(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលទិន្នន័យ (Data Center)។ ពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាច្រើនរូប។

បន្ទាប់ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានបង្កើតកាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅ បេសកកម្មចម្បងរបស់ក្រសួង គឺយកចិត្តទុកដាក់ និងផ្តោតជាអាទិភាពទៅលើផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រៅអំពី ការកែទម្រង់ រចនាសម្ព័ន្ធ និងភារកិច្ចសំខាន់មួយចំនួននៃអតីតក្រសួងឧស្សាហកម្ម និង សិប្បកម្ម។ ទន្ទឹមនឹងនេះ ក្រសួងក៏មាន ភារកិច្ចចាំបាច់ជាច្រើនក្នុងការងារអនុវត្តកិច្ចការជំនាញ លើផ្នែកផ្សេងៗទៀតដែលភ្ជាប់ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យស៊ីចង្វាក់គ្នា ប្រកបដោយសង្គតិភាពជា មួយនឹងភារកិច្ចថ្មី របស់ក្រសួងក្នុងបេសកកម្មឧស្សាហកម្ម-វិទ្យាសាស្រ្ត-បច្ចេកវិទ្យា-នវានុវត្តន៍។

ដើម្បីឆ្លើយតបឱ្យបានល្អនូវបេសកកម្មដ៏មានសារៈសំខាន់ទាំងនេះ និងក្នុងគោលបំណងប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ ក្នុងការរក្សាទុកទិន្នន័យជាតិ ដែលជាទិន្នន័យសម្ងាត់មិនអាចចែករំលែកជាមួយប្រទេសផ្សេងបាន នៅក្នុងមជ្ឈមណ្ឌលទិន្នន័យក្នុងស្រុកប្រកបដោយសុវត្ថិភាព ដោយមិនមានប្រើសេវារក្សាទុកទិន្នន័យនៅក្រៅប្រទេសនោះ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានណែនាំដល់អគ្គនាយកដ្ឋានកិច្ចការទូទៅ ធ្វើការសិក្សានិងរៀបចំគម្រោងដើម្បីបង្កើតមជ្ឈមណ្ឌល ទិន្នន័យ (Data Center) ប្រកបដោយភាពគត់មត់មួយសម្រាប់រក្សា និងគ្រប់គ្រងនូវទិន្នន័យ ព័ត៌មាន ទាំងឡាយរបស់ក្រសួង សម្រាប់រយៈពេលខ្លី និងរយៈពេលវែង។

បន្ទាប់មកគម្រោងមជ្ឈមណ្ឌលទិន្នន័យ (Data Center) នេះ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល តាមរយៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យប្រើប្រាស់កញ្ចប់ថវិកាឆ្នាំ២០២១ នូវទឹកប្រាក់ចំនួន ៤ ០៦៥ ០០០ ០០០ រៀល ក្នុងជំពូក២១ នៃកញ្ចប់ថវិកាគម្រោងវិនិយោគផ្ទាល់ ដោយត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវទៅតាមនីតិវិធីលទ្ធកម្មសាធារណៈ ដោយក្រុមហ៊ុន អ៊ិនតេជ ដេវ (Intech Dev Co., Ltd) ជាក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការផ្គត់ផ្គង់ និងកសាងមជ្ឈមណ្ឌលទិន្នន័យ (Data Center) នេះ។

សូមបញ្ជាក់ផងដែរថា ការកសាងមជ្ឈមណ្ឌលទិន្នន័យ (Data Center) នេះ គឺមានការសិក្សាទូលំទូលាយ ទាំងផ្នែកបច្ចេកទេស និងផ្នែក Logistic ពីអគ្គនាយកដ្ឋានកិច្ចការទូទៅ និងអគ្គនាយកដ្ឋានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមការចូលរួមសម្របសម្រួល និងផ្តល់ប្រឹក្សាដោយក្រុមហ៊ុន អ៊ិនតេជ ដេវ (Intech Dev Co., Ltd)។

សមត្ថភាពរបស់មជ្ឈមណ្ឌលទិន្នន័យ នាពេលបច្ចុប្បន្ន អាចធានា និងឆ្លើយតបនឹងតម្រូវការរបស់ក្រសួងបានយ៉ាងហោចណាស់ ៣ឆ្នាំទៅមុខទៀត។ មជ្ឈមណ្ឌលទិន្នន័យ (Data Center) របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវបានរៀបចំជា ពីរផ្នែក៖

