(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលមានសហប្រធាន ២រូប គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ និងលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក គឺសហរដ្ឋអាមេរិក បានប្រកាសផ្តល់ប្រាក់ ១៥០លានដុល្លារ សម្រាប់ការអភិវឌ្ឍនៅតំបន់អាស៊ាន។ នេះបើយោងតាម Facebook របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា និងសារព័ត៌មាន Nikkei Asia របស់ជប៉ុន ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។

ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាមេរិក និងអាស៊ានលើកនេះ ត្រូវបានស្ថានទូតអាមេរិកប្រចាំកម្ពុជា អះអាងថា វានឹងបើកសករាជថ្មីមួយនៃភាពជាដៃគូ រវាងភាគីទាំងពីរ។

Facebook របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ «ថ្ងៃនេះ សហរដ្ឋអាមេរិក និងសមាគមអាស៊ាននឹងបើកសករាជថ្មីមួយ នៃភាពជាដៃគូ ដែលដើរតាមគោលបំណងបំពេញបន្ថែម នៃយុទ្ធសាស្រ្តសម្រាប់តំបន់ឥណ្ឌូប៉ាស៉ីហ្វិក របស់សហរដ្ឋអាមេរិក និងទស្សនៈរបស់អាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៉ីហ្វិក។ នៅក្នុងស្មារតីនេះ លោកប្រធានាធិបតី Biden សូមប្រកាសគំនិតផ្តួចផ្តើមដែលមានទឹកប្រាក់ចំនួនជាង១៥០លានដុល្លារ ដែលយើងរំពឹងថា នឹងកៀរគរថវិការាប់ពាន់លានដុល្លារបន្ថែមទៀត ជាថវិកាពីផ្នែកឯកជន ដែលនឹងធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ានកាន់តែមានភាពជ្រាលជ្រៅ ពង្រឹងមជ្ឈភាពអាស៊ាន ហើយពង្រីកសមត្ថភាពរួម របស់យើង ក្នុងការសម្រេចគោលបំណងរួម របស់យើង»

សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមមេដឹកនាំអាស៊ាន បានជួបជុំគ្នានៅរដ្ឋធានីវ៉ាស៉ីនតោន ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលកំពុងព្យាយាមផ្តោតការយកចិត្តទុកដាក់ឡើងវិញ នៅក្នុងតំបន់ ដែលមានទំនាក់ទំនង យ៉ាងស៉ីជម្រៅជាមួយចិន។

កិច្ចប្រជុំកំពូលពិសេសខាងលើ ដែលមានរយៈពេល២ថ្ងៃ គឺត្រូវបានរៀបចំឡើង សម្រាប់ឱកាសគម្រប់ខួបទី៤៥ នៃទំនាក់ទំនងរវាង ទីក្រុងវ៉ាស៉ីនតោននិងអាស៊ាន និងជាជំនួបទល់មុខផ្ទាល់លើកដំបូងរវាងភាគីទាំងពីរ គិតចាប់តាំងពីឆ្នាំ២០១៧មក។ មេដឹកនាំអាស៊ាន៨រូប ក្នុងចំណោម១០រូប កំពុងចូលរួមកិច្ចប្រជុំនេះ។ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលនឹងផុតអាណត្តិនៅខែមិថុនាខាងមុខ បានសម្រេចមិនចូលរួម ខណៈមេដឹកនាំមីយ៉ាន់ម៉ា លោក មីន អោងឡាំង មិនត្រូវបានអញ្ជើញ ចំពោះមុខការមិនជំទាស់ផ្នែកការទូត ចំពោះរដ្ឋាភិបាលយោធារបស់លោក។ ប្រទេសទាំងពីរ បានចាត់តំណាងឱ្យចូលរួមជំនួស។

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមមេដឹកនាំអាស៊ាន បានថតរូបជុំគ្នាជាមួយលោក បៃដិន នៅសួនច្បារសេតវិមាន ហើយក៏បានទទួលទានអាហារពេលល្ងាច នៅក្នុងសេតវិមានផងដែរ។ ឱកាសនោះ លោកប្រធានាធិបតីអាមេរិក បានសន្យាផ្តល់ថវិកាទំហំ ១៥០លានដុល្លារ សម្រាប់ការវិនិយោគនៅអាស៊ាន លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ សុខាភិបាល និងអាទិភាពផ្សេងៗទៀត។ រីឯនៅថ្ងៃសុក្រ ដែលជាថ្ងៃចុងក្រោយ លោក បៃដិន និងមេដឹកនាំអាស៊ាន នឹងបើកកិច្ចពិភាក្សា នៅឯក្រសួងការបរទេសអាមេរិក។

គួរបញ្ជាក់ថា រដ្ឋបាលលោក ចូ បៃដិន កំពុងបង្កើនការចូលរួមពាក់ព័ន្ធនៅតំបន់អាស៉ី តាមរយៈយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៉ីហ្វិករបស់ខ្លួន ដែលត្រូវគេមើលឃើញយ៉ាងទូលំទូលាយថា ជាកិច្ចប្រឹងប្រែងដើម្បីព្យាយាមទប់ទល់នឹង ឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន នៅក្នុងតំបន់នេះ។ មួយសប្តាហ៍ទៀត លោក បៃដិន ត្រូវទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុន ជាទីដែលលោកនឹងចូលរួមកិច្ចប្រជុំសន្តិសុខ Quad នៅទីក្រុងតូក្យូ ជាមួយមេដឹកនាំអូស្រ្តាលី ឥណ្ឌា និងជប៉ុន៕