(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មានពិធីប្រកាសចេញផ្សាយជាផ្លូវការ និងជាសាធារណៈ នូវសៀវភៅសការពារជាតិឆ្នាំ២០២២ (DWP 2022) និងការផ្សព្វផ្សាយទូលាយការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២១២២ (ADMM 2022) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់លើខ្លឹមសារសំខាន់ៗមួយចំនួនរួមមាន៖

*ដោយហេតុថាសៀវភៅសការពារជាតិ ឆ្នាំ២០២២ គឺជាគោលនយោបាយយុទ្ធសាស្ត្ររយៈពេលវែងរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យការពារជាតិ និងសន្តិសុខ ហើយដែលត្រូវបានផ្តល់សច្ចាប័នដ៏ខ្ពង់ខ្ពស់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តម្រូវឱ្យចាត់ទុកឯកសារនេះជាត្រីវិស័យ និងជាគោលការណ៍សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រ ការធ្វើកំណែទម្រង់យោធា និងការកសាងសមត្ថភាពកងយោធពលខេមរភូមិន្ទ។ ទន្ទឹមនឹងនេះ សៀវភៅសការពារជាតិ ឆ្នាំ២០២២ គឺជាឧបករណ៍ដ៏សំខាន់នៅក្នុងទំនាក់ទំនងអន្តរជាតិ ជាពិសេសសុឆន្ទៈរបស់កម្ពុជា នៅក្នុងការកសាងទំនុកចិត្ត និងតម្លាភាពជាមួយបណ្តាប្រទេសនៅក្នុងតំបន់។

*សន្តិភាពដ៏កម្ររកបាននៅកម្ពុជា ទាមទារឱ្យមានការថែរក្សាការពារឱ្យបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ត្រូវចាត់វិធានការជាបន្ទាន់ចំពោះរាល់សកម្មភាពទាំងឡាយណា ដែលមានចរិតជាបដិវត្តន៍ពណ៌ ដើម្បីភាពសុខដុមរមនា និងវិបុលភាពរបស់ប្រជាជាតិកម្ពុជា។ ទន្ទឹមនឹងនេះ ត្រូវលើកស្ទួយតម្លៃ និងខិតខំកសាង តឹកតាងនៃប្រវត្តិសាស្ត្រយោធាដែលជាមូលដ្ឋានគ្រឹះនៃនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាព និងឯកភាព ជាតិពេញលេញ រហូតដល់សព្វថ្ងៃ និងតទៅថ្ងៃអនាគត។

*ការផ្សារភ្ជាប់ទំនាក់ទំនងរវាងសមរភូមិមុខ និងសមរភូមិក្រោយ គឺជាកត្តាមិនអាចខ្វះបានសម្រាប់ទ្រទ្រង់ដល់ខឿនការពារជាតិ។ សម្ព័ន្ធមេត្រីភាពរវាងកងទ័ព និងស្ថាប័នរដ្ឋ និងឯកជន និងលើកតម្លៃនៃពលិកម្មដ៏ធំធេងរបស់កងទ័ព និងបង្កើនការគាំទ្រទាំងស្មារតី និងសម្ភារៈ ពីសំណាក់សមរភូមិក្រោយ។

*ចាប់ពីពេលនេះតទៅការធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ គឺជាអាទិភាពចម្បងមួយ នៅក្នុងដំណើរការកែទម្រង់យោធា។ សមត្ថភាពកងយោធាកម្ពុជា នឹងមិនត្រូវបានចាប់បង្ខំឱ្យស្ថិតនៅក្នុងសភាពចាស់គម្រួលតោកយ៉ាក ឬដើរថយក្រោយនោះឡើយ។ ការធ្វើទំនើបកម្ម នឹងមិនមានត្រឹមតែមូលដ្ឋានកងទ័ពជើងទឹករាមប៉ុណ្ណោះទេ តែនឹងត្រូវធ្វើនៅក្នុងវិស័យផ្សេងៗទៀត ដូចជាការពារអាកាស អាវុធធុនធ្ងន់ ការសង្គ្រោះ ប្រតិបត្តិការរក្សាសន្តិភាព ការប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ ការធ្វើទំនើបកម្មនេះ មិនមែនបង្កការគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយ ផ្ទុយទៅវិញជាការការពារខ្លួន និងរួមចំណែកក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់តែប៉ុណ្ណោះ។

