(វ៉ាស៊ីនតោន, អាមេរិក)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបជាមួយសហគមន៍ធុរកិច្ចអាមេរិកជា ដើម្បីស្វែងរកឱកាសវិនិយោគរួមគ្នា និងបង្ហាញសក្តានុពលវិនិយោគនៅកម្ពុជា។
ក្នុងពិធីដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក មានរៀបចំបទអន្តរាគមន៍ស្ដីពីបរិយាកាសធុរកិច្ច និងសេដ្ឋកិច្ចកម្ពុជាពីសំណាក់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដើម្បីបង្ហាញអំពីកាលានុវត្តភាពធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជាជូនដល់សហគមន៍ធុរកិច្ចអាមេរិក។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់ដល់សហគមន៍ធុរកិច្ចអាមេរិក អំពីសក្តានុពលជាច្រើន ដែលក្រុមហ៊ុនអាមេរិក អាចទៅវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត ខណៈរាជរដ្ឋាភិបាលកម្ពុជាបើកចំហរសេដ្ឋកិច្ចទទួលអ្នកវិនិយោគជាតិ និងអន្តរជាតិ។
អ្នកឧកញ៉ា ក៏បានប្រាប់សហគមន៍ធុរកិច្ចអាមេរិកអំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីការចាក់ស្រោចវ៉ាក់សាំងនៅកម្ពុជា បាន ៩៣ភាគរយក្នុងចំនួនពលរដ្ឋសរុប១៦លាននាក់ ដែលជាសញ្ញាល្អសម្រាប់ការវិនិយោគនៅកម្ពុជា។ ក្រៅពីនេះអ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងអំពីការធ្វើពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសជាមិត្ត ដែលជាឱកាសល្អសម្រាប់អ្នកវិនិយោគក្នុងការនាំចេញទំនិញទៅកាន់ពិភពលោក។
អ្នកឧកញ៉ា ក៏បានលើកឡើងដែរថា បច្ចុប្បន្ននេះកម្ពុជាមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយក៏បានលើកអំពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក មានការកើនឡើង ទោះបីជាមានកូវីដ១៩។ ក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កើនឡើងរហូតដល់ជិត ១០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២១ ដោយកម្ពុជាបាននាំទំនិញទៅកាន់ទីផ្សារអាមេរិក មានសម្លៀកបំពាក់ស្បែកជើង វិស័យកសិកម្ម គ្រឿងសង្ហារឹមជាដើម។ ជាមួយគ្នានោះក្រុមហ៊ុនអាមេរិកជាច្រើន ក៏មានវត្តមានទៅវិនិយោគនៅកម្ពុជាផងដែរ។
អ្នកឧកញ៉ា គិត ម៉េង ក៏បានថ្លែងអំពីទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិក ដែលមានរយៈពេល ៧២ឆ្នាំមកហើយ។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញគណៈប្រតិភូធុរកិច្ចអាមេរិកទៅទស្សនកិច្ច និងស្វែងយល់ការវិនិយោគនៅកម្ពុជា។ សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដែលប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗក្នុងពិភពលោក និងតំបន់ រួមទាំងមានអ្នកវិនិយោគជាច្រើន ដែលនឹងទៅកាន់ប្រទេសកម្ពុជាក្នុងការជួបពិភាក្សាគ្នា។
លោក Rubar sandi តំណាងសហគមន៍ធុរកិច្ចអាមេរិក បានថ្លែងស្វាគមន៍ចំពោះគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលបានអញ្ជើញមកកាន់អាមេរិកនាពេលនេះ ដែលជាឱកាសដ៏ល្អសម្រាប់វិនិយោគិន ជួបប្រាស្រ័យទាក់ទងគ្នាផ្តោតលើការវិនិយោគ វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យបច្ចេកវិទ្យាទឹកស្អាត វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ អាជីវកម្មសិទ្ធពិសេស វិស័យអចលទ្រព្យ និងកម្មសិទ្ធបញ្ញា។ល។
តំណាងសហគមន៍ធុរកិច្ចអាមេរិក ក៏បានថ្លែងបង្ហាញនូវការចាប់អារម្មណ៍អំពីសក្តានុពលវិនិយោគនៅកម្ពុជា ព្រមទាំងមានបំណងសហការជាមួយវិនិយោគិនកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ។
សូមបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បំពេញទស្សនកិច្ចធុរកិច្ចនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៨ ខែឧសភា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ និងអមដំណើរសម្តេចតេជោ ចូលរួមកិច្ចប្រជុំកំពូលពិេសសអាស៊ាន-អាមេរិក៕