(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញការហួសចិត្តចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប ស្តីពី «ការបង្រ្កាបជាបន្តបន្ទាប់ទៅលើក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា» ដែលបានអនុម័តនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ (២០២២/២៦៥៨(RSP)។

សម្តេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកថា ការសម្រេចនេះ គឺជាភាពអយុត្តិធម៌ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ខណៈរដ្ឋាភិបាលកម្ពុជា បានអនុវត្តន៍យ៉ាងពេញលេញនូវលទ្ធិប្រជាធិបតេយ្យ ផ្តល់សិទ្ធិសេរីភាព គ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល គណបក្សនយោបាយនានា ហើយសម្រាប់ការបោះឆ្នោតជ្រើសរើសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ មានគណបក្សនយោបាយចំនួន១៧ បានដាក់បេក្ខជនរបស់ខ្លួន ជាង៨ម៉ឺនាក់ ដើម្បីចូលរួមប្រកួតប្រជែង។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីប្រកាសចេញផ្សាយជាផ្លូវការ «សៀវភៅស ការពារជាតិ ឆ្នាំ២០២២» និងការផ្សព្វផ្សាយ ទូលំទូលាយការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ, សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញការហួសចិត្តយ់ាងដូច្នេះថា៖ «ការសម្រេចរបស់គេ (សភាអឺរ៉ុប) គឺគ្មានទិដ្ឋភាពជាក់ស្តែងទាល់តែសោះ ហើយការចោទប្រកាន់ដោយងងើល ដោយគ្មាមមូលដ្ឋានអីទាល់តែសោះ ចំពោះរាជាណាចក្រដ៏អភ័ព្វរបស់យើងនេះ យើងបានបំពេញអ្វីៗគ្រប់បែបយ៉ាងទាំងអស់ ហើយអ្វីដែលគេចោទប្រកាន់ គឺសុទ្ធតែយើងបានបំពេញយ៉ាងពេញលេញក្នុងរយៈពេលកន្លងមក»

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការពារជាតិ ក៏បានចោទជាសំណួរថា តើសភាអឺរ៉ុប យកអ្វីមកវាស់ស្ទង់ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរបៀបនៃប្រទេសណា? ព្រោះតាមយើងយល់ប្រជាធិបតេយ្យ ដែលខ្ពស់បំផុត គឺការអនុវត្តន៍ដំណើរការបោះឆ្នោតតាមផ្លូវច្បាប់ ត្រឹមត្រូវ មានតម្លាភាព មិនលម្អៀងនៅកម្ពុជាកន្លងមក ដូច្នេះ ចំណុចនេះបានបញ្ជាក់ថារដ្ឋាភិបាលកម្ពុជា បានគោរពលទ្ធិប្រជាធិបតេយ្យនៅត្រង់ហ្នឹងហើយ មិនដឹងទៅរកឯណាវាលើសពីហ្នឹងទៀត?។

ការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ, សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា សម្រាប់ការអនុវត្តន៍ប្រជាធិបតេយ្យ គឺមានប្រទេសនីមួយៗ មានរបៀបនៃការអនុវត្តន៍តាមរបៀបផ្សេងៗគ្នា និងការចាត់ចែងជោគវាសនាប្រទេសជាតិរៀងៗខ្លួន។

«ដូច្នេះ ខ្ញុំយល់ឃើញថា មិនគួរមានចាត់ចែងការដឹកនាំ និងការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ ជំនួសរដ្ឋាភិបាលដែលជាអ្នកដឹកនាំប្រទេសនោះទេ»។ នេះជាលើកឡើងបន្ថែមរបស់សម្តេចពីជ័យសេនា ទៀ បាញ់។

សម្តេចរដ្ឋមន្ត្រីការពារជាតិ បានស្នើទៅសភាអឺរ៉ុបថា មេត្តាបកស្រាយឱ្យច្បាស់លាស់ ចំពោះចំណុចនីមួយៗដែលបានចោទថា រដ្ឋាភិបាលរំលោភសិទ្ធិមនុស្ស ខណៈប្រទេសកម្ពុជា បានអនុវត្តន៍យ៉ាងពេញលេញលើផ្នែកសិទ្ធិមនុស្ស ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ក្នុងការដើរហើរ រកស៊ី ជាពិសេសការបង្កើតរៀបចំគណបក្សនយោបាយរហូតមានគណបក្សនយោបាយជាច្រើន បានចុះក្នុងបញ្ជីរបស់ក្រសួងមហាផ្ទៃ។

បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងថា «នៅតាមទីសាធារណៈមានតែស្លាកសញ្ញារបស់គណបក្សនយោបាយនានា បានបោះបញ្ឈរពេញទឹក ពេញដី មិនថាជាការមិនគោរពសិទ្ធិអីទៀត វាអត់យល់ចំពោះការចោទប្រកាន់នេះ ហើយពាក្យដែលកម្ពុជា មិនអាចទទួលយកបាន គឺចោទថារដ្ឋាភិបាលកម្ពុជា បង្ក្រាប ដែលមានន័យថា វាធ្វើរាប ត្រង់ចំណុចនេះ អត់មានអ្នករាបផង ប៉ុន្តែ មានការចូលរួមសកម្មភាពនានាពេញទឹក ពេញដី»

រដ្ឋមន្ត្រីការពារជាតិ បានបន្ថែមថា៖ «រឿងនេះ វាជារឿងអយុត្តិធម៌សម្បើមខ្លាំងណាស់ សម្រាប់ព្រះរាជាណាចក្រកម្ពុជារបស់យើង យើងមិនអួតនោះទេ សន្តិភាពរបស់យើង ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ទាំងនេះជាស្នាដៃដឹកនាំដែលមានភាពប្រាកដប្រជាបំផុត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន»

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា សន្តិភាពពេញលេញរបស់កម្ពុជា បានអនុវត្តន៍ជាង២០ឆ្នាំកន្លងមកនេះ គឺទទួលបានជោគជ័យជាទីបំផុត ដូច្នេះ កត្តាសន្តិភាពដែលរកបានដោយលំបាករបស់សម្តេចតេជោ ហ៊ុ ន សែន គឺមានគុណតម្លៃយ៉ាងធំធេងបំផុត៕