(ព្រៃវែង)៖ លោក ស្តើង សុខុម សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារ បានគូសរំលេចថា គុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ជាតិ និងប្រជាជនកម្ពុជា គ្មានអ្វីប្រៀបផ្ទឹមបាននោះទេ។ ជាពិសេសក្នុងរយៈពេលជាង ៤០ឆ្នាំ ក្រោយវាយផ្តួលរំលំរបបប្រល័យពូជសាសន៍រំដោះមកវិញនូវជោគវាសនាជាតិ និងប្រជាជនកម្ពុជា។

លោក ស្តើង សុខុម បានគូសរំលេចដូច្នេះក្នុងពេលជួបសំណេះសំណាលជាមួយសមាជិក សមាជិកា និងសកម្មជនបក្សប្រជាជនកម្ពុជាក្នុងស្រុកកំចាយមារ។ ក្នុងនាមជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកកំចាយមារ លោក ស្តើង សុខុម តែងតែឆ្លៀតចុះរួមចំណែកក្នុងកិច្ចការអភិវឌ្ឍន៍ស្រុកកំចាយមារ និងពង្រឹងសកម្មភាពបក្សនៅក្នុងស្រុកនេះ។

នៅចុងសប្តាហ៍កន្លងទៅនេះ លោក ស្តើង សុខុម ព្រមទាំងក្រុមការងារស្រុក និងក្រុមការងារឃុំ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង បានចំណាយពេលពីរថ្ងៃ ជួបសំណេះសំណាលជាមួយសកម្មជនគណបក្សចំនួន ១,៥៩៩នាក់ ដើម្បីពង្រឹងយន្តការចាត់តាំងដឹកនាំគណបក្សមូលដ្ឋា។ ក្នុងនោះនៅព្រឹកថ្ងៃទី១៤ ខែឧសភា លោកបានជួបសកម្មជននៅក្នុងឃុំស៊ាងឃ្វាងចំនួន ៤៧៨នាក់ ហើយនៅព្រឹកថ្ងៃទី១៥ ខែឧសភា លោកប្រធានក្រុមការងារបានជួបសកម្មជនបក្សចំនួន ៧៩១នាក់ នៅឃុំក្រញូង។ នៅព្រឹកថ្ងៃដដែលនោះ លោកបានជួបជាមួយសកម្មជនជាសមាជិកភូមិ ជាយុវជនភូមិចំនួន ៣៣០នាក់ នៅគណបក្សស្រុកកំជាយមារផងដែរ។

លោក ស្តើង សុខុម បាន ថ្លែង អំណរគុណ និង កោតសរសើរចំពោះសកម្មជនគណបក្សរបស់គណៈកម្មាធិការគណបក្សស្រុកកំចាយមារដែលបានខិតខំយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។

លោកបានចាត់ទុកសកម្មភាពទាំងនេះអាចវាយតម្លៃបានថា សមាជិកសមាជិកា និងកម្មជនទាំងអស់មានភក្តីភាព ចំពោះគណបក្សប្រជាជនកម្ពុជា ដោយបានចូលរួម ចំណែក អស់ពីកម្លាំងកាយ ចិត្ត បំពេញការងារ ទៅតាម ការណែនាំ របស់ គណបក្ស ថ្នាក់លើនិង ចូលរួម គ្រប់ សកម្មភាព នានា របស់ គណបក្សជាក់ស្ដែង នៅក្នុងដំណាក់កាលឈានដល់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ - សង្កាត់ខាងមុខនេះ ដែលគ្រប់សកម្មជនទាំងអស់សុទ្ធតែមានភារកិច្ចទទួលខុសត្រូវខិតខំប្រឹងប្រែងក្នុងការចុះជួបប្រជាពលរដ្ឋនៅតាមភូមិដែលខ្លួនទទួលខុសត្រូវយ៉ាងសកម្ម ។