ទី១៖ បរិក្ខារគាំទ្រមជ្ឈមណ្ឌលទិន្នន័យ (Data Center Facilities)៖

ផ្នែកនេះ ត្រូវបានរចនា និងរៀបចំឡើងដើម្បីធានាឱ្យបាននូវដំណើរការប្រកបដោយប្រសិទ្ធភាព សុពលភាព និងសុវត្ថិភាពរបស់ឧបករណ៍។ ក្នុងបន្ទប់មជ្ឈមណ្ឌលទិន្នន័យត្រូវបានបំពាក់ប្រព័ន្ធម៉ាស៊ីនត្រជាក់បែបពិសេស ដើម្បីរក្សាឧបករណ៍ក្នុងសីតុណ្ហភាពសមស្រប និងមិនមានសំណើម ដែលអាចមានផលប៉ះពាល់ដល់ឧបករណ៍ទាំងឡាយដែលដាក់ឱ្យដំណើរការដូចជាឧបករណ៍បណ្តាញ (Networking Device s) និងម៉ាស៊ីនមេ (Server and Storage) ជាដើម។ មជ្ឈមណ្ឌលទិន្នន័យថ្មីនេះមានបំពាក់ UTP, និងថាមពលភ្លើងមកពីប្រភពដាច់ដោយឡែកពីគ្នា ដែលធានាថាមជ្ឈមណ្ឌលទិន្នន័យ និងសេវាឌីជីថលនានា របស់ក្រសួងនៅតែអាចដំណើរការបានទោះបីមានការរអាក់រអួលរបស់ប្រព័ន្ធភ្លើងពីប្រភពណាមួយ។ លើសពីនេះទៅទៀត បរិក្ខារគាំទ្រមជ្ឈមណ្ឌលទិន្នន័យ ដែលបំពាក់នៅទីនេះ ត្រូវបានភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងបរិស្ថាន (Environment Monitoring) - ដែលនឹងធ្វើការជាមួយឧបករណ៍ចាប់សញ្ញាជាច្រើនប្រភេទដូចជា សញ្ញាសីតុណ្ហភាព ម៉ាស៊ីនត្រជាក់បន្ទប់កុំព្យូទ័រ (CRAC) ប្រព័ន្ធកំដៅ ខ្យល់ ប្រព័ន្ធការពារអគ្គីភ័យ និងម៉ាស៊ីនត្រជាក់ (HVAC) និងប្រព័ន្ធផ្សេងៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលទិន្នន័យមួយនេះ ត្រូវបានបំពាក់នូវប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជាប្រព័ន្ធទ្វា និងកាមេរ៉ាសុវត្ថិភាព ដែលថតទុករាល់ សកម្មភាពដែលកើតឡើងក្នុងបន្ទប់មជ្ឈមណ្ឌលទិន្នន័យ ក៏ដូចជាការពារមិនឱ្យបុគ្គលដែលគ្មានការអនុញ្ញាតចេញចូលដោយសេរីផងដែរ។

ទី២៖ ផ្នែកឧបករណ៍ព័ត៌មានវិទ្យា (Information Technology Equipments)៖
ផ្នែកទី២នេះ មានឧបករណ៍បច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈបច្ចេកវិទ្យាចុងក្រោយ និងកម្មវិធី សម្រាប់ត្រួតពិនិត្យប្រតិបត្តិការរបស់ឧបករណ៍ទាំងនោះ និងការរក្សាទុកទិន្នន័យ ត្រូវបានបំពាក់ក្នុងមជ្ឈមណ្ឌល ទិន្នន័យ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការផ្តល់សេវាឌីជីថលជូនសាធារណជន។ ឧបករណ៍ទាំងអស់នោះរួមមានម៉ាស៊ីនផ្ទុកទិន្នន័យ ម៉ាស៊ីនមេ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ និងប្រព័ន្ធសុវត្ថិភាពបណ្តាញ ដូចជា Firewall ជាដើម។ ម៉ាស៊ីនមេដែលត្រូវបានដាក់ឱ្យដំណើរការក្នុងមជ្ឈមណ្ឌលទិន្នន័យនេះ មាន CPU ចំនួន ៣៨៤ Core RAM រហូតដល់ ២ TB និងអង្គផ្ទុកទិន្នន័យ (Storage) បានរហូតដល់ ១៦៥ TB ដែលអាចផ្ទុកម៉ាស៊ីននិម្មិត (Virtual Machine) ជាមធ្យម ចន្លោះពី ១០០ ទៅ ១៥០។ ហើយជាមួយនឹងភាពអាចពង្រីកសមត្ថភាព (Scalability) បានទៀតនោះ គឺអាចនិយាយបានថា មជ្ឈមណ្ឌលទិន្នន័យនឹងឆ្លើយតបបានយ៉ាងប្រសើរជាមួយការដាក់ឱ្យដំណើរការសេវាឌីជីថលនានារបស់ក្រសួងនាពេលបច្ចុប្បន្ន និងអនាគត។ លើសពីនេះទៅទៀតនោះ ការបំពាក់នូវ Firewall ជំនាន់ក្រោយ ដែលជួយធានាលើការពង្រឹងសុវត្ថិភាពព័ត៌មាន នឹងការវាយប្រហារនានាមកលើប្រព័ន្ធ តាមអ៊ីនធឺណិត។ គ្រឿងបរិក្ខារ IT ត្រូវបានដំឡើងស្របតាមស្តង់ដារ High Availability ដែលមានន័យថា នៅពេល ដែលឧបករណ៍ណាមួយ ត្រូវបានខូច រឺមិនដំណើរការដោយសារតែបញ្ហាបច្ចេកទេសណាមួយ វាមិនធ្វើឱ្យមានផលប៉ះពាល់ដល់ប្រតិបត្តិការ និងការផ្តល់សេវាកម្មអនឡាញរបស់ក្រសួងទេ។

