(ភ្នំពេញ)៖ អតីតបុគ្គលិកចំនួន ២រូប ក្នុងចំណោមអតីតបុគ្គលិកដែលបានស្នើសុំទៅសម្តេចក្រឡាហោម ស ខេង ជួយអន្តរាគមន៍ឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ ផ្តល់ប្រាក់ បំណាច់បញ្ចប់កិច្ចសន្យាការងារ ស្របតាមច្បាប់ស្តីពីការងារ បានធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់ បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបណ្តាញព័ត៌មាន Fresh News ទទួលនៅល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់សម្តេចក្រឡាហោម ស ខេង មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការពិនិត្យផ្ទៀងផ្ទាត់ការទូទាត់ប្រាក់បំណាច់ បញ្ចប់កិច្ចសន្យាការងារជាមួយតំណាងក្រុមហ៊ុន ហើយពិនិត្យឃើញថាការទូទាត់ចំនួន ៤ចំណុច គឺបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការបញ្ឈប់ពីការងាររួម។

សេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងទៀតថា គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ អតីតបុគ្គលិកចំនួន ២រូប ក្នុងចំណោមអតីតបុគ្គលិកដែលបាន គោរពស្នើសុំ ទៅសម្តេចក្រឡាហោម រួមមាន៖លោកស្រី ឈុន សុខា និងលោកស្រី ស ស៊ីណា បានមកទទួលយកដំណោះស្រាយតាមរយៈការធ្វើលិខិត ព្រមព្រៀងទទួល យកប្រាក់បំណាច់ បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលប្រវត្តិរូបសង្ខេបពីអតីតបុគ្គលិកទាំងនោះ ហើយក៏បាននិងកំពុង ជួយស្វែង រកឱកាសការងារថ្មីសម្រាប់បងប្អូនអតីតបុគ្គលិកផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