(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ នៅមន្ទីរបក្សឃ៉ំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ចំនួន២៣រូប ដែលពួកគាត់អញ្ជើញមកពីគណបក្សភ្លើងទៀន និងអតីតគណបក្សសង្គ្រោះជាតិ ដែលក្នុងនោះមាន៥រូប ជាអតីតបេក្ខភាពក្រុមប្រឹក្សាឃ៉ំ នៃអតីតគណបក្សសង្គ្រោះជាតិឆ្នាំ២០១៧ និង១រូប ជាបេក្ខភាពសមាជិកក្រុមប្រឹក្សាឃ៉ំគណបក្សភ្លើងទៀន ឆ្នាំ២០២២នេះផងដែរ។

យោងតាមលិខិតលាលែងរបស់លោកពៅ សារិត ជូនទៅថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បានបញ្ជាក់ថា ការដែលលោកលាលែងពីបេក្ខភាព និងសមាជិកគណបក្សភ្លើងទៀន គឺដោយសារអស់ជំនឿលើការដឹកនាំរបស់មន្ត្រីគ្រប់ជាន់ថ្នាក់របស់គណបក្សនេះ។

ជាមួយគ្នានេះ លោក កង ធី អតីតបេក្ខជនក្រុមប្រឹក្សាឃ៉ំអតីតគណបក្សសង្គ្រោះជាតិ បានថ្លែងថា ការដែលលោកសម្រេចចិត្តមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាដោយមើលឃើញពីគុណបំណាច់ នៃការដឹកនាំរបស់គណបក្សប្រជាជនតាំងពីបាតដៃទទេរ រហូតកសាងជាតិបានរីកចម្រើនលូតលាស់អភិវឌ្ឍយ៉ាងលឿន ជីវភាពប្រជាជនកាន់តែធូរធារពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសជាតិមានកិត្តិយស និងកិត្យានុភាពកាន់តែខ្លាំងក្លាក្នុងឆាកជាតិ និងអន្តរជាតិ ជាពិសេសគឺគណបក្សប្រជាជននេះហើយជាអ្នករកសន្តិភាព និងការពារសន្តិភាពសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

ថ្លែងដោយក្តីស្វាគមន៍យ៉ាងកក់ក្តៅជូនដល់សមាជិកថ្មីទាំង២៣រូប លោកបណ្ឌិត ហេង សុខគង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឹ បានរំលឹកថា ដោយមានកំណើតតាំងពីថ្ងៃ២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនបានចូលរួមនៅគ្រប់ដំណាក់កាលនៃការវិវត្តរបស់ជាតិ ជាពិសេសគឺការរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដោយដៃម្ខាងខំប្រឹងកសាងជាតិ និងដៃម្ខាងខំប្រឹងទប់ស្កាត់របបមហាប្រល័យនេះមិនឲ្យត្រឡប់មកវិញ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមយុទ្ធសាស្ត្រឈ្នះ ឈ្នះ ដែលសម្តេចតេជោបានយកអាយុជីវិតទៅប្រថុយប្តូរ ទើបកម្ពុជាបានទទួលសុខន្តិភាពពេញលេញ មូលទឹកដី និងពូជពង្សវង្សត្រកូលខ្មែរមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំនៅកម្ពុជា។

ជាងនេះទៅទៀត នៅក្នុងដំណាក់កាល នៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោមយុទ្ធសាស្ត្រផ្ការីកប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កម្ពុជាបានចាក់វ៉ាក់សាំងបានជិត៩៤ភាគរយ និងបានឈានជាបន្តបន្ទាប់រហូតដល់អាចគ្រប់គ្រងជំងឺនេះបានទាំងស្រុង អត្រាចម្លងធ្លាក់ដល់សូន្យ អត្រាស្លាប់មិនមាន កម្ពុជាបានបើកសង្គម និងសេដ្ឋកិច្ច យ៉ាងទូលំទូលាយ ដែលធ្វើឲ្យពិភពលោកវាយតម្លៃខ្ពស់ និងប្រទេសមួយចំនួនបានយកកម្ពុជាជាគម្រូ។ ដូច្នេះការជ្រើសរើសមេដឹកនាំសំខាន់ណាស់ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ពោលគឺថ្នាក់ឃ៉ំ សង្កាត់នេះឯង។

ជាចុងក្រោយ លោក ហេង សុខគង់ បានជំរុញឲ្យសមាជិកថ្មីទាំងអស់បន្តគៀរគរ បងប្អូនដទៃទៀតដែលអស់ជំនឿលើបក្សប្រឆាំងឲ្យមកចូលរួមរស់ជាមួយគណបក្សប្រជាជន ហើយបោះឆ្នោតជូនគណបក្សប្រជាជនក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃ៉ំ សង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះឲ្យបានគ្រប់គ្នាពោល គឺសមាជិក១រូប សន្លឹកឆ្នោតមួយសន្លឹក។

ក្នុងឱកាសនោះ លោក ហេង សុខគង់ ក៏បានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនដល់សមាជិកថ្មីទាំងអស់ និងបានជូនថវិកាដល់សាខាបក្សភូមិទាំង៩ ដែលបានចូលរួមក្នុង១ភូមិ ២០ម៉ឺនរៀល គណបក្សឃ៉ំថវិកាមួយលានរៀល អាវយឺត ៧០ មួក៧០ ទង់ជាតិ២ពាន់ និងទង់បក្ស២ពាន់ផងដែរ៕