(បាភ្នំ-ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំរួមជាមួយសហការី បានអញ្ជើញចូលរួមក្នុងកម្មវិធីវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

កម្មវិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅទីលានបាល់ទាត់ ស្ថិតក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រី អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំទាំង៩នៃស្រុកបាភ្នំ ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ មន្ត្រី សមត្ថកិច្ចជំនាញស្រុក-ឃុំ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំឈើកាច់ សរុបអ្នក ចូលរួមចំនួនមានប្រមាណ៩០០នាក់។

បន្ទាប់ពីលោក ឡាយ សំអឿន អភិបាលស្រុកបាភ្នំ ធ្វើរបាយការណ៍ពីស្ថានភាពរួមនៃសេដ្ឋកិច្ច ជីវភាព សន្តិសុខសណ្ដាប់ធ្នាប់ និងការរីកចម្រើនក្នុងមូលដ្ឋានស្រុកបាភ្នំរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានថ្លែងអំណរ គុណ និងកោតសរសើរដល់ក្រុមការងារស្រុក-ឃុំ មន្ត្រីសមត្ថកិច្ចជំនាញស្រុក-ឃុំ និងបងប្អូនប្រជា ពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានឃុំឈើកាច់ ដែលកន្លងមកបានរួមគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល និងប្រជាជនទូទាំងប្រទេសចូលរួមយ៉ាងពេញទំហឹងក្នុងចលនាជាតិក្រោមមគ្គុទេសក៍ដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រយុទ្ធឈ្នះជំងឺកូវីដ-១៩ បើក ដំណើរការសេដ្ឋកិច្ច និងសង្គមជាតិឡើងវិញដូចសព្វថ្ងៃ។

ក្នុងវេទិកាបើកចំហ អ្នកចូលរួមមានឱកាសលើកឡើងនូវបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ដែលជាទុក្ខកង្វល់ ការថ្នាំងថ្នាក់ខ្លះៗពាក់ព័ន្ធផ្ទាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះរួមមានជាអាទិ៍៖

- បទល្មើសគ្រឿងញៀន ល្បែងស៊ីសងតាម មូលដ្ឋាន ភូមិខ្លះនៅតែកើតមានឡើងនៅឡើយ។

- ការផ្គត់ផ្គង់ទឹកស្អាតមិនទាន់បានឆ្លើយតបតាមតម្រូវការអ្នកប្រើប្រាស់ ដោយសារសម្ពាធទឹកខ្សោយ និងខ្វះបរិមាណទឹកប្រើប្រាស់នៅពេលខ្លះ និងនៅកន្លែងខ្លះ។

- សកម្មភាពអាជីវកម្មផ្តល់អគ្គីសនីប្រើប្រាស់នៅ មូលដ្ឋាន បង្កការថ្នាំងថ្នាក់ខ្លះដល់បងប្អូនប្រជា ពលរដ្ឋ។ ប្រការនេះច្រើនកើតឡើងនៅពេលមានការដាំបង្គោលតខ្សែបណ្ដាញភ្លើង និងការជួសជុលផ្សេងៗ ដោយភ្នាក់ងារក្រុមហ៊ុនឯកជនមិនបានជូនដំណឹងដល់អ្នកជាវ។ល។

បញ្ហាទាំងឡាយខាងលើត្រូវបានពន្យល់ បកស្រាយបំភ្លឺ និងសន្យាបេ្តជ្ញាជំរុញដោះស្រាយ ដោយតំណាងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត តំណាងក្រុមហ៊ុនផ្គត់ផ្គង់អគ្គីសនី តំណាងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស និង នវានុវត្តន៍ អធិការរងនគរបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។

អង្គវេទិកាទាំងមូលបានយកចិត្តទុកដាក់ការបកស្រាយបំភ្លឺ និងបន្តចូលរួមតាមដានរាល់ដំណោះ ស្រាយនានាប្រកបដោយស្មារតីយោគយល់ និងស្ថាបនា។

ថ្លែងមតិបិទកម្មវិធី លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានថ្លែងវាយតម្លៃខ្ពស់ដល់ តួនាទីវេទិកាសាធារណៈនៅពេលនេះ ដែលផ្តល់ឱកាសឱ្យមានការផ្សារភ្ជាប់រវាងរដ្ឋជាមួយ ប្រជាជន រួមគ្នាជួយដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ដើម្បីជាគុណប្រយោជន៍ដល់សុខសុវត្ថិភាពរបស់ប្រជាជន ដែលជាចំណែកសំខាន់មួយនៃសុខសន្តិភាពរបស់សង្គមជាតិ។

លោករដ្ឋមន្រ្តីប្រធានក្រុមការងារស្រុកបាភ្នំ បានសំណូមពរឱ្យក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមគ្នាជាមួយប្រជាពលរដ្ឋ ត្រូវបន្តរៀបចំវេទិកាសាធារណៈបែបនេះ នៅតាមភូមិឃុំដទៃទៀត។

លោករដ្ឋមន្រ្តី ព្រុំ សុខា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានអាយុពី១៨ឆ្នាំឡើង សូមទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជាដើម្បីបន្តការពាររឹងមាំ បុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាព សម្រាប់អនាគតរុងរឿងរបស់ប្រទេសជាតិ និង ភាពសុខុដុមរមនារបស់ប្រជាជនយើងតរៀងទៅ៕