(កំពត)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសម្ពោធជាផ្លូវការនៃរោងចក្រផលិតចំណីអាហាររបស់ក្រុមហ៊ុន ស៉ី.ភី ដែលជារោងចក្រផលិតចំណីអាហារស្តង់ដារ ដំបូងគេក្នុងប្រទេសកម្ពុជា។

ពិធីសម្ពោធនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅទីតាំងរោងចក្រផលិតចំណីអាហារខាងលើស្ថិតក្នុងភូមិឈើទាល ឃុំជម្ពូវ័ន្ដ ស្រុកជុំគិរី ខេត្តកំពត ដោយចូលរួមពីសំណាក់ លោក Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅរាជធានីភ្នំពេញ, លោក Wittaya Kreangkriwit ក្រុមប្រឹក្សាភិបាលរងជាន់ខ្ពស់នៃក្រុមហ៊ុន ស៉ី.ភី ខេមបូឌាចំកាត់ និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងគណៈប្រតិភូអមដំណើរ ព្រមទាំងភ្ញៀវកិត្តិយសសំខាន់ៗ ជាង ១ពាន់នាក់។
ដោយសារសន្ទុះនៃកំណើនប្រជាជន ស្របគ្នានឹងកំណើនសេដ្ឋកិច្ចមានការលូតលាស់យ៉ាងឆាប់រហ័ស បានធ្វើឲ្យតម្រូវការចំណីអាហារនាពេលបច្ចុប្បន្ននេះមានការកើនឡើងខ្ពស់។ ដូច្នេះដើម្បីឆ្លើយតបជាមួយសេចក្តីតម្រូវការ ខាងលើនេះ ក្រុមហ៊ុន ស៉ី.ភី ខេមបូឌា ចំកាត់ បានបង្កើតរោងចក្រចំណីអាហារស្តង់ដាឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដោយផ្ដោតសំខាន់ទៅលើស្តង់ដារ អនាម័យ គុណភាព និងសុវត្ថិភាពខ្ពស់ដល់ប្រជាជនកម្ពុជា។

លោក Wittaya Kreangkriwit បានថ្លែងថា ការបង្កើតរោងចក្រផលិតចំណីអាហារនេះឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់ស្តង់ដារគុណភាពនៃការផលិតចំណីអាហារនៅកម្ពុជា ឲ្យមានស្តង់ដារអន្តរជាតិ និងដើម្បីឲ្យប្រជាជនកម្ពុជាទទួលទានអាហារដែលមានគុណភាពអនាម័យ និងដែលជាផលិតផល ផលិតក្នុងស្រុក។ លើសពីនេះទៅទៀត ក្រុមហ៊ុនស៉ីភី ក៏បានធ្វើអនុស្សារណៈនៃការយោគយល់ជាមួយ សាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា ដើម្បីចែករំលែកចំណេះដឹងបច្ចេកទេសផ្សេងៗ ដែលទាក់ទងនឹងបច្ចេកវិទ្យាផលិតចំណីអាហារ ព្រមទាំងផ្ដល់ឱកាសការងារទាក់ទងនឹងអាជីវកម្មកសិឧស្សាហកម្ម និងអាហារដល់ប្រជាជនកម្ពុជាផងដែរ។

លោក Wittaya Kreangkriwit បានផ្ដល់ជាឧទាហរណ៍បន្ថែមនូវគោលការណ៍ ការផលិតចំណីអាហារប្រកបដោយអនាម័យល្អថា ការទទួលបានសាច់ដែលមានភាពស្រស់ល្អ ត្រូវមានគោលការទាំងអស់ ៥ប្រការ ដូចជា៖

*ទី១៖ សត្វត្រូវមានសុខភាពល្អ ដឹកចេញពីកសិដ្ឋានចិញ្ចឹមបែបស្តង់ដារ។
*ទី២៖ ការរៀបចំទុកដាក់សត្វមុនចូលរោងពិឃាត គឺសត្វមិនទទួលរងសម្ពាធផ្នែកអាហារ ព្រោះថាពេលដែលសត្វរងសម្ពាធ នឹងធ្វើឲ្យគុណភាពសាច់ធ្លាក់ចុះ។
*ទី៣៖ ទីកន្លែង និងឧបករណ៍ ត្រូវតែភាពស្អាត ដោយជ្រើសរើសឧបករណ៍ដែលត្រឹមត្រូវ ទំនើប និងមានការថែរក្សាបានល្អ អោយរួចរាល់សម្រាប់ទុកប្រើប្រាស់។
*ទី៤៖ ដំណើរការផលិត ត្រូវតែមានស្តង់ដារត្រឹមត្រូវ តាមគោលការណ៍និងអនាម័យ មានការបែងចែករវាងផ្នែកស្អាតនិងផ្នែកកខ្វក់ចេញពីគ្នាយ៉ាងច្បាស់លាស់ ត្រូវបានត្រួតពិនិត្យភ្នាក់ងារចម្លងរោគគ្រប់ដំណាក់កាលនៃការផលិត។
*ទី៥៖ ការថែរក្សាសាច់បន្ទាប់ពីការកែច្នៃហើយសាច់ត្រូវតែរក្សាទុកមនុស្សក្នុងសកម្មភាពត្រឹមត្រូវ ដើម្បីរារាំងការលូតលាស់នៃបាក់តេរី ដែលបណ្ដាលឱ្យសាច់ខូច។
លោកបន្តថា «ប្រសិនបើប្រតិបត្តិបានគ្រប់ទាំង ៥ចំណុចនេះហើយនោះ ធ្វើឲ្យយើងទទួលបានសាច់សត្វដែលមានគុណភាពល្អស្រស់អនាម័យនិងសុវត្ថិភាពដល់អ្នកបរិភោគ»

លោក Panyarak Poolthup បានថ្លែងថា ក្រុមហ៊ុនស៉ីធីខេមបូឌា ចំកាត់ គឺជាក្រុមហ៊ុនកសិឧស្សាហកម្ម និងអាហារឈានមុខគេមួយនៅក្នុងប្រទេសថៃ ដែលបានសហការជាមួយរាជរដ្ឋាភិបាលថៃរហូតមក។ ក្រុមហ៊ុនស៉ីភី បានផ្ដោតលើការអភិវឌ្ឍផលិតផលចំណីអាហាររបស់ប្រទេសថៃ ដែលមានការទទួលស្គាល់ពីអតិថិជនយ៉ាងច្រើន និងមនុស្សជុំវិញពិភពលោក។ នៅថ្ងៃនេះគឺជាឱកាសល្អ សម្រាប់ក្រុមហ៊ុន ស៉ីភី ជាចំណែកមួយនៃការជួយជ្រោមជ្រែងប្រទេសកម្ពុជាទាក់ទងនឹងការលើកកម្ពស់ស្តង់ដារឧស្សាហកម្មផលិតចំណីអាហារ និងអភិវឌ្ឍផលិតផលផ្នែកអាហារ របស់កម្ពុជាឲ្យមានការទទួលស្គាល់លើឆាកអន្តរជាតិផងដែរ។ ដូច្នេះរដ្ឋាភិបាលថៃ មានឆន្ទៈក្នុងការជួយគាំទ្រក្នុងកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធផ្សេងៗដែលបានជួយពង្រឹងចំណងមិត្តភាពរវាងថៃនិងកម្ពុជាឲ្យកាន់តែមានភាពរឹងមាំយូរអង្វែង។

ក្នុងឱកាសសំណេះសំណាល សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ការចិញ្ចឹមសត្វនៅកម្ពុជា មិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាជនបាននៅឡើយទេ ក្នុងមួយឆ្នាំៗ ត្រូវនាំចូលរាប់ពាន់តោន ពីប្រទេសជិតខាង ដូច្នេះទាមទាជំរុញការផលិតបន្ថែម។ ហើយដើម្បីជាការឆ្លើយបត ក្រុមហ៊ុន ស៉ី ភី បានប្តេជ្ញាចិត្តថានឹងជួយផ្គត់ផ្គង់តម្រូវការចំណីអាហារនៅកម្ពុជាឲ្យបានច្រើនបំផុត ដើម្បីកាត់បន្ថយការនាំចូល។

សម្ដេចក្រឡាហោម ស ខេង បន្តថា ប្រទេសកម្ពុជាត្រូវការលើកកម្ពស់គុណភាពនៃការផលិតចំណីអាហារ ឲ្យមានដំណើរការល្អ ជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ហើយនឹងផ្តល់នូវផលិតផលដ៏មានគុណភាពជូនប្រជាជនកម្ពុជា ព្រោះកន្លងមកការចិញ្ចឹម និងការផលិតចំណីអាហារមិនទាន់អាចឆ្លើយតបតម្រូវការ។ ហើយថ្ងៃនេះ ក្រុមហ៊ុន ស៉ី.ភី ខេមបូឌា ចំកាត់ ដែលជាក្រុមហ៊ុនប្រតិបត្តិការអាជីវកម្ម កសិ-ឧស្សាហកម្ម និងចំណីអាហារ ដែលមានទាំងអាជីវកម្មផលិតចំណីសត្វ(Feed), អាជីវកម្មចិញ្ចឹមសត្វ(Farm) និងអាជីវកម្មចំណីអាហារ(Food) បានមកបើករោងចក្ររបស់ខ្លួននៅខេត្តកំពត នេះពិតជាអាចជួយបំពេញនូវតម្រូវការប្រើប្រាស់របស់ប្រជាជនកម្ពុជា បានមួយចំណែកទៀត បន្ថែមពីលើការបើកដំណើរការអាជីវកម្មហាងលក់រាយ និងអាហារជាច្រើនដូចជា CP Fresh Mart, CP Fresh Shop, Five Star, និង Star Coffee ជាដើម។

សម្តេចក្រឡាហោម ក៏បានស្នើដល់ក្រុមហ៊ុន សូមជួយពង្រីកវិសាលភាពការផលិត និងការផ្គត់ផ្គង់ផលិតផលចំណីអាហារឲ្យបានច្រើនបន្ថែមទៀតទៅថ្ងៃមុខ។

គួររំលឹកថា ក្រុមហ៊ុន ស៉ីភី បានផលិតនិងផ្ដល់ផលិតផលព្រមទាំងសេវាកម្មទៅកាន់ ២៥ខេត្ត ក្រុង ទូទាំងប្រទេសកម្ពុជា និងមានបុគ្គលិកទាំងអស់ជាង ២០០០នាក់ និងអតិថិជន ជាង ១០០០នាក់ នៅគ្រប់ផ្នែកទាំងអស់។ ដោយនៅពេលអនាគត ក្រុមហ៊ុន ស៉ីធី មានគម្រោង និងពង្រីករោងចក្រផលិតចំណីអាហារ ដែលមានគុណភាព សុវត្ថិភាព អនាម័យ និងស្តង់ដារបន្ថែមក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០២៣ ដើម្បីបំពេញតម្រូវការរបស់ប្រជាជនកម្ពុជា នៅគ្រប់ទីកន្លែង ដោយឈរលើមូលដ្ឋានគ្រឹះ ដោយទំនួលខុសត្រូវ ចំពោះសង្គមជាតិ និងបរិស្ថាន។

ក្រុមហ៊ុនស៉ីភីអេសបានបណ្ដាក់ទុនលើអាជីវកម្មផ្សេងៗជាង ១៦ ប្រទេស និងចែកចាយផលិតផលរបស់ជាង ៤០ប្រទេស ទូទាំងពិភពលោក។ ដូច្នេះសម្រាប់បេក្ខជន ដែលចាប់អារម្មណ៍ចង់បានផលិតផលចំណីអាហារនិងសហការ ក្នុងការបើកអាជីវកម្មជាមួយក្រុមហ៊ុនស៉ីធី អាចទំនាក់ទំនងមកកាន់ CP Face book, CP Website និង CP You Tube ៕