាមានអត្ថប្រយោជន៍ច្រើនណាស់ សម្រាប់អ្នកទស្សនា ជាពិសេសក្មេងៗវាជាគំរូ ព្រោះថាក្មេងៗ គេមិនអាចទទួលបានការអប់រំដោយគ្មានគំរូទេ ដូច្នេះ បើយើងធ្វើគ្រាន់តែដើម្បីយកតែការទាក់ទាញ វាមិនត្រឹមត្រូវទេ ផលិតឱ្យតែបានថាផលិត ញ៉ាំឱ្យបានតែញ៉ាំវាមិនមានជីវជាតិ។ កម្មវិធីអ្វីមួយសម្រាប់ផ្សាយ ក៏វាដូចគ្នាដែរ យើងត្រូវគិតគូរពីសីលធម៌ វប្បធម៌ ទំនៀមទំលាប់ និងស្គាល់ថា ខ្លួនឯងជាខ្មែរ»

ដើម្បីលើកកម្ពស់តម្លៃសង្គមនេះដែរ លោក សុវណ្ណ ឬទ្ធី ក៏បានស្នើដល់ម្ចាស់ឧបត្ថម្ភ ត្រូវចេះមើលពីតម្លៃកម្មវិធី ឬសាច់រឿង អត្ថន័យខ្លឹមសារផង មិនមែនអាងតែមានលុយ ចេះតែគាំទ្រនោះទេ បើមិនដូច្នោះទេ ការគាំទ្រនោះ នឹងធ្វើឱ្យកាន់តែបាត់បង់តម្លៃស្ត្រី និងប៉ះពាល់សង្គមជាតិវិញជាមិនខាន។

ជាមួយគ្នានេះដែរលោក ស៊ុ សារុន ហៅសាន់តា KH ជាអ្នកផលិតវីដូអូខ្លី និងជាតារាសម្តែងបែបកំប្លែងម្នាក់ ក៏ចាត់ទុកថា លោកក៏ដូចជាសិល្បករផ្សេងៗទៀតដែរ គឺជាមនុស្ស ដែលសង្គមស្គាល់ច្រើនបើផ្សាយមិនស្រូលទេ នឹងមានផលប៉ះពាល់សល់សង្គមជាតិ និងអ្នកទស្សនា។ ដូច្នេះលោកមានតែការប្តេជ្ញាខិតខំរៀនសូត្រ និងផលិតវីដេអូថ្មីៗឱ្យបានច្រើន ដោយបញ្ចូលនូវសារអប់រំពាក់ព័ន្ធទៅនឹងតម្លៃសង្គម លើកកម្ពស់តម្លៃស្ត្រី កុមារ ជាពិសេសសារអប់រំពីបញ្ហាគ្រឿងញៀន គ្រឿងស្រវឹងជាដើម។

សំឡេង៖ «ជាទូទៅការធ្វើវីដេអូរបស់ខ្ញុំបែបកំប្លែង សប្បាយៗតាមទីសាធារណៈ ហើយបន្តទៀតយើងនឹងបង្កើន ការបញ្ចូលសារអប់រំឱ្យបានច្រើន ហើយបន្ទាប់ពីបានស្តាប់លោកអ៊ំជំទាវគាត់មានប្រសាសន៍អ៊ីចឹង ធ្វើឱ្យយើងកាន់តែនឹកឃើញបង្កើតនូវអ្វីដែលថ្មី និងមានការអប់រំ»

ក្រុមអ្នកតាមដានផ្នែកសង្គមនៅកម្ពុជា បានមើលឃើញថា អ្នកដែលធ្វើឱ្យមានបញ្ហាបំពុលសង្គមធ្វើឱ្យប៉ះពាល់តម្លៃស្ត្រី ប្រពៃណីវប្បធម៌ភាគច្រើនមិនមែនអ្នកសិល្បៈអាជីពទេ តែផ្ទុយទៅវិញគឺជាអ្នកលេងបណ្តាញសង្គមមានដូចជា៖ ហ្វេសបុក Tik Tok យូធូប ហើយតាំងខ្លួនជាតារា និងមួយចំនួន គឺអ្នកលក់តាមអនឡាញមួយដែល ខ្លះបានស្លៀកពាក់មិនសមរម្យ ចូលចិត្តយករឿងគ្រួសារមបញ្ចេញជាសាធារណៈនាំឱ្យមានការបំពុលសង្គមជាដើម។

សរុបជារួមមកផលិតករ សិល្បករ សិល្បការិនី អ្នកនិពន្ធទាំងអស់ពិតជាមានតួនាទីសំខាន់ណាស់ តាមរយៈការបញ្ចូលខ្លឹមសារអប់រំខ្លីៗទាក់ទងនឹង ការលើកកម្ពស់សីលធម៌សង្គម និងតម្លៃស្ត្រី ទៅក្នុងបណ្តាភាពយន្ត ចម្រៀង ភាពយន្តខ្នាតធំ ភាពយន្តភាគ ឬវីដេអូរបស់ខ្លួន ដោយប្រកាន់ភ្ជាប់នូវវប្បធម៌អហិង្សា និងលើកកម្ពស់ការរស់នៅ ប្រកបដោយភាពស៊ីវីល័យ ឱ្យសក្ដិសមជាប្រទេសមានសុខសន្តិភាពការអភិវឌ្ឍ និងជាប្រទេសដែលមានតម្លៃសីលធម៌សង្គមល្អផូរផង់ ដែលបន្សល់ទុកពីដូនតាខ្មែរយើងរាប់ជំនាន់តរៀងមក៕

អត្ថបទដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន