(កំពង់ចាម)៖ នៅក្នុងពិធីសំណេះសំណាល ជាមួយគណៈអាជីវករ និងលោកគ្រូ អ្នកគ្រូ ជិត១,០០០នាក់ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ធនធានមនុស្សមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍ និងការកសាងប្រទេសរបស់ឱ្យមានភាពរីកចម្រើន ប៉ុន្តែ គឺអាស្រ័យលើកត្តាសុខសន្តិភាពនៅខាងដើមជានិច្ច។

លោកអភិបាលខេត្ត បានបន្តថា តាមរយៈកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ធ្វើឱ្យវិស័យអប់រំមានការរីកចម្រើនខ្លាំង ព្រមទាំងសិស្សានុសិស្ស សប្បាយចិត្ត នៅក្នុងការខិតខំរៀនសូត្រ។ រីឯគ្រូបង្រៀន ក៏បានបំពេញកាតព្វកិច្ចជាគ្រូល្អ នៅតាមបណ្ដាសាលា និងថ្នាក់រៀនរបស់ខ្លួន ដែលប្រការនេះ ធ្វើឱ្យខេត្តកំពង់ចាម ទទួលបានលទ្ធផលសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិកន្លងទៅ ទទួលបាននិទ្ទេស A រហូតដល់ទៅ ៣២នាក់ ហើយលទ្ធផលទាំងនោះ ជាការចូលរួមចំណែកទាំងអស់គ្នា របស់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល និងគណៈគ្រប់គ្រងសាលា ព្រមទាំងមន្ទីរអប់រំយុវជន និងកីឡា បានខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាលោកគ្រូ អ្នកគ្រូបានខិតខំបង្រៀនសិស្ស ដោយយកចិត្តទុកដាក់ ដែលទាំងអស់នេះហើយ គឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឈានទៅអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចម្រើនថែមទៀត។

លោកអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងនោះមានវិស័យ ផ្លូវ, ទឹក, ភ្លើង, និងមនុស្ស ប៉ុន្តែមកដល់បច្ចុប្បន្ន គឺវិស័យធនធានមនុស្សបានឈរមកលំដាប់អទិភាពទី១ វិញ ពីព្រោះវិស័យធនធានមនុស្សនេះសំខាន់ណាស់ នៅក្នុងការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន បន្ទាប់ពីប្រទេសជាតិរបស់យើង មានសុខសន្តិភាពពេញលេញ បានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