(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធ ចំនួន១៦គ្រឿង នៅទូទាំងប្រទេស ដែលសុទ្ធសឹងជ្រកក្រោមផ្លាកលេខក្លែងក្លាយ។

រថយន្តទាំង១៦គ្រឿង ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ក្រាបបានក្នុងរយៈពេល១សប្តាហ៍នេះរួមមាន៖

១៖ រថយន្តម៉ាក RANG ROVER ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំម៉ូដែល ២០១៥ និងទំហំស៊ីឡាំង 3000 CC
២៖ រថយន្តម៉ាក TOYOTA ALPHARD ពណ៌ស ចង្កូតឆ្វេងផ្លាកលេខ 2B-4210ឆ្នាំម៉ូដែល 2008
៣៖ រថយន្តម៉ាក LEXUS RX350 ពណ៌ស ចង្កូតឆ្វេង ផ្លាកលេខ កណ្តាល 2B-0936 ឆ្នាំម៉ូដែល 2010
៤៖ រថយន្តម៉ាក LEXUS Rx400h ពណ៌ ស ចង្កូតឆ្វេង ផ្លាកលេខ ភ្នំពេញ 2BD-1193 ឆ្នាំម៉ូដែល 2007
៥៖ រថយន្តម៉ាក LEXUS RX350 ពណ៌ស ចង្កូតឆ្វេង ផ្លាកលេខ ភ្នំពេញ 2AO-2821 ឆ្នាំម៉ូដែល 2010
៦៖ រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ផ្លាកលេខ ភ្នំពេញ 2AD-8380 ឆ្នាំម៉ូដែល 2004
៧៖ រថយន្តម៉ាក TOYOTA PRIUS ពណ៌ស ចង្កូតឆ្វេង ផ្លាកលេខ ភ្នំពេញ 2AV- 6356 ឆ្នាំម៉ូដែល 2010
៨៖ រថយន្តម៉ាក Lexus RX330 ឆ្នាំ 2011 ចង្កូតឆ្វេង ពាក់ផ្លាកលេខ ខ.ម
៩៖ រថយន្តម៉ាក Lexus RX330 ឆ្នាំ 2004 ចង្កូតឆ្វេង ពាក់ផ្លាកលេខ ខ.ម
១០៖ រថយន្តម៉ាក Ford Ranger Wildtrak ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០២១
១១៖ រថយន្តម៉ាក Toyota Tundra ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល ២០១៤
១២៖ រថយន្តម៉ាក LEXUS RX350 ពណ៌ ស ចង្កូតឆ្វេង ផ្លាក លេខ ខ.ម
១៣៖ រថយន្តម៉ាក LEXUS RX400h ពណ៌ ស ចង្កូតឆ្វេង ផ្លាកលេខ 2AQ 4664
១៤៖ រថយន្តម៉ាក LEXUS RX400h ពណ៌ ទឹកប្រាក់ ចង្កូតឆ្វេង ផ្លាកលេខ 2AP 1504
១៥៖ រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ផ្លាកលេខ 2AD 7985
១៦៖ រថយន្តម៉ាក Lexus RX400H ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល ២០០៦ កំលាំងសេស 3311 CC

សូមជម្រាបថា ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ កាលពីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងចុះបង្ក្រាបរថយន្តគ្មានពន្ធកាន់តែខ្លាំង ក្រោយផុតឱសានវាទជាង៥០ថ្ងៃទៀត ខណៈរថយន្ដចង្កូតស្ដាំ បង្ក្រាបបាននឹងកម្ទេចចោល។

ឱសានវាទចុងក្រោយនៃយុទ្ធនាការប្រមូលពន្ធអាករ លើរថយន្ដមានស្រាប់នៅក្នុងប្រទេស ត្រឹមថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២២ ហើយចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពុំមានសិទ្ធទទួលបង់ពន្ធរថយន្ដមានស្រាប់ក្នុងប្រទេសនោះទេ តួនាទីដ៏សំខាន់ គឺការចុះបង្ក្រាប។

ករណីដែលរថយន្ដគ្មានពន្ធបង្ក្រាបបាន ក្រោយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ គឺរថយន្ដចង្កួតឆ្វេង ត្រូវទទួលរងនូវការបង់ពន្ធអាករ តាមច្បាប់ជាធរមានផង និងបង់ពិន័យថែមទៀត។ ដោយឡែករថយន្ដចង្កួតស្ដាំ នៅពេលដែលបង្ក្រាបបាន នឹងត្រូវដោះបំណែក ដោយបម្លែងរថយន្ដទៅជាគ្រឿងបំណែករថយន្ដ ពីព្រោះរថយន្ដចង្កួតស្ដាំ គឺជារថយន្ដហាមឃាត់ ក្នុងការនាំចូលសម្រាប់ប្រើប្រាស់ នៅក្នុងប្រទេស និងមួយទៀត គឺអាចកម្ទេចចោលតែម្ដង។

លោក គុណ ញឹម ក៏បានអំពាវនាវដល់ម្ចាស់រថយន្ដទាំងឡាយ ដែលនៅមិនទាន់នាំយករថយន្ដរបស់ខ្លួន ចូលមកបង់ពន្ធអាករ សូមរួសរាស់មកបំពេញ កាតព្វកិច្ចពន្ធអាករ ឲ្យបានត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលនៅសល់ពេលមិនដល់៦០ថ្ងៃនោះទេ។

សូមជម្រាបថា ចាប់ពីខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអនុញ្ញាតឲ្យរថយន្តអត់ពន្ធចង្កួតឆ្វេង អាចចូលបង់ពន្ធបាន ជាមួយការអនុគ្រោះពន្ធ-អាករ ១០ភាគរយ។ ខណៈរថយន្តចង្កួតស្តាំ (កែចង្កួតរួចបង់ពន្ធ) ទទួលបានការអនុគ្រោះពន្ធ១០ភាគរយ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ រថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំ ចំនួនជិត៧ពាន់គ្រឿង បានចូលខ្លួនប្រកាស និងបង់ពន្ធ ដែលគិតជាទឹកប្រាក់៦០លានដុល្លារ បានបង់ចូលថវិកាជាតិ៕