នៅក្នុងជំនួបដ៏មានសារៈសំខាន់នេះលោក ស្តើង សុខុម បានលើកឡើងដែរថា គុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជាគ្មានអ្វីប្រៀបផ្ទឹមបាននោះទេ តាំងពីដើមរៀងមកគឺអំពើល្អចំពោះប្រជាជនពិសេសក្នុងគ្រប់កាលៈទេសៈលំបាកនិងគ្រោះមហន្តរាយតែងមានមេដឹកនាំគណបក្សប្រជាជននៅជាមួយប្រជាជន។ លោកបន្តថា ច្បាស់ណាស់សកម្មភាពការងារជាអំពើល្អចំពោះប្រជាជនគឺជាប្រៀបនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យគណបក្សប្រជាជន កម្ពុជាឈ្នះឆ្នោតដឹកនាំប្រទេសជាងរៀងរហូតមកក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ។

លោក ស្តើង សុខុម ក៏បានលើកមកបង្ហាញសកម្មជនរបស់គណបក្សអំពីគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងនោះលោកបានលើកឡើងពីភាពជាក់ស្តែងថ្មីៗនេះ ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាម្រមុខ ពិតជាមានសិល្បៈនៃការដឹកនាំដ៏ត្រឹមត្រូវ និងការដាក់ចេញនូវយុទ្ធសាស្ត្រនិងនយោបាយវ៉ាក់សាំងប្រកបដោយភាពប្រាកដនិយមនិងប្រសិទ្ធភា ពខ្ពស់ដែលបាននាំមកនូវជោគជ័យយ៉ាងធំធេងនិងជាទីមោទនៈក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរចេញពីការយាយីនៃសត្រូវឥតស្រមោលដ៍កាចសាហាវកូវីដ-១៩ ។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះ គឺខណៈដែលប្រជាពលរដ្ឋក្នុងប្រទេសជាច្រើនរកវ៉ាក់សាំងដូសមូលដ្ឋានចាក់មិនទាន់បានផងនោះ ប្រជាពលរដ្ឋខ្មែរជាច្រើនបានទទួលដូសជំរុញទី៣ និងទី៤ រួចស្រេចទៅហើយ។

លោកប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកំចាយមារបានបន្តថា «ក្នុងកំឡុងពេលវិបត្តិកូវីដ១៩ នេះទៀតសោតរាជរដ្ឋាភិបាលដឹកនាំដោយសម្តេច តេជោ ហ៊ុន សែន ក៏បានបញ្ចេញកញ្ចប់ថវិការាប់លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលទទួលរងផលប៉ះពាល់និងមុខសញ្ញាជនងាយរងគ្រោះ។ ដូច្នេះការកាពារអាយុជីវិតប្រជាពលរដ្ឋចេញពីសេចក្តីស្លាប់ដោយសារកូវីដ១៩ និងការបញ្ចៀសផលវិបាកធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច គឺជាគុណសម្បត្តិដ៏ថ្លៃថ្លាបំផុតថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីគុណសម្បត្តិជាប្រវត្តិសាសស្រ្តជាច្រើនដូចជាការសង្គ្រោះជីវិត ប្រជាពលរដ្ឋខ្មែរចេញពីសេចក្តីស្លាប់ដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី ៧ មករា ១៩៧៩ និង បានកសាងប្រទេសចេញពីគំនរផេះផង់ឲ្យ សម្បូរសប្បាយចម្រុងចម្រើន មានភាពស្មើមុខស្មើមាត់ជាមួយប្រទេសនៅក្នុងតំបន់ និង ពិភពលោកមិនដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រដូចសព្វថ្ងៃ។ គុណសម្បត្តិដ៏ធំធេងជាប្រវត្តិសាស្រ្តមួយទៀតគឺការទទួលបានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះ-ឈ្នះដែលផ្តួចផ្តើមគំនឹតនិងដឹកនាំការអនុវត្ត ផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន ពីព្រោះសន្តិភាពនេះហើយដែលជាការធានាអាយុជីវិតប្រជាពលរដ្ឋខ្មែរឲ្យមានក្តីសុខសាន្ត មានឱកាសកសាងជីវភាពគ្រួសារ និងស្ថារសង្គមជាតិឡើងវិញ»

លោក ស្តើង សុខុម បានសង្កត់ធ្ងន់ថា «ការដោះស្រាយវិបត្តិសកលដ៏ស្មុគស្មាញ និងធំធេងដោយជោគជ័យបាននាំមកនូវភាពសុំាក្នុងសហគមន៍ដែលនាំឱ្យកម្ពុជា អាចបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញជាពិសេសវិធានការមិនតម្រូវអោយពាក់ម៉ាស់នៅតាមទីសាធារណៈគឺជាតម្លៃដែលប្រជាពលរដ្ឋខ្មែរ មើលឃើញយ៉ាងច្បាស់នូវគុណសម្បត្តិគ្មានគូប្រៀបរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា»

លោកបន្តថា រាជរដ្ឋាភិបាលបាន និងកំពុងខិតខំក្នុងការជំរុញការស្តារសកម្មភាពសេដ្ឋកិច្ចជាតិ និងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញដើម្បបង្កើនភាពសាំក្នុង សហគមន៍ដែល អាចធ្វើឲ្យប្រជាពលរដ្ឋ រស់នៅប្រកបដោយសុខសុវត្ថិភាពប្រកបរបរចិញ្ចឹមជីវិតតាមគន្លងប្រក្រតីភាពថ្មី រោងចក្រសហគ្រាសគ្រឹះស្ថានអាចដំណើរការបាន ប្រកបដោយនិរន្តរភាពធានាបាននូវច្រវាក់ផលិតកម្មផ្ដល់មុខរបរនិងការងារប្រាក់ចំណូលជូនបងប្អូនកម្មករនិយោជិតដែលសង្ឃឹមថា សកម្មភាព សេដ្ឋកិច្ច គ្រប់ វិស័យរួម ទាំង វិស័យ ទេសចរណ៍នឹងដំណើរការឡើងវិញពេញលេញរួមចំណែកធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ ។

លោក ស្តើង សុខុម បានបន្តថា គណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសរយៈពេលជាង ៤០ឆ្នាំមកនេះ បាននាំមកឲ្យប្រទេសជាតិនូវ សុខសន្តិភាព, ស្ថេរភាពនយោបាយ ការអភិវឌ្ឍប្រទេស និងកំណើនសេដ្ឋកិច្ច, ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង សេរីភាពក្នុងការប្រកបរបររកទទួលទាន, សេរីភាពក្នុងការសិក្សារៀនសូត្រ, សេរីភាពខាងជំនឿសាសនា,ការធ្វើដំណើរទៅមកដោយសេរីដោយគ្មានការភ័យខ្លាច។

លោក ស្តើង សុខុម ក៏បានគូសបញ្ជាក់ទៀតថា «ប្រវត្តិសាស្រ្តបានបញ្ជាក់យ៉ាងច្បាស់ការដឹកនាំត្រឹមត្រូវគឺធ្វើឲ្យប្រទេសជាតិមានសុខសន្តិ ភាពមានស្ថេរភាព នយោបាយមានការអភិវឌ្ឍ មានការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរដូចសព្វថ្ងៃនេះ។ ការដឹកនាំមិនត្រឹមត្រូវធ្វើឲ្យប្រទេសជាតិជួបអសន្តិសុខ មានសង្គ្រាម ធ្វើឲ្យប្រទេសជួបអស្ថេរភាពនយោបាយ,ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាក ធ្លាក់ខ្លួនក្រគ្មានហេដ្ឋារចនាសម្ព័ន្ធគ្មានផ្លូវគ្មានសាលារៀនគ្មានមន្ទីរពេទ្យ ដូចជាក្នុងរបបសាធារណរដ្ឋនិងរបបប្រល័យពូជសាសន៍ជាតឹកតាងយ៉ាងច្បាស់។ ហើយតឹកតាងនេះ វាក៏ជាមេរៀនសម្រាប់ ប្រជាពលរដ្ឋយើងធ្វើការសម្រេចចិត្តក្នុងការបោះឆ្នោតនាពេលខាងមុខផងដែរ»

