(ភ្នំពេញ)៖ សមាជិកថ្មី មកពីសង្កាត់បាក់ខែង និងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ជាង១០០០នាក់ បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគេបានមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ និងល្អប្រសើររបស់គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសមានការអភិវឌ្ឍរីកចំរើននិងធ្វើអោយប្រទេសជាតិ ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។

ពិធីបញ្ចូលសមាជិកថ្មីខាងលើនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ នៅសង្កាត់កោះដាច់ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួ ង ស្រេង សមាជិក គណៈកម្មាធិកា រ កណ្តាល គណបក្ស ប្រជាជន កម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ។

លោក ឃួង ស្រេង នៅក្នុងឱកាសនោះក៏បានលើកឡើងពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដោយសម្តេចបានរំដោះប្រទេសចេញពីចំណុចសូន្យនឹងនាំឲ្យប្រទេសជាតិមានសន្តិភាពពេញបរិបូណ៍រ មានការអភិវឌ្ឍន៍ប្រទេសរីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពធូធា។

សមាជិកថ្មី ដែលស្ម័គ្រចិត្តចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាខាងលើនេះ មានចំនួន១១០៥នាក់ មកពីសង្កាត់បាក់ខែងនិងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។

នៅក្នុងពិធីនោះដែរ សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីខាងលើនេះ បានប្ដេជ្ញាចិត្តថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅពេលខាងមុខនេះ ហើយគាំទ្រសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីរហូតទៅ និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅពេលអនាគត៕