(ភ្នំពេញ)៖ ចៅក្រមជំនំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក កី ម៉ានេរ៉ា បានសម្រេចចោទប្រកាន់លោក ជឿន កក្កដា បុគ្គលិកផ្នែកទីផ្សារក្រុមហ៊ុន «OTIS ELEVATOR CAMBODIA» ពីបទបរិហារកេរ្តិ៍លើក្រុមហ៊ុន «អូរឌីម៉ាស់» ដោយពិន័យជាប្រាក់ ៨០ម៉ឺនរៀល និងបង្គាប់ឱ្យសងជំងឺចិត្តដើមបណ្តឹង ១លានរៀលផងដែរ។

យោងតាមសាលក្រមព្រហ្មទណ្ឌលេខ៨៣៥ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានគូសបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២០ លោក ជឿន កក្កដា ជាបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន «OTIS ELEVATOR CAMBODIA» បានដើរនិយាយបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន «អូរឌីម៉ាស់» ដោយនិយាយប្រាប់អតិថិជនរបស់ក្រុមហ៊ុន «អូរឌីម៉ាស់» ថា ក្រុមហ៊ុនអូរឌីម៉ាស់ លួចលក់ជណ្តើរយន្តម៉ាក OTIS ក្លែងក្លាយ អន់គុណភាព និងគ្មានការអនុញ្ញាតពីក្រុមហ៊ុនរបស់ខ្លួន មានតែក្រុមហ៊ុនខ្លួនទេ ។

បន្ទាប់ពីបានដំណើរការជំនុំជម្រះ និងពិនិត្យលើអង្គហេតុនានា ចៅក្រមបានសម្រេចផ្តន្ទាទោសពិន័យជាប្រាក់លើឈ្មោះ ជឿន កក្កដា ចំនួន ៨០ម៉ឺនរៀល ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ»។ ចៅក្រម ក៏បានបង្គាប់ឱ្យឈ្មោះ ជឿន កក្កដា បង់ជំងឺចិត្ត ១លានរៀល ឱ្យដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ លឹម សុខខុមផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន «អូឌីម៉ាស់» ជាក្រុមហ៊ុនស្របច្បាប់ និងជាអ្នកឯកទេសក្នុងការផ្គត់ផ្គង់ជណ្តើរយន្តសុទ្ធ ១០០% ក្នុងទីផ្សារនៃប្រទេសកម្ពុជា។ ក្រុមហ៊ុនទទួលបានសិទ្ធិនាំចូលដោយស្របច្បាប់ និងមានលិខិតបញ្ជាក់ពីគុណភាព និងសុវត្ថិភាពជណ្តើរយន្តនីមួយៗ ដោយទទួលស្គាល់ចេញពីរោងចក្រ៕