លោក ស្តើង សុខុម បានលើកឡើងថា បើមើលពីប្រវត្តិសាស្រ្តរបស់កម្ពុជាគឺមិនមានរបបណាមួយអាចប្រៀបផ្ទឹមជាមួយ នឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានោះទេ។ ចេញពីរបប ប៉ុល ពត ដំបូងបំផុតធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានរស់រានមានជីវិតសិន បន្ទាប់មករស់ហើយត្រូវឲ្យបងប្អូនមានអាហារហូបគ្រប់គ្រាន់ បន្ទាប់មកត្រូវឲ្យបងប្អូនមានអាហារល្អសម្រាប់ហូបដើម្បីសុខភាពនិងអាហារូបត្ថម្ភ,មានការស្លៀកពាក់សមរម្យ មានមធ្យោយបាយធ្វើដំណើរ ពីកងមកមូតូរហូតមានលទ្ធភាពទិញរថយន្តទំនើប។ ចំណុចទាំងនេះហើយដែលឆ្លុំបញ្ចាំងឲ្យឃើញថាគណបក្សប្រជា ជនបង្កើតឡើងដោយប្រជាជន ដើម្បីប្រជាជន អ្វីៗទាំងអស់ដើម្បីការរីកចម្រើន ដើម្បីសេច្តីសុខរបស់ប្រជាជន,ដើម្បីសម្រេចបំណងប្រាថ្នារបស់ប្រជាជន។ ហេតុដូចនេះហើយបានជាគណបក្សប្រជាជនកម្ពុជាបានឈរយ៉ាងរឹងមាំក្នុងរយៈជាង ៤០ឆ្នាំមកនេះ និងនៅតែបន្តស្ថិតស្ថេរនិងទទួលបានការគាំទ្រជា បន្តបន្ទាប់ហើយនឹងឈរនៅរឹងមាំរាប់រយឆ្នាំទៅមុខទៀត។

លោកប្រធានក្រុមការងារបានបន្តថា អតីតកាលក៏ដូចជាបច្ចុប្បន្នកាលបានបង្ហាញឲ្យឃើញថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានតួនាទីសំខាន់ក្នុងការធានាសន្តិភាព សន្តិសុខ របៀបរៀបរយសង្គមធានាឲ្យប្រទេសមានការអភិវឌ្ឍរីកចំរើននិងជីវភាពប្រជាពលរដ្ឋមានភាពប្រសើរឡើង។

ជាមួយនេះលោកប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារ ក៏បានណែនាំឲ្យសកម្មជនគណបក្សទាំងអស់ត្រូវចាប់ផ្តើមផ្សព្ធផ្សាយជូនសមាជិក សមា ជិកា និង ប្រជាពលរដ្ឋនៅមូលដ្ឋានពីភាពខ្លាំងនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ថ្នាក់ដឹកនាំគណបក្ស និងផ្សព្ធផ្សាយពីសមិទ្ធផលសំខាន់ៗដែលគណបក្សសម្រេចបានជូនជាតិនិងមាតុភូមិ ដើម្បីពង្រឹងជំនឿ និងការគាំទ្ររបស់ប្រជាជនចំពោះគណបក្ស និងមិនជឿលើការឃោសនា អកុសល គ្រប់ បែបយ៉ាងរបស់ក្រុមប្រឆាំង។

លោកក៏បានណែនាំឱ្យខិតខំផ្សព្ធផ្សាយពីគោលនយោបាយរបស់គណបក្សពីការអភិវឌ្ឍនៅមូលដ្ឋានឃុំនីមួយៗ ហើយត្រូវចុះទៅដល់ផ្ទះប្រជាពលរដ្ឋដោយនាំយកលេខករិយាល័យបោះឆ្នោត លេខរៀងនិងទីតាំងបោះឆ្នោតទៅជូនប្រជាពលរដ្ឋ ហើយបង្រៀនឱ្យចេះគូសសន្លឹកឆ្នោតគូសឲ្យចំ។

នៅក្នុងឱកាសជួមសកម្មជនគណបក្សទាំងជាង ១,៥៩៩នាក់នោះ លោកប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារបានឧបត្ថម្ភថវិកាចំនួន ២០លានរៀលអាវគណបក្សចំនួន ១,២៧៨, មូកគណបក្សចំនួន ១,២៧៨ ជូនដល់សកម្មជនបក្សដើម្បីលើកទឹកចិត្តសកម្មជនបន្តធ្វើសកម្មភាពដើម្បីដណ្តើម ជ័យជំនៈជូនគណបក្សប្រជាជនកម្ពុជា៕