ទី៣៖ បច្ចុប្បន្នភាពនៃមជ្ឈមណ្ឌលទិន្នន័យ

ក៖ សមត្ថភាពនៃការផ្ទុកទិន្នន័យរបស់មជ្ឈមណ្ឌលទិន្នន័យ មានទំហំដូចខាងក្រោម៖
• ទំហំផ្ទុកទិន្នន័យ 100TB (Terabyte)
• ល្បឿនអ៊ីនធឺណិត 80MB/s (Megabyte per second)

ខ៖ មន្រ្តីបច្ចេកទេសផ្នែកបច្ចេកវិទ្យាព័ត៌មាន ដែលធ្វើការជាមួយនិងមជ្ឈមណ្ឌលទិន្នន័យ របស់ ក្រសួងមានចំនួនសរុប៥នាក់ ទៅតាមផ្នែកនីមួយៗដូចជា៖
• មន្ត្រី១រូបផ្នែក គ្រប់គ្រងបណ្តាញណែតវើក
• មន្ត្រី១រូបផ្នែក គ្រប់គ្រងប្រព័ន្ធមជ្ឈមណ្ឌលទិន្នន័យ
• មន្ត្រី១រូបផ្នែក គ្រប់គ្រងឧបករណ៍ផ្សេងៗនៃមជ្ឈមណ្ឌលទិន្នន័យ
• មន្ត្រី១រូបផ្នែក សរសេរកូដវេបសាយ
• មន្ត្រី១រូបផ្នែក សរសេរកូដកម្មវិធី

គ៖ បច្ចុប្បន្ននេះ ក្រសួងបានរៀបចំរួចរាល់នូវ មជ្ឈមណ្ឌលទិន្នន័យ ក៏ដូចជាមន្រ្តី បច្ចេកទេស សម្រាប់ធ្វើការគ្រប់គ្រង ប្រើប្រាស់ និងថែទាំមជ្ឈមណ្ឌលទិន្នន័យ ដើម្បីបម្រើទៅដល់មុខងារផ្សេងៗ ដូចជាការអភិវឌ្ឍកម្មវិធី ការតម្លើងកម្មវិធីចូល ទៅក្នុងមជ្ឈមណ្ឌលទិន្នន័យ និងការដាក់ឱ្យប្រើប្រាស់នូវកម្មវិធីផ្សេងៗ ដែលបានអភិវឌ្ឍរួចរាល់ ទៅកាន់សាធារណជនសម្រាប់ប្រើប្រាស់។ នៅក្នុងនោះដែរ កម្មវិធីដែលមាននៅក្នុងមជ្ឈមណ្ឌលទិន្នន័យ និងត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការមានដូចជា៖
• វេបសាយរបស់ក្រសួង ឧ.វ.ប.ន
• ប្រព័ន្ធស្នើសុំប្រកាសបង្កើតសហគ្រាសធនតូច និងមធ្យម
• ប្រព័ន្ធរៀបចំប័ណ្ណសម្គាល់បុគ្គលិក
បន្ថែមពីនេះទៀត មន្រ្តីបច្ចេកទេសបាន និងកំពុងអភិវឌ្ឍ កម្មវិធីមួយចំនួន ទៀត ដែលមានដូចជា៖
• ប្រព័ន្ធសម្រាប់ធ្វើការស្ទង់មតិតាមប្រព័ន្ធអនឡាញ (Innovation Investment Index Survey Platform)
• ប្រព័ន្ធគ្រប់គ្រងទិន្នន័យសេវាផ្គត់ផ្គង់ទឹកស្អាត (WSMS)
• កម្មវិធីផ្តល់យោបល់និងអនុម័តឯកសារតាមប្រព័ន្ធអនឡាញ (Online Approval App)
• បណ្តាញឯកជននិម្មិត (Virtual Private Network - VPN)

ទី៤៖ ទិសដៅពង្រីកសមត្ថភាព និងវិសាលភាព នៃមជ្ឈមណ្ឌលទិន្នន័យ៖
មជ្ឈមណ្ឌលទិន្នន័យ (Data Center) របស់ក្រសួងគ្រោងនឹងធ្វើការពង្រីកសមត្ថភាព និងវិសាលភាព របស់ខ្លួនសម្រាប់ឆ្នាំបណ្តាខាងមុខទៅទៀតជាជំហានៗ ដោយប្រើប្រាស់កញ្ចប់ថវិការបស់ក្រសួង សម្រាប់ឆ្នាំ២០២៣ ២០២៥ និង២០២៧ ដើម្បីផ្ទុក និងរក្សាបានទិន្នន័យទូលំទូលាយ ទាំងផ្ទៃក្នុងក្រសួង និងខាងក្រៅ។

មជ្ឈមណ្ឌលទិន្នន័យ (Data Center) ដែលកំពុងបានដាក់សម្ពោធឱ្យប្រើប្រាស់នេះ មានកម្រិតស្តង់ដារខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួង ដែលជាគោលដៅ និងចក្ខុវិស័យយូរអង្វែងរបស់លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ៕