(បាត់ដំបង)៖ លោក អង្គ វង្ស វឌ្ឍានា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកមោងឫស្សី និង លោក កើត រិទ្ធ អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកមោងឫស្សី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក និងសមាជិកាថ្មីនៃគណបក្សប្រជាជនកម្ពុជាស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រមាណជិត ១០០០ នាក់។

ពិធីដែលបានធ្វើឡើង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ ក៏មានចូលរួមពីសំណាក់ អនុប្រធាន និងសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកមោងឫស្សី, ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយតាមបណ្តាឃុំក្នុងស្រុកមោងឫស្សី ព្រមទាំងប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកមោងឫស្សី និងបណ្តាឃុំនានានៃស្រុកមោងឫស្សី។

ក្នុងពិធីនេះ ក្នុងនាម លោក អង្គ វង្ស វឌ្ឍានា, លោក កើត រិទ្ធ អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកមោងឫស្សី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយតាមបណ្តាឃុំក្នុងស្រុកមោងឫស្សី ក៏ដូចជា ថ្នាក់ដឹកនាំ នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកមោងឫស្សី និងឃុំទាំង ៩ នៃស្រុកមោងឫស្សី ដែលតែងតែយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកចំនួនសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឱ្យមានការកើនឡើងជាបន្តបន្ទាប់។ ទន្ទឹមនេះ លោក កើត រិទ្ធ បានគូសបញ្ជាក់ថា ការសម្រេចចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា គឺជាសក្ខីភាពបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីជំនឿជាក់របស់ប្រជាពលរដ្ឋខ្មែរ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។

លោកបានបន្តថា ការសម្រេចចិត្តចូលជាសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ដោយហេតុផលសំខាន់ៗមួយចំនួន រួមមាន៖

ទី១៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានខិតខំពុះពារគ្រប់ឧបសគ្គ និងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញទូទាំងប្រទេស ហើយការសម្រេចចិត្ដដ៏ត្រឹមត្រូវក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែធ្វើឱ្យកម្ពុជាអាចរក្សាបាននូវសុខសន្តិភាព ទាំងសម្រាប់ពេលបច្ចុប្បន្ន និងសម្រាប់ពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងធ្វើឱ្យកម្ពុជាចៀសផុតពីការបែកបាក់ជាតិ បែកបាក់ទឹកដី និងពីភ្នក់ភ្លើងសង្គ្រាមផងដែរ

ទី២៖ គណបក្សប្រជាជនកម្ពុជាតែងតែនៅជាមួយនឹងប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេស ថ្មីៗនេះក្នុងពេលដែលប្រទេសកម្ពុជារងការរាតត្បាតពីជំងឺកូវីដ-១៩ និយាយដោយឡែក និងទូទាំងសកលលោក និយាយជារួម, រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនម្ពុជា បានខិតខំគិតគូរ រកដំណោះស្រាយ ក៏ដូចជាបានដាក់ចេញនូវវិធានការឆ្លើយតបដ៏មានប្រសិទ្ធភាពនានា ជាពិសេស ការខិតខំស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលនាំឱ្យស្ថានភាពសង្គមនិងសេដ្ឋកិច្ចកម្ពុជាប្រែក្លាយមកជាប្រក្រតីភាពឡើងវិញ

ទី៣៖ គណបក្សប្រជាជនកម្ពុជាបានខិតខំកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ដើម្បីជួយអោយប្រជាជនមានលទ្ធភាពកសាងជីវភាពរស់នៅ កាន់តែល្អប្រសើរ និង សម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះ ជាបេសកកម្មចម្បងរបស់គណបក្សប្រជាជនកម្ពុជា ព្រោះ គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន កើតឡើងដោយសារប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបុព្វហេតុ និងផលប្រយោជន៍របស់ប្រជាជន។

ក្នុងឱកាសនេះផងដែរ លោក កើត រិទ្ធ ក៏បានធ្វើការផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ នូវចំណុចសំខាន់ៗមួយចំនួន ដូចជា៖

ទី១៖ សូមបន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា
ទី២៖ ត្រូវចូលរួមធ្វើការផ្សព្វផ្សាយឱ្យបានផុសផុលដល់សមាជិកគ្រួសារក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតអំពីស្មារតីសន្តិភាពនិយម និងអភិវឌ្ឍន៍និយមរបស់គណបក្សប្រជាជនកម្ពុជា
ទី៣៖ ត្រូវផ្ទៀងផ្ទាត់ និងរៀបចំឯកសារសម្រាប់ការបោះឆ្នោតនាពេលខាងមុខឱ្យបានត្រឹមត្រូវ និង
ទី៤៖ ត្រូវមានភាពស្មោះស្ម័គ្រចំពោះគណបក្សប្រជាជនកម្ពុជា ដែលមានគុណបំណាច់ដ៏ធំធេងក្នុងការសង្គ្រោះប្រជាជាតិកម្ពុជាឱ្យរួចផុតពីភ្នក់ភ្លើងសង្រ្គាម ហើយបានធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញដូចពេលបច្ចុប្បន្ន៕