(កោះកុង)៖ លោក កាយ សំរួម សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនខេត្តកោះកុង បានណែនាំដល់មន្រ្តីគណបក្សទាំងអស់នៅមូលដ្ឋាន ត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលា រាល់ការចោទប្រកាន់ ឬការឃោសនាបែបមូលបង្កាច់មកលើថ្នាក់ដឹកនាំ គណបក្សប្រជាជន ឬមន្រ្តីបក្ស ចំពោះការញ៉ុះញ៉ុងរបស់ពួកអគតិ ដោយខិតខំពន្យល់ប្រជាពលរដ្ឋ កុំឱ្យចាញ់បោកការឃោសនាទាំងអស់នោះ។

លោក កាយ សំរួម បានលើកឡើងដូចនេះនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងឱកាសដឹកនាំសមាជិកសមាជិកាបក្សថ្នាក់ខេត្ត ចុះណែនាំសមាជិកបក្ស ប្រជាជន នៅមូលដ្ឋានចំនួន៣ឃុំ ស្ថិតនៅស្រុកគីរីសាគរ ខេត្តកោះកុង។

បន្ថែមពីនេះលោក កាយ សំរួម បានបន្ថែមទៀតថា ដើម្បីពង្រឹងផ្សព្វផ្សាយក្នុងដំណើការការឃោសនាបោះឆ្នោត និងការបោះឆ្នោតកាន់តែខិតជិតមកដល់នាពេលខាងមុខ បេក្ខជនឈរឈ្មោះទាំងអស់ រួមនឹងសមាជិកត្រូវរៀបចំ ការឃោសនា និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនប្រជាពលរដ្ឋ ឱ្យបានដឹងពីសមិទ្ធផលនានា ដែលមន្រ្តីគណបក្សប្រជាជនកម្ពុជា បានធ្វើការអភិវឌ្ឍន៍បានសម្រេចជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងស្រុកមានដូចជា ការបំរើសេវា ការកសាងសាលារៀន មន្ទីរពេទ្យ វត្តអារាម កសាងផ្លូវថ្នល់ និងការជួសជុលស្ពានជាដើម។

លោកបានបញ្ជាក់ទៀតថា នៅពេលដែលប្រជាពលរដ្ឋជួបបញ្ហារាល់លំបាក មានតែគណបក្សប្រជាជនតែ១គត់ ដែលរកដំណោះស្រាយជូនប្រជាពលរដ្ឋដោះស្រាយ រាល់បញ្ហានានា ហើយមានតែមន្រ្តីគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះដែលនៅជាមួយ និងជួយគ្រប់ពេលវេលាមិនថាយប់ឬថ្ងៃឡើយ។

ជាមួយគ្នានេះ លោក កាយ សំរួម ក៏បានណែនាំដល់សមាជិកគណបក្សទាំងអស់ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមអត្តសញ្ញាណប័ណ្ណខ្មែរ ឬលិខិតបញ្ជាក់មួយចំនួននៅពេលដែល ទៅបោះឆ្នោត ហើយបើបាត់អត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់ សូមទៅសាលាឃុំ ឬសង្កាត់ ដើម្បីសុំការបញ្ជាក់ ពីអាជ្ញាធមូលដ្ឋាន ទើបអាចចូលរួមបោះឆ្នោតបាន ហើយនៅពេលទៅបោះឆ្នោតសូមគូសឱ្យចំឈ្មោះគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងស្ថិតនៅលេខរៀងទី១ នៃសន្លឹកឆ្នោត៕