(វ៉ាស៊ីនតោន, អាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានលើកឡើងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ក៏ដូចជាមេដឹកនាំប្រទេសសមាជិកអាស៊ានដទៃទៀតថា អាស៊ាន គឺស្ថិតនៅក្នុងបេះដូងអាមេរិកជាប់ជានិច្ច ហើយអាមេរិក រីករាយក្នុងការដំឡើងកម្រិតទំនាក់ទំនងរវាងអាស៊ាន និងអាមេរិក ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងកម្រិតកំពូល។

លោកប្រធានាធិបតីអាមេរិក បានគូសរំលេចបែបនេះ នៅក្នុងពិធីទទួលស្វាគមន៍ និងរៀបចំលាងសាយភោជន៍ ជូនដល់សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន នៅល្ងាចថ្ងៃទី១២ ខែឧសភា (ម៉ោងនៅវ៉ាស៊ីនតោន) នាសេតវិមាន។ ក្នុងពិធីនេះ លោក ចូ បៃដិន បានស្វាគមន៍សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ានដទៃទៀត ប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាលបំផុត។

ក្នុងពិធីប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅនោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅពេលនេះ ស្របពេលខួបលើកទី៤៥ឆ្នាំ នៃទំនាក់ដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមរិក។ លោក ចូ បៃដិន គូសបញ្ជាក់ថា កិច្ចប្រជុំកំពូលពិសេសនៅពេលនេះ មានលក្ខណៈពិសេស ដែលរៀបចំឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន ហើយជាទំព័រថ្មី និងសករាជថ្មី ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ាន។

«អាស៊ាន គឺនៅក្នុងបេះដូងរបស់សហរដ្ឋអាមេរិក ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ហើយមិនត្រឹមតែប៉ុណ្ណោះទេ អាមេរិក មានភាពរីករាយក្នុងការដំឡើងភាពដៃគូយុទ្ធសាស្ត្រទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិក និងអាស៊ាន ហើយការទទួលអាហារពេលល្ងាចនេះ គឺដើម្បីអបអរសាទរនៅក្នុងការពង្រឹង ជំរុញកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងដ៏ល្អជាមួយអាស៊ាន»។ នេះជាការបញ្ជាក់របស់លោក ចូ បៃដិន។

សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតីអាមេរិក ដែលបានផ្ដល់បដិសណ្ឋារកិច្ចដ៏កក់ក្ដៅដល់រូបសម្ដេច និងប្រមុខថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ានដទៃទៀត នៅក្នុងអំឡុងពេលនៃការស្នាក់នៅសហរដ្ឋអាមេរិក និងជាពិសេសការរៀបចំនូវពិធីលាងសាយភោជន៍ដ៏អស្ចារ្យ។

សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា នៅឆ្នាំនេះគឺជាខួបលើកទី៤៥ នៃទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ានសហរដ្ឋអាមេរិក ហើយនេះជាពេលវេលាដ៏សាកសមដែលថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានជួបជុំគ្នានៅក្នុងសេតវិមាន ដើម្បីរំលឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃភាពជាដៃគូដ៏យូរអង្វែង។

សម្តេចតេជោ បានបញ្ជាក់ថា «ជាការពិតកិច្ចសហប្រតិបត្តិការរបស់យើងដែលឈរលើមូលដ្ឋានមួយដ៏រឹងមាំ និងម៉ឺងម៉ាត់នៃការគោរពគ្នាទៅវិញទៅមក មានការរក្សានូវឧត្តមប្រយោជន៍រួម បានឆ្លងកាត់រយៈពេលមួយដ៏វែងឆ្ងាយ និងជាពិសេសបានជម្នះនូវឧបសគ្គប្រកបដោយភាពជោគជ័យ»

នៅក្នុងឱកាសនោះ សម្តេចតេជោ ក៏បានរំលែក និងចូលរួមរំលែកមរណទុក្ខជាមួយសហរដ្ឋអាមេរិក ចំពោះការបាត់បង់អាយុជីវិតប្រជាពលរដ្ឋអាមេរិក ដោយសារជំងឺកូវីដ១៩។

សម្ដេចតេជោ បានមានប្រសាសន៍ថា នាពេលនេះអាស៊ាន និងអាមេរិក មានឱកាសសញ្ជឹងគិតអំពីដំណើរការដ៏វែងឆ្ងាយដែលអាស៊ាន-អាមេរិក ធ្វើការរួមគ្នាដោយការខិតខំប្រឹងប្រែងដែលនឹងជួយពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ។

សម្តេចតេជោបានគូសបញ្ជាក់ផងដែរថា ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ កម្ពុជាបានជ្រើសរើសយកប្រធានបទ «អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ផ្អែកលើស្មារតីនេះ អាស៊ានបាននិងកំពុងខិតខំរួមគ្នាដើម្បីរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាលើកកម្ពស់ការអនុវត្តនូវវិបុលភាពប្រកបដោយចីរភាពនិងបរិយាបន្ន ជាការពិតយើងក៏ទទួលស្គាល់តួនាទីប្រកបដោយភាពវិជ្ជមានរបស់ដៃគូខាងក្រៅរបស់អាស៊ាន ជាពិសេសសហរដ្ឋអាមេរិក នៅក្នុងដំណើរការទាំងមូលនេះ។

សម្ដេចមានប្រសាសន៍បន្តថា អាស៊ានវាយតម្លៃខ្ពស់លើរាល់កិច្ចការដែលសហរដ្ឋអាមេរិក បានធ្វើ។ ក្នុងនាមខ្លួនសម្ដេចផ្ទាល់ សម្ដេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកប្រធានាធិបតី និងប្រជាជនសហរដ្ឋអាមេរិក ដែលគាំទ្រតួនាទីរបស់កម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំនេះ។

សម្តេចតេជោបានបន្តទៀតថា ជាមួយនឹងសន្ទុះដែលបាននឹងកំពុងវិវឌ្ឍយ៉ាងលឿននៃការឈានឆ្ពោះទៅរកប្រយោជន៍រួមតែមួយ សម្ដេចសូមយកឱកាសនេះអញ្ជើញលោកប្រធានាធិបតី ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី ១០ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខនេះ។

សម្តេចតេជោមានប្រសាសន៍នៅចំពោះមុខមេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកដែរថា «ជាការពិតយើងទទួលស្គាល់តួនាទីប្រកបដោយវិជ្ជមាន នៃដៃគូខាងក្រៅរបស់អាស៊ាន ជាពិសេសសហរដ្ឋអាមេរិក នៅក្នុងដំណើរការទាំងមូល។ អាស៊ានពិតជាសូមវាយតម្លៃខ្ពស់រាល់កិច្ចការដែលសហរដ្ឋអាមេរិកបានធ្វើសម្រាប់តំបន់»

ដោយឡែកលោកប្រធានាធិបតីឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានសម្របសម្រួលកិច្ចសន្ទនារវាងអាស៊ានអាមេរិកនេះ បានលើកឡើងថា ឥឡូវនេះអាស៊ាន និងអាមេរិក នឹងបន្តពង្រឹងទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការ ដែលនឹងដំឡើងពីដៃគូយុទ្ធសាស្ត្រទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ មានន័យថា នេះជាកម្រិតខ្ពស់បំផុតនៅក្នុងក្របខណ្ឌអាស៊ាន។

សម្ដេចតេជោក៏បានគូសបញ្ជាក់នៅក្នុងឱកាសនោះថា សហរដ្ឋអាមេរិក គឺដើរតួនាទីសំខាន់នៅក្នុងពិភពលោក ហើយតួនាទីនេះប្រសិនបើសេដ្ឋកិច្ចសហរដ្ឋអាមេរិកល្អ សេដ្ឋកិច្ចពិភពលោកក៏ល្អប្រសើរផងដែរ។ លើសពីនេះកន្លងមកអាមេរិក បានដើរតួនាទីសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនៅកូវីដ១៩ ក្នុងការផលិតវ៉ាក់សាំងជាដើម។

សម្តេចតេជោ ក៏បានអរគុណដល់ប្រធានាធិបតីអាមេរិក ដែលបានផ្ដល់វ៉ាក់សាំងជូនដល់ប្រទេសកម្ពុជា រួមទាំងវ៉ាក់សាំង johnson and johnson ចំនួន ១លានដុស និងវ៉ាក់សាំងពីរលានដុសបន្ថែមទៀត ព្រមទាំងសន្យាផ្ដល់វ៉ាក់សាំងជាង ៥លានដុសបន្ថែមទៀត សម្រាប់ប្រទេសកម្ពុជា នាពេលខាងមុខនេះ។ បរិយាសកាសដ៏ប្រពៃនេះ បានផ្តល់នូវសញ្ញាជាវិជ្ជមានជាច្រើន សម្រាប់កិច្ចប្រជុំនៅថ្ងៃទី១៣ ខែឧសភា៕