(ភ្នំពេញ)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់ ៦៩ យាងចូល ៧០ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។

សារលិខិតថ្វាយព្រះពររបស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ «នាឱកាសដ៏មហានក្ខត្តឫក្ស និងសិរីសួស្តីជយមង្គល នៃព្រះរាជពិធីចម្រើនព្រះជន្ម៦៩ យាងចូល ៧០ព្រះវស្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច សូមព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញូកតវេទិតាធម៌តបស្នងព្រះមហាករុណាទិគុណដ៏ធំធេង ក្នុងមនោសញ្ចេតនាគោរពសក្ការដ៏ជ្រាលជ្រៅ ឧត្តុង្គឧត្តមបំផុតថ្វាយ ចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលជានិច្ចកាលព្រះអង្គតែងតែយកព្រះហឫទ័យគិតគូរ ពីសុខទុក្ខប្រជារាស្ត្រ ព្រមទាំងបានបំពេញព្រះរាជសកម្មភាពដ៏ប្រពៃថ្លៃថ្លា បម្រើឧត្តមប្រយោជន៍ជាតិ ប្រកបដោយទសពិធរាជធម៌ និងព្រះបញ្ញាញាណភ្លឺស្វាង គង់ប្រថាប់ជានិមិត្តរូបនៃឯករាជ្យជាតិ និងឯកភាពជាតិ។

ក្នុងឱកាសដ៏មហាប្រសើរនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយលើកអញ្ជលីប្រណមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ទេវតាថែរក្សាព្រះមហាស្វេតឆត្រ តេជៈបារមី នៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ និងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមតាមជួយថែរក្សាការពារ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនព្រះជន្មាយុយឺនយូរ បញ្ញាញាណភ្លឺថ្លា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនារបស់ប្រជារាស្ត្រខ្មែរជាកូនចៅ រស់នៅប្រកបដោយសុខសន្តិភាព និងវឌ្ឍនភាពជានិរន្តរ៍តរៀងទៅ»៕

ខាងក្រោមនេះជាសារលិខិតរបស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្វាយព្រះពរព្រះមហាក្សត្រកម្ពុជា៖