(ស្ទឹងត្រែង)៖ ប្រជាពលរដ្ឋប្រកបរបរស៊ីឈ្នួលដកដំឡូង បេះស្វាយចាន់ទី ចាំចំការ និងជាកម្មករឡឥដ្ឋជាដើម សរុបចំនួន១៧០គ្រួសារ មកពី៣សង្កាត់ នៃក្រុងស្ទឹងត្រែង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា។

ពលរដ្ឋខាងលើនេះ សុទ្ឋសឹងតែមានបញ្ហាប្រឈម និងជីវភាពខ្វះខាតខ្លាំង ដែលជាមុខសញ្ញាអាទិភាព របស់កាកបាទក្រហមកម្ពុជា ក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់។

លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ដោយមានកិច្ចសហប្រតិបត្តការជាមួយសាខាខេត្តស្ទឹងត្រែង គឺក្រុមការបានចុះពិនិត្យជាក់ស្តែងឃើញថា នៅក្នុងសង្កាត់ស្ទឹងត្រែង, សង្កាត់ព្រះបាទ, និងសង្កាត់ស្រះឫស្សី គឺមានពលរដ្ឋចំណាកស្រុកចំនួន១៧០គ្រួសារ កំពុងមានតែជីវភាពខ្វះខាតខ្លាំង។

ដូច្នេះសម្រាប់បេសកម្មថ្ងៃទី២នៅលើទឹកដី ខេត្តស្ទឹងត្រែងនេះ ក្រុមការងារបានចែកអំណោយដល់ពលរដ្ឋយើងដោយចែកចេញជាពីរទីតាំងផ្សេងគ្នា៖ ទីតាំង១ នៅសាលាបឋមសិក្សាបាចុងចំនួន១៣០គ្រួសារ និងទីតាំងទី២នៅសង្កាត់ស្រះឫស្សី មានចំនួន៤០គ្រួសារ។

មានមតិសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ ដែលបានចូលរួមទាំងពីរទីតាំងខាងលើ លោកបានពាំនាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយក្តីអាណិតស្រឡាញ់ និងនឹករលឹកជាទីបំផុត។

ក្នុងនោះដែរ បើទោះជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន មានទុក្ខដ៏ក្រៀមក្រំបំផុតក្នុងក្រុមគ្រួសារក៏ដោយ គឺលោកនៅតែបន្តដឹកនាំ និងចង្អុញបង្ហាញឱ្យក្រុមការងារចុះធ្វើសកម្មភាពមនុស្សធម៌ជាប្រចាំដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់អាហារនោះទេ។

ជាមួយគ្នានោះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ជាពិសេស ព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានប្រោសប្រទាន ព្រះរាជទ្រព្យជារៀងរាល់ខែ រៀលរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ដើម្បីឱ្យកាកបាទក្រហមកម្ពុជា អាចបន្តសកម្មភាពមនុស្សបានទៀត។

ទន្ទឹមនឹងនោះ លោកក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះ អាកាសធាតុ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព។ លើសពីនោះ បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិតរបស់យើងបាន ហើយបានធ្វើឱ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងអាចស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

ប្រជាពលរដ្ឋដែលទទួលអំណោយទាំងនេះ បានសម្តែងនូវភាពសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះទឹកចិត្តសប្បុរធម៌ របស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរជានិច្ច ដល់ប្រជាពលរដ្ឋ ដែលកំពុងតែជួបការលំបាកក្នុងជីវភាពគ្រប់ទីកន្លែង៕