(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតមួយ បង្ហាញអំពីសេចក្តីក្រៀមក្រំជាទីបំផុតដោយទទួលបានដំណឹងមរណភាពរបស់លោកជំទាវ ដួង ឌីយ៉ាត អតីតសមាជិកព្រឹទ្ធសភា នីតិកាលទី១ ព្រឹទ្ធសភា កាលពីវេលាម៉ោង ១០:៣៩នាទីព្រឹក នៅថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។

តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចាត់ទុកថា ការបាត់បង់រូបកាយ លោកជំទាវ ដួង ឌីយ៉ាត គឺជាការបាត់បង់ភរិយា ម្ដាយ ជីដូនជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការ សង្គម និងបានរួមចំណែកឱ្យព្រឹទ្ធសភាមានការរីកចម្រើនរៀងរហូតមក។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានសូមបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ ដួង ឌីយ៉ាត បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ៖