(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ សម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយបំផុត ចំពោះមរណភាព សន្តិបណ្ឌិត ឌុល គឿន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចាត់ទុកមរណភាពរបស់សន្តិបណ្ឌិត ឌុល គឿន គឺជាការបាត់បង់នូវឥស្សរជនមួយរូប ដែលក្នុងមួយជីវិតបានធ្វើពលីកម្មគ្រប់បែបយ៉ាង ទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញាក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

សម្រាប់លោកទេសរដ្ឋមន្ត្រី មរណភាពរបស់សន្តិបណ្ឌិត ឌុល គឿន មិនត្រឹមតែជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រៀលជ្រៅពំុអាចរកអ្វីប្រៀបផ្ទឹមបានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ដោយសេចក្តីអាឡោះអាល័យជាទីបំផុតនូវឥស្សរជនមួយរូប ដែលបានបម្រើយ៉ាងស្មោះស្ម័គ្រ និងបានរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសបានរួមចំណែកយ៉ាងសកម្មជាមួយនឹងស្ថាប័ន នីតិប្បញ្ញត្តិក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គំរូវីរភាពរបស់សន្តិបណ្ឌិត ឌុល គឿន ត្រូវបានចងចាំ និងបានដក់ជាប់ក្នុងក្រអៅបេះដូងរបស់មន្ត្រីរាជការ ក៏ដូចជាប្រជាជនកម្ពុជាគ្រប់រូប មិនអាចបំភ្លេចបានឡើយ។

លោកទេសរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ សូមបួងឱ្យដួងវិញ្ញាណក្ខន្ធរបស់ សន្តិបណ្ឌិត ឌុល គឿន បានទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។

សូមបញ្ជាក់ថា លោកសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលកណ្តាល នីតិកាលទី៦ នៃរដ្ឋសភា បានទទួលមរណភាព នៅវេលាម៉ោង ៦៖១២នាទីល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។

សពរបស់លោក ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ៕