(ភ្នំពេញ)៖ លោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមធ្វើជាសហប្រធាន ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្រសួងហិរញ្ញវត្ថុចិន និងធនាគារកណ្តាលចិន ដើម្បីដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ លើកទី២៥តាមរយៈប្រព័ន្ធអនឡាញ។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុក្នុងតំបន់ និងផ្តល់ការណែនាំ ដល់ក្រុមការងារបច្ចេកទេស សំដៅពង្រឹងបណ្តាញសុវត្ថិភាពហិរញ្ញវត្ថុតំបន់អាស៊ាន+៣។

អង្គប្រជុំបានពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន និងទស្សនវិស័យ សម្រាប់សេដ្ឋកិច្ចតំបន់ និងពិភពលោក ហានិភ័យ និងបញ្ហាប្រឈមចម្បងៗ និងការអនុវត្តគោលនយោបាយឆ្លើយតបនានា។ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន+៣ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់ ដើម្បីគាំទ្រការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។

ក្នុងទិសដៅនេះរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ បានឯកភាពលើការពង្រឹងសមត្ថភាព របស់អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ក្នុងការតាមដាន និងវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិក និងគាំទ្រដល់ដំណើរការកិច្ចព្រមព្រៀងពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM) ដែលជាយន្តការផ្តល់ហិរញ្ញប្បទាន ក្នុងចំណោមប្រទេសជាសមាជិកដែលប្រឈមនឹងហានិភ័យ ឬជួបវិបត្តិសេដ្ឋកិច្ចដើម្បីបង្ការ និងដោះស្រាយវិបត្តិ។

បន្ថែមលើនេះអង្គប្រជុំក៏បានគាំទ្រ ដល់ការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណតំបន់ជារូបិយវត្ថុក្នុងស្រុក ដើម្បីកៀរគរការសន្សំ និងការប្រើប្រាស់ប្រភពទុនក្នុងតំបន់ តាមរយៈគំនិតផ្តួចផ្តើមទីផ្សារមូលបត្រអាស៊ី (ABMI)។

អង្គប្រជុំក៏បានបន្តជំរុញ ដល់ការអភិវឌ្ឍគំនិតផ្តួចផ្តើមថ្មីៗ នាពេលអនាគតរបស់អាស៊ាន+៣ ក្នុងនោះរួមមានការផ្តល់ហិរញ្ញប្បទានលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំបង្កើតបន្ថែមឧបករណ៍ហិរញ្ញវត្ថុរយៈពេលវែង ការបង្ការគ្រោះមហន្តរាយធម្មជាតិ ការសម្របសម្រួលគោលនយោបាយ ដើម្បីឆ្ពោះទៅរកវឌ្ឍនភាពបច្ចេកវិទ្យា ការធ្វើឌីជីថលូបនីយកម្មហិរញ្ញវត្ថុ និងការគាំទ្រហិរញ្ញប្បទានបៃតង សំដៅពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់៕