(ស្វាយរៀង)៖ អតីតសមាជិកអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ និងមកពីគណបក្សផ្សេងៗចំនួន៥៤នាក់ បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីអស់ជំនឿលើថ្នាក់ដឹកនាំ ដែលពួកគាត់ធ្លាប់ជឿជាក់ និងបានយល់ច្បាស់ពីមាគ៌ាការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ។

ពិធីប្រកាសបញ្ចូលអតីតសមាជិកអ្នកគាំទ្របក្សប្រឆាំងទាំង៥៤នាក់នេះ បានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ឡាយ ណាវីន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងបាវិត និងលោក លឹម សៀងហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកកម្ពុជា ក្រុងបាវិត និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់បាវិត ខេត្តស្វាយរៀង នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ។

នៅក្នុងឱកាសនោះ លោកស្រីឡាយ ណាវីន និងលោក លឹម សៀងហេង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីចំនួន ៥៤នាក់ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ដែលទាំងនេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះគណក្សប្រជាជនកម្ពុជា ជាបក្សនយោបាយដែលបានសាងស្នាដៃជាច្រើនសម្រាប់សង្គមជាតិ និងមានគោលនយោបាយច្បាស់លាស់ក្នុងការកសាងជាតិ។

នាឱកាសនោះ លោក លឹម សៀងហេង បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តស្វាយរៀង ដែលតែងតែនឹករលឹកដល់សមាជិក សមាជិកាគណបក្សទូទាំងខេត្តស្វាយរៀង ទីណាមានទុកលំបាកតែងតែមានវត្តមានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយជានិច្ច។

លោកបានបន្ដថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំជាងគេ មានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ពន្ធរឹងមាំគ្រប់លំដាប់ថ្នាក់ ជាពិសេសមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ប្រកបដោយភាពជឿជាក់ បានធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញផ្ទៃប្រទេស មានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យពីទីក្រុងរហូតដល់ទីជនបទ។

លោកបានណែនាំដល់យុវជន ដែលជាសមាជិកបក្សទើបតែបញ្ចូលថ្មីត្រូវគាំទ្រប្ដូរផ្ដាច់ និងកៀរគរមិត្តភក្តិបងប្អូនឱ្យមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត គឺពង្រឹងចាស់ ពង្រីកថ្មី ដើម្បីឈានយកជ័យជម្នះ លើការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលឈានចូលមកដល់នាពេលខាងមុខនេះ។

បន្ថែមពីនេះ លោកក៏បានលើកឡើងអំពីការអភិវឌ្ឍ នៅខេត្តស្វាយរៀង ក៏ដូចជាក្រុងបាវិតមានរោងចក្រសហគ្រាសជាច្រើន ដែលអាចស្រូបយកកម្មករ កម្មការិនី មកបម្រើការងាររាប់ម៉ឺននាក់ ដោយមិនចាំបាច់ចំណាកស្រុកនោះទេ ហើយនៅពេលខាងមុខនេះ មានរោងចក្រដែលទើបតែបង្កើតថ្មី ត្រូវការកម្មកររាប់ម៉ឺននាក់បន្ថែមទៀតផងដែរ។

លោក លឹម សៀងហេង ក៏បានឧបត្ថម្ភ ក្រម៉ា និងថវិកាមួយចំនួនដល់ក្រុមប្រឹក្សាសង្កាត់ និងសមាជិកគណបក្សដែលទើបបញ្ចូលថ្មីផងដែរ៕