(កំពង់ធំ)៖ ដើម្បីចូលរួមទប់ស្កាត់បទល្មើសជលផលនៅក្នុងដែននេសាទក្នុងខេត្តកំពង់ធំ និងដើម្បីប្រើប្រាស់ធនធាន ជលផលប្រកបដោយនិរន្តរភាព ស្របតាមខ្លឹមសារ ច្បាប់ស្តីពី លផល និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលខេត្តកំពង់ធំ បានអំនាវដល់ប្រជានេសាទទាំងអស់ដែលកំពុងនេសាទ និងរក្សាទុក ឧបករណ៍នេសាទល្មើសច្បាប់ ត្រូវប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ឱ្យបានមុនដំណាច់ខែឧសភានេះ ជៀសវាងត្រូវអាជ្ញាធរចាត់វិធានការតាមនីតិវិធីច្បាប់។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានឱ្យដឹងទៀតថា
ប្រជានេសាទទាំងអស់ដែលកំពុងនេសាទ និងរក្សាទុកឧបករណ៍នេសាទល្មើសច្បាប់មានដូចជា៖ អួនអូសទឹកសាប ឧបករណ៍ឆក់ត្រី ម៉ាញ់ ឈឺបយន្ត ក្នុងអូសលៀស ដោយម៉ាស៊ីន និងឧបករណ៍នេសាទ ដែលបង្កើតថ្មី ឬឧបករណ៍នេសាទ ដែលគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឧបករណ៍ ល្មើសច្បាប់ ដទៃទៀត ត្រូវប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានរៀងៗខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ជាកំហិត។

នៅក្នុងសេចក្តីជូនដំណឹង ក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ថ្នាំពុល សារធាតុគីមី និងសកម្មភាពដទៃទៀត ដែលបណ្តាលឲ្យ ប៉ះពាល់ដល់ ធនធានជលផល។ ករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ នឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ៖