សម្រាប់កិច្ចប្រជុំ ADMM 2022 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះដំណើរការមកទល់នឹងពេលនេះទាំងជោគជ័យនៃកិច្ចប្រជុំដែលបានធ្វើរួចមកហើយ ក៏ដូចជាការព្រមព្រៀងលើឯកសារទស្សនទានមួយចំនួន ដែលភាគច្រើនផ្តួចផ្តើមដោយកម្ពុជា។ យើងកំពុងមមាញឹកនៅក្នុងការរៀបចំកិច្ចប្រជុំ ADMM) នៅក្នុងខែមិថុនា និងកិច្ចប្រជុំ ADMM បូក នៅក្នុងខែវិច្ឆិកា ស្របតាមមូលបទ «សាមគ្គីភាពដើម្បី សន្តិសុខប្រកបដោយសុខដុម»។ ទោះជាបានទទួលនូវលទ្ធផលជាវិជ្ជមានយ៉ាងណាក៏ដោយ កិច្ចប្រជុំ ADMM និង ADMM . . . នាពេលខាងមុខកំពុងប្រឈមជាមួយនឹងការលំបាកខ្លះៗ ដែលបណ្តាលមកពីបញ្ហាមីយ៉ាន់មា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន និងការប្រែប្រួលយ៉ាងឆាប់រហ័សផ្នែកភូមិសាស្ត្រនយោបាយនៅក្នុងតំបន់»

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ដោយសារបញ្ហាទាំងពីរនេះ ប្រទេសអាស៊ាន និងប្រទេសជាដៃគូសន្ទនាមួយចំនួនកំពុងមានការពិនិត្យ និងពិចារណាលើការចុះហត្ថលេខាលើសេចក្ដីប្រកាសរួម ដែលតំណាងឱ្យ ការពង្រឹងឯកភាព និងមជ្ឈភាពរបស់អាស៊ាន ព្រមទាំងឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអាស៊ាន និងប្រទេសបូក។ ក្នុងឋានៈជាម្ចាស់ផ្ទះ យើងពិតជាមិនចង់ឃើញទិដ្ឋភាពបែបនេះកើតឡើងនៅកម្ពុជា ដែលជាបច្ច័យមិនល្អ និងអាចក្លាយជាទម្លាប់ ឬជាប្រពៃណីតទៅថ្ងៃអនាគត។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យមានការយោគយល់ ដើម្បីរួមគ្នាបញ្ចៀសបញ្ហានេះ។

បញ្ញាមួយទៀត គឺកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសបូកមួយចំនួន។ សម្រាប់ឆ្នាំនេះកម្ពុជាបានទទួលសំណើពីប្រទេសបូកចំនួន៧ ហើយកម្ពុជាមានបំណងចង់ទទួលរៀបចំកិច្ចប្រជុំ ក្រៅផ្លូវការសម្រាប់ប្រទេសបូកទាំងនោះ ដោយហេតុថាជាការជួបគ្នាដោយផ្ទាល់លើកដំបូង បន្ទាប់ពីការចាប់ផ្តើមនៃជំងឺកូវីដ១៩។ លើសពីនេះទៀតវាជាឱកាសល្អមួយសម្រាប់ការប្រឹក្សាផ្លាស់ប្ដូរយោបល់អំពី ការវិវត្តន៍នៃសភាពការថ្មីៗនៅទូទាំងពិភពលោកផងដែរ។ ក៏ប៉ុន្តសុឆន្ទៈរបស់កម្ពុជាកំពុងប្រឈមជាមួយនឹងគោលការណ៍របស់ ADMM ដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំ២០២១ ក្នុងនោះកំណត់ឱ្យមានកិច្ចប្រជុំក្រៅផ្លូវ ការត្រឹមតែបួនប៉ុណ្ណោះ ក្នុងមួយឆ្នាំ។

ចំពោះករណីនេះ សម្តេចពិជ័យសេនា បានទទូចស្នើសុំឱ្យមានការយោគយល់ និងមានភាពបត់បែន ដើម្បីប្រយោជន៍រួមរបស់អាស៊ាន៕