(ភ្នំពេញ)៖ លោក ឱម យ៉ិនទៀង ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌទួលគោក បានថ្លែងថា គណបក្សប្រជាជនកម្ពុជាតែងគិតគូរដល់យុវជន និងរលកថ្មី ហើយមានការទទួលកម្លាំងថ្មីជាបន្តបន្ទាប់ ដែលនេះជាការគិតគូរខ្ពស់ជាសម្រាប់យុវជន ដែលនេះជាចំណុចពិសេសមួយរបស់គណបក្សប្រជាជនកម្ពុជា។

ការថ្លែងបែបនេះរបស់លោក ឱម យ៉ិនទៀង ត្រូវបានធ្វើឡើងក្នុងពិធីប្រកាសបញ្ជូលសមាជិកគណបក្សប្រជាជនថ្មីចំនួន១,៥៨៧នាក់ មកពីសង្កាត់ផ្សារដើមគរ និងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅសាលមហោស្រពចេនឡា ដោយមានការចូលរួមពីអនុប្រធានក្រុមការងារចុះជួយខណ្ឌទួលគោក និងលោក-លោកស្រី ប្រធានក្រុមការងារចុះជួយសង្កាត់ ព្រមទាំងលោក-លោកស្រី ក្រុមការងារគណបក្សប្រជាជនកម្ពុជាជាច្រើនរូបផ្សេងទៀតផងដែរ។

លោក ឱម យ៉ិនទៀង បានថ្លែងដូចនេះថា « គណបក្សប្រជាជនយើង យើងគិតគូរដល់យុវជន និងរលកថ្មី ហើយមានការទទួលកម្លាំងថ្មីជាបន្តបន្ទាប់ ដែលនេះជាការគិតគូរខ្ពស់ជាសម្រាប់យុវជន ដែលជាកម្លាំងថ្មី ដែលនេះជាចំណុចពិសេសមួយរបស់គណបក្សប្រជាជនកម្ពុជា [..] យុវជនចាស់ដូចខ្ញុំ និងបងៗកុំភ័យ យើងដល់ពេលសម្រាកបាន ដោយនឹងនរក្នុងចិត្តថា ក្មេងៗជំនាន់ ក្រោយ និងទទួលខុសត្រូវជំនួសយើង យើងខ្លាំងជាងយើងទៅទៀត»

លោក ឱម យ៉ិនទៀង បានបញ្ជាក់ទៀតថា កូនខ្លាំងជាងឪពុក ទើបនាំឱ្យគ្រួសាររុងរឿង ដូចនេះហើយក្នុងនាមជាយុវជនជំនាន់ថ្មីត្រូវតែមានការប្តេជ្ញាចិត្តក្នុងការគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ដែលនេះមិនមែនជាការផ្ទេរអំណាចពីឪពុកដល់កូននោះទេ តែជាការប្រយុទ្ធដោយប្រជាធិបតេយ្យ។

លោកបានអះអាងទៀតថា ការរក្សាបានសមាជិកចាស់ បូកបញ្ចូលសមាជិកថ្មី បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជាឈរយ៉ាងរឹងមាំ ហើយគណបក្ស នឹងបន្តរឹងមាំ រាប់រយឆ្នាំតទៅមុខទៀត ហើយភាពរឹងមាំនេះដោយសារគណបក្សមានសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ ដោយសារគណបក្សតែងចាប់ទុកសមាជិកថ្មីមានតម្លៃ និងថាមពលដូចគ្នាទៅនឹងសមាជិកចាស់។

លោក ឱម យ៉ិនទៀង បានបន្តថា សមាជិកបក្សទោះចាស់ឬថ្មី គឺមានតួនាទីយ៉ាងសំខាន់ក្នុងការខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាម កម្មវិធីគោល នយោបាយ និងលក្ខន្តិកៈរបស់គណបក្ស សំដៅការកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងចេះជួយគ្នាទៅវិញទៅមក ទាំងគុណធម៌ សីលធម៌ ដើម្បីសម្រេចភារកិច្ចជូនសង្គមជាតិ៕