(ស្វាយរៀង)៖ លោក ម៉ឹង សំផន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកចន្ទ្រា ខេត្តស្វាយរៀង បានលើកឡើងថា សន្តិភាព គឺមានតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ដូច្នេះ សូមប្រជាពលរដ្ឋគ្រប់រូប ត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាពដើម្បីទទួលបានការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនខ្លាំងថែមទៀត។

ការលើកឡើងបែបនេះ របស់ លោក មុឹង សំផន បានធ្វើឡើងនៅក្នុងពិធីសម្ពោធសាលារៀន១ខ្នង ស្ថិតនៅក្នុងឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២២ ម្សិលមិញ។ ដែលមានការចូលរួមពីក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំ ស្រុក និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

នាឱកាសនោះដែរ លោកបានបន្តថា សាលារៀនថ្មី១ខ្នង ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយ ដោយបានបង្ហាញពីការចូលរួម និងការទទួលខុសត្រូវពីក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស និងថ្នាក់ដឹកនាំគណបក្សនៅមូលដ្ឋាន ដែលបម្រើឱ្យវិស័យអប់រំលើកកម្ពស់ធនធានមនុស្សនៅមូលដ្ឋានឱ្យកាន់តែរីកចម្រើន ដែលរដ្ឋាភិបាលបានចាត់ទុកវិស័យ៤ ជាអាទិភាពរួមមាន៖ ទឹក ភ្លើង ផ្លូវ និងមនុស្ស។

លោក ម៉ឹង សំផន បានបន្ថែមថា សម្រាប់អគារសិក្សា១ខ្នងនេះដែរ ក៏បានបង្ហាញពីភាពរឹងមាំនៃវិស័យអប់រំ ក្រោមការដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកមគ្គុទេ្ទសក៍ឯក និងប្រតិបត្តិករ នយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញេលញ ជូនមាតុភូមិកម្ពុជា ជាពិសេសបានកាច់ចង្កូតនាវាកម្ពុជា តម្រង់ឆ្ពោះទៅរកការអភិវឌ្ឍទៅមុខឥតឈបឈរ។

ជាមួយគ្នានេះដែរ លោក ម៉ឹង សំផន បានបញ្ជាក់ថា «ត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណាដែលមានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេសយើង និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍កម្មវិធីចតុកោណដំណាក់កាលទី៥ របស់រាជរដ្ឋាភិបាល ជាពិសេសត្រូវបន្តអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ១៩ ដោយមិនត្រូវពឹងផ្អែកតែទៅលើការបានចាក់វ៉ាក់សាំង និងថ្នាំព្យាបាលនោះទេ»

លោកបានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងគុណបំណាច់របស់សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការគាំទ្រការដឹកនាំរបស់សម្តេចតេជោ និងអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីក្នុង២០២៣ និងឆ្នាំបន្តៗទៀតផងដែរ៕