(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២នេះ, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានអញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គបណ្តុះបណ្តាល សិស្សចៅក្រមជំនាន់ទី១១ សិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី២ សិស្សអាជ្ញាសាលាជំនាន់ទី២ សិស្សសារការីជំនាន់ទី៣ និងសិស្សក្រឡាបញ្ជីជំនាន់ទី៦ ដែលមានចំនួនសរុប២១៩រូប នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។

ថ្លែងនៅក្នុងពិធីនេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះជ័យលាភីទាំង ២១៩ រូប ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងបានប្រឡងជាប់ជាស្ថាពរក្លាយជា សិស្សចៅក្រម, សិស្សអាជ្ញាសាលា, សិស្សសារការី និងសិស្សក្រឡាបញ្ជីនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលការប្រឡងប្រជែងនេះត្រូវបានរៀបចំឡើងយ៉ាងតឹងរឹង ត្រឹមត្រូវ និងប្រកបដោយតម្លាភាព ដោយមានការចូលរួមត្រួតពិនិត្យ និងសង្កេតការនៅគ្រប់ដំណាក់កាល ពីអង្គភាពប្រឆាំងអំពើពុករលួយ។

លោករដ្ឋមន្ត្រី បានណែនាំ និងផ្តាំផ្ញើដល់សិស្សទាំង ២១៩រូប នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងគោរពនូវវិន័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីពង្រឹង ទាំងសមត្ថភាពជំនាញ ទាំងវិន័យនិងក្រមសីលធម៌វិជ្ជាជីវៈ និងដើម្បីសម្រេចនូវក្តីប្រាថ្នារបស់ខ្លួនក្លាយជា ចៅក្រម ព្រះរាជអាជ្ញា អាជ្ញាសាលា សារការី និងក្រឡាបញ្ជី ដែលមានសមត្ថភាពពេញលេញ ដើម្បីចូលរួមលើកកម្ពស់វិស័យយុត្តិធម៌នៅកម្ពុជា ស្របតាមទិសដៅកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។

លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងយុត្តិធម៌បានធ្វើការកែសម្រួលរបៀបនៃការសិក្សា ដែលជំរុញឱ្យសិស្សមានការខិតខំប្រកួតប្រជែងគ្នា ដោយក្រសួងនឹងផ្តល់អាទិភាពដល់សិស្សដែលទទួលបានលទ្ធផល ក្នុងការសិក្សាល្អជាងគេក្នុងការជ្រើសរើសទីកន្លែងបំពេញការងារនៅក្រោយបញ្ចប់ការសិក្សា ហើយក្រសួងនឹងបន្តលើកកម្ពស់ការអនុវត្តគោលការណ៍គុណាធិបតេយ្យ ក្នុងការតែងតាំង មុខដំណែងទទួលខុសត្រូវនានាក្នុងវិស័យយុត្តិធម៌ ជាបន្តបន្ទាប់។ ប៉ុន្តែទោះបីជាការសិក្សានេះមានលក្ខណៈប្រកួតប្រជែងក៏ពិតមែន លោករដ្ឋមន្រ្តី បានណែនាំឱ្យសិស្សទាំងអស់ ត្រូវរក្សាឱ្យបាននូវសាមគ្គីភាព និងមិត្តភាពល្អ រវាងមិត្តរួមថ្នាក់ និងរួមជំនាន់ជាមួយគ្នា៕