(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសិង្ហបុរី ថ្មីប្រចាំនៅកម្ពុជា លោកស្រី ទាវ ឡាយចេង បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ នារយៈពេល២០ឆ្នាំចុងក្រោយនេះ ដោយមានទាំងអគារខ្ពស់ៗ ជាមួយនឹងអគារវ័យចំណាស់ ដែលជាការទាក់ទាញភ្ញៀវអន្តរជាតិយ៉ាងច្រើនមកដើរលេងកម្សាន្ដ ហើយអ្វីដែលពិសេសថែមទៀតនោះ គឺរាជធានីភ្នំពេញ មានអភិបាលកិច្ចល្អ ដែលធ្វើឲ្យអ្នកវិនិយោគទុននានា មានជំនឿទុកចិត្ត ចង់មកវិនិយោគទុន។

ការកោតសរសើរពីសំណាក់លោកស្រី ឯកអគ្គរដ្ឋទូត បានធ្វើឡើងខណៈដែលលោកស្រីបានចូលជួបសម្ដែងការគួរសម ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

លោកស្រី ទាវ ឡាយចេង បានលើកឡើងថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ភ្នំពេញពិតជាបង្ហាញពីភាពរីកចម្រើនយ៉ាងខ្លាំងក្លា ដោយមានអគារខ្ពស់ ជាច្រើន ហើយអគារវ័យចំណាស់ ក៏មានច្រើនគួរអោយកត់សំគាល់ផងដែរ។ នេះជាការទាក់ទាញ ភ្ញៀវឲ្យមកដើរលេងកម្សាន្ដនៅរាជធានីភ្នំពេញ។

ជាក់ស្តែង អគាររដ្ឋបាលរាជធានីភ្នំពេញ ដែលលោកស្រី បានអង្គុយនៅក្នុងអគារនេះ ជួបសម្តែងការគួរសមជាមួយលោកអភិបាលរាជធានីនេះ គឺជាអគារដែលមានអគារវ័យចំណាស់ ជាង១០០ឆ្នាំហើយ។ បន្ថែមពីនេះ រាជធានីភ្នំពេញ ក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុថែមទៀត ដែលពីមុនយើងប្រើពេលវេលាប្រមាណ៦ម៉ោង តែក្រោយពីដាក់ឲ្យដំណើរការផ្លូវល្បឿន យើងនឹងប្រើប្រាស់ត្រឹមតែ២ម៉ោងប៉ុណ្ណោះ។

លោកស្រីថា ការបង្កើតឲ្យមានអាកាសយានដ្ថានថ្មី, ការបង្កើតឲ្យមានបណ្ដាញផ្លូវធំថ្មីៗ កាត់ខ្វែងជាច្រើនកន្លែងទៀត ធ្វើឲ្យរាជធានីភ្នំពេញកាន់តែមានការអភិវឌ្ឍរីកចម្រើនខ្លាំងឡើង។ ប៉ុន្តែអ្វីដែលសំខាន់មួយទៀតនោះ គឺរដ្ឋបាលរាជធានីភ្នំពេញ មានអភិបាលរកិច្ចល្អ ដែលធ្វើឲ្យអតិថិជនក្រុមហ៊ុនឯកជននានា មានការជឿទុកចិត្ត ចង់មកបណ្ដាក់ទុនរកស៊ីនៅក្នុងរាជធានីភ្នំពេញ។

លោកស្រី ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុននៅសិង្ហបុរី បានបណ្ដាក់ទុនរកស៊ីនៅកម្ពុជាច្រើន ទាំងការវិនិយោគ លើវិស័យពាណិជ្ជកម្ម វិស័យដឹកជញ្ជូន និងការបំពាក់សូឡា នៅតាមអគារផ្សេងៗជាដើម។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនប្រមូលសំរាម គ្រប់គ្រងសំណល់រឹង មួយរបស់សាំងហ្គាពួរ ក៏បានមកបណ្ដាក់ទុន នៅរាជធានីភ្នំពេញផងដែរ។ ជាងនេះទៅទៀត លោកស្រី ក៏បានអបអរសាទរ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានទប់ស្កាត់ជំងឺ កូវីដ១៩ ទទួលជោគជ័យ និងបានបើកប្រទេសឲ្យដំណើរការ ជាប្រក្រតីឡើងវិញ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានថ្លែងពីស្ថានភាពរបស់រាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ពិសេសក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញ មានការអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់ ធ្វើឲ្យកំណើនប្រជាពលរដ្ឋចេះតែកើនឡើង ដោយមកដល់ពេលនេះ ទាំងអ្នកស្នាក់នៅអចិន្ត្រៃយ៍ និងអ្នកមកប្រកបមុខរបរកទទួលទាន នៅរាជធានីភ្នំពេញ មានចំនួនប្រមាណ៣លាននាក់ ដែលធ្វើឲ្យរាជធានីមានអ្នកដំណើរធ្វើចរាចរណ៍លើដងផ្លូវមមាញឹកយ៉ាងខ្លាំង។ ប៉ុន្តែបញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើការដោះស្រាយ ឲ្យប្រសើរឡើងវិញ។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩ ទៅតាមអនុសាសន៍ណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងជំងឺកូវីដ១៩ បានយ៉ាងល្អ រហូតមកដល់ពេលនេះ បានបើកឲ្យដំណើរការប្រទេសឡើងវិញ ជាមួយនឹងការមិនពាក់ម៉ាក សម្រាប់នៅតាមទីសាធារណៈផងដែរ។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការសាងសង់មន្ទីរពេទ្យថ្មីមួយថែមទៀតផងដែរ ដើម្បីព្យាបាលជំងឺឆ្លងផ្សេងៗទៀត។ ក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ១៩ កម្ពុជាទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងព្យាបាលជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលស្នាក់នៅកម្ពុជា ដោយមិនគិតថ្លៃថែមទៀតផង៕