(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានណែនាំនូវគន្លឹះល្អៗជាច្រើនដល់សមាជិក-សមាជិការបស់ខ្លួន ដើម្បីជួយឱ្យអ្នកប្រកបវិជ្ជាជីវៈជាអ្នកលក់ឱសថរួមគ្នាបម្រើផលប្រយោជន៍ជូនប្រជាជន ពិសេសត្រូវមានបដិសណ្ឋារកិច្ចចំពោះប្រជាជន ជៀសវាងការប៉ះពាល់សតិអារម្មណ៍អ្នកជំងឺ។

លោក ឡី សុភាព លើកឡើងយ៉ាងដូច្នេះ គឺធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រមូលដ្ឋានសម្រាប់អ្នកលក់ឱសថនៅតាមឱសថស្ថាន ដែលជាសមាជិក-សមាជិកាសមាគមអ្នកលក់ឱសថកម្ពុជាប្រមាណ៥០០នាក់ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។

នាឱកាសនោះ លោកប្រធានបានលើកឡើងថា នៅតាមបណ្ដាខេត្តនីមួយៗបានចាប់ផ្ដើមឃើញពីតម្លៃនៃការអប់រំលើផ្នែកលក់ឱសថនេះ។ ចំពោះសមាគមអ្នកលក់ឱសថកម្ពុជា គឺតែងផ្ដល់ការបណ្ដុះបណ្ដាល ហើយមានការប្រគល់ជ័យលាភីជូនសិក្ខាកាមដែលអ្នកលក់ឱសថ ក៏ដូចជាអ្នកបម្រើសេវាសុខភាពទូទៅ ដើម្បីបញ្ជាក់ពីការទទួលបានការអប់រំបណ្ដុះបណ្ដាល និងមានចំណេះ ជំនាញត្រឹមត្រូវ។ លោកថា វិញ្ញាបនបត្រទាំងនេះគឺមានតម្លៃស្មើនឹងលិខិតបទដ្ឋានគតិយុត្ត។

លោកបានបន្តថា ការបណ្ដុះបណ្ដាលខាងលើនេះ គឺនឹងផ្ដល់ឱ្យសិក្ខាកាមដែលជាអ្នកលក់ឱសថបានយល់ពីផលប៉ះពាល់សុខភាពទាំងខាងក្រៅ និងខាងក្នុងរបស់អ្នកប្រើប្រាស់ ភាពស្របច្បាប់នៃផលិតផលដែលពួកគេយកមកលក់ជូនអ្នកប្រើប្រាស់។

លោកបានស្នើដល់ឱសថការី គិលានុបដ្ឋ-គិលានុបដ្ឋយិកា វេជ្ជបណ្ឌិត ឆ្មប ទន្ដពេទ្យ ជំនួយការវេជ្ជបណ្ឌិត អ្នកលក់គ្រឿងសម្អាង អ្នកបម្រើការទូទៅជាដើម ត្រូវតែឆ្លងកាត់ការអប់រំការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោកបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសអ្នកលក់ឱសថនៅតាមឱសថស្ថាន អ្នកលក់គ្រឿងសម្អាង ម្ហូបអាហារនិងភេសជ្ជៈ ត្រូវចូលខ្លួនមកទទួលការបណ្ដុះបណ្ដាលជាមួយសមាគមសហព័ន្ធអ្នកលក់ឱសថកម្ពុជា ដើម្បីធានាការប្រើប្រាស់ ចែកចាយត្រឹមត្រូវ ប្រកបដោយសុវត្ថិភាព សុខភាព ឱ្យយល់អំពីច្បាប់នៃការគ្រប់គ្រង។ ត្រូវយល់ដឹងអំពីការថែទាំសុខភាពឱ្យបានល្អ។ ត្រូវតែបម្រើប្រជាជនដោយក្ដីស្រលាញ់ គួរតែគិតអំពីម៉ោងពេលវេលា។

លោកបានបន្តស្នើដល់សមាជិក-សមាជិកាត្រូវតែមានបដិសណ្ឋារកិច្ចចំពោះអ្នកជំងឺ ពីព្រោះអ្នកឈឺមានសតិអារម្មណ៍ភ័យព្រួយណាស់ទៅហើយ និងត្រូវយកចិត្តទុកដាក់ចំពោះប្រជាជនពលរដ្ឋដែលមកទទួលសេវាសុខភាព។ កិច្ចការទាំងនេះជារឿងចាំបាច់ក្នុងនាមជាអ្នកបម្រើសេវាសុខភាពជូនប្រជាជន។

លោក ឡី សុភាព បានបន្តអំពាវនាវដល់សមាជិក-សមាជិកត្រូវសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់លើការសហការបម្រើប្រជាជន។

លោកបន្តណែនាំទៀតថា ការលក់ដូរឱសថជូនប្រជាជនត្រូវមានរបៀបរបប ក្រោយពីការទទួលបានវិញ្ញាបនបត្រនេះ។ ត្រូវមានការគ្រប់ហិរញ្ញវត្ថុ ផែនការចំណូល-ចំណាយ ពីព្រោះប្រសិនបើអ្នកផ្ដល់សេវាមានជីវភាពខ្វះខាត ការផ្ដល់សេវាជូនអ្នកប្រើប្រាស់ក៏ពិបាកដែរ ពោលគឺត្រូវតែមានជីវភាពសមរម្យ។

លោកក៏បានលើកទឹកចិត្តឱ្យសមាជិកសមាគមពង្រីកលទ្ធភាពនៃការផ្ដល់សេវាជូនប្រជាជនប្រកបដោយវិជ្ជាជីវៈ និងចេះជួយអ្នកដែលខ្វះខាតពិតប្រាកដ ដើម្បីទទួលបានកិត្តិយសប្រសើរសម្រាប់ខ្លួន គ្រួសារ សង្គម ក៏ដូចជាសមាគមសហព័ន្ធអ្នកឱសថកម្ពុជា៕