(ស្ទឹងត្រែង)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយលោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង និងសហការី បន្តនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ បងប្អូនជនជាតិភាគតិចកួយ បងប្អូនខ្មែរអ៊ិស្លាម ចំនួន២១៥គ្រួសារ ដែលរស់នៅក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

ពិធីសំណេះសំណាល និងចែកអំណោយនេះ ធ្វើឡើងចំនួន ២ទីតាំងផ្សេងគ្នារួមមាន៖ ទីតាំងទី១៖ នៅវត្តអន្លង់ជ្រៃ សម្រាប់ប្រជាពលរដ្ឋចំនួន៧០គ្រួសារ ដែលមកពី ភូមិអន្លង់ជ្រៃ។ ទីតាំងទី២៖ នៅវត្តអន្លង់ស្អំ សម្រាប់ប្រជាពលរដ្ឋចំនួន១៤៥គ្រួសារ មកពី (ភូមិលើ, ភូមិអន្លង់ស្អំ និងភូមិមន)។

បើតាមការបញ្ជាក់ពី លោកវេជ្ជ. អ៊ុយ សំអាត បានឱ្យដឹងថា «កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធាកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បានយកចិត្តទុកដាក់ និងបន្តចាត់ឱ្យក្រុមការចុះពិនិត្យដោយផ្ទាល់អំពីស្ថានភាពប្រជាពលរដ្ឋនៅភូមិភាគឦសាន នាខេត្តស្ទឹងត្រែង ជាក់ស្តែងក្រុមការងារបានមើលឃើញថា នៅក្នុងស្រុកថាឡាបរិវ៉ាត់ ក្នុងឃុំអន្លង់ជ្រៃ ដែលជាតំបន់មួយនៅឆ្ងាយស្ថិតនៅតំបន់ព្រៃឡង់ ដែលផ្លូវចូលទៅកាន់ទីនោះមានសភាពលំបាក ហើយចំពោះគ្រួសារងាយរងគ្រោះទាំង ២១៥គ្រួសារ សុទ្ធសឹងជាបងប្អូនខ្មែរអ៊ិស្លាម ជនជាតិភាគតិចកួយ និងមួយចំនួនទៀតបានធ្វើចំណាកស្រុកមករស់នៅ និងប្រកបរបរ សុីឈ្នួលចាំចម្ការឱ្យគេ ហើយមួយផ្នែកទៀតធ្វើជាកម្មករស្វាយចន្ទី កម្មករដកដំឡូង និងចៀរជ័រកៅស៊ូ ជាដើម»

នាឱកាសនោះ លោក អ៊ុយ សំអាត បានពាំនាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ជូនចំពោះប្រជាពលរដ្ឋទាំងអស់ដោយក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់ នៅជាប្រចាំថ្ងៃ ជាពិសេសលោកយាយលោកតា បងប្អូន ប្រជាពលរដ្ឋទាំងអស់ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាមួយគ្នានេះ លោកវេជ្ជ. បានពាំនាំនូវសារអំពាវនាវពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត បរិស្ថានល្អ ព្រោះតំបន់នេះជាតំបន់ព្រៃ មានសត្វល្អិត សត្វអាសិរពិស មូសជាដើម ដែលអាចបណ្តាលឱ្យកូនតូចៗ ក្រុមគ្រួសារ កើតជំងឺផ្សេងៗ ឬអាចរងគ្រោះថ្នាក់ដល់អាយុជីវិត ហើយសូមបន្តប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះការបម្រែបម្រួលអាកាសធាតុ ព្រោះរដូវវស្សាបានចូលមកបង្កឱ្យមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ ផ្គររន្ទះជាដើម។

ជាពិសេសចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា និងសូមអំពាវដល់ស្ត្រីជាមាតា ស្ត្រីផ្ទៃពោះទាំងអស់អញ្ជេីញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ យ៉ាងតិចឱ្យបាន៤ដង មុនពេលសម្រាល ដេីម្បីដឹងពីស្ថានភាពសុខភាពទាំងម្តាយនិងទារក និងទប់ស្កាត់ការចម្លងជំងឺនានាពីម្តាយទៅទារក និងត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។

សូមបញ្ជាក់ថា អំណោយ ដែល កាកបាទក្រហមកម្ពុជា បានទទួលពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ត្រូវបានផ្តល់ ជូនដល់ គ្រួសារ នីមួយៗនូវ ៖ អង្ករ ២៥គីឡូក្រាម , មី ១កេស, ត្រីខ ១០កំប៉ុង , ទឹកស៊ីអ៊ីវ ១យួរ , ជែលលាងដៃ ១ដប , ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់។ ដោយឡែក ចំពោះចាស់ឥតទីពឹង ស្ត្រីមេម៉ាយ និងជនមានពិការភាព ទទួលបានថវិកាបន្ថែម ២ម៉ឺនរៀល